ក្រៅពីការពពោះនិងបង្កើតកូនស៊ីឈ្នួល គឺការលក់មេជីវិតបាននិងកំពុងក្លាយជាឧស្សាហកម្មប្រមូលលុយកាក់កបបំផុតនៅប្រទេសថៃ រហូតដល់មានការផ្សព្វផ្សាយតាមប្រព័ន្ធInternet និងគេហទំព័របណ្តាញព័ត៌មានសង្គមយ៉ាងគគ្រឹកគគ្រេង ខណៈនាពេលកន្លងមកគេត្រឹមតែងចាប់អារម្មណ៍តែទៅលើស្ត្រីដែលបានចុះកិច្ចព្រមព្រៀងពពោះបង្កើតកូនស៊ីឈ្នួល(ភាគច្រើនជាស្ត្រីមកពីតំបន់ជនបទមានជីវភាពក្រីក្រ) ដោយទទួលបានប្រាក់ប្រមាណ៥០ម៉ឺនបាតលុយថៃ ( ប្រមាណ១៥.០០០ដុល្លារអាមេរិក) សម្រាប់ការពពោះបង្កើតកូនម្តង ។ ប៉ុន្តែឥឡូវនេះ ការលក់មេជីវិតបានក្លាយជាមុខរបរដ៏កាក់កបនិងពេញនិយម ដ្បិតគេអាចជ្រើសរើសមេជីវិតរបស់មនុស្សដែលខ្លួនពេញចិត្តជាបវរកញ្ញា ឬបុរសសង្ហាណាម្នាក់សម្រាប់ដាក់បញ្ជូលក្នុងស្បូន បង្កកំណើតជាមួយស្ត្រីដែលពពោះស៊ីឈ្នួល ។
ទីផ្សារងងឹតលក់មេជីវិតបានទទួលការចាប់អារម្មណ៍និងពេញនិយមយ៉ាងខ្លាំងនៅប្រទេសថៃ ដោយត្រូវបានគេផ្សព្វផ្សាយតាម Internet ។ អតិថិជនភាគច្រើនជាជនជាតិបរទេស ដែលបានចាប់អារម្មណ៍ទៅលើមេជីវិតមនុស្សដែលមានសម្រស់ស្រស់ស្អាតដូចជា បវរកញ្ញាដើម្បីបានកូនមកឲ្យមានសម្រស់ស្រស់ស្អាត ខណៈអ្នកបង្ហាញម៉ូដបុរសនិងនិស្សិតបានក្លាយជាទីពេញនិយមសម្រាប់ការទិញមេជីវិតពីក្រុមគ្រួសារនៅបរទេស ។
មេជីវិតរបស់ស្ត្រីដែលមានសម្រស់ធម្មតាមានតម្លៃចាប់ពី២ម៉ឺនបាតទៅ៥ម៉ឺនបាតលុយថៃ (ប្រមាណពី៦០០ដុល្លារអាមេរិកទៅ១.៥០០ដុល្លារអាមេរិក) តារាភាពយន្តមានតម្លៃប្រមាណ ៨ម៉ឺនបាតលុយថៃ (ប្រមាណ២.៥០០ដុល្លារអាមេរិក) រីឯមេជីវិតរបស់បវរកញ្ញាវិញមានតម្លៃរហូតដល់១លានបាតលុយថៃ (ប្រមាណជាង៣ម៉ឺនដុល្លារអាមេរិក ) ។
កាលពីពេលកន្លងទៅថ្មីៗនេះ មានពាណិជ្ជករជប៉ុនម្នាក់ឈ្មោះ Mitsutoki Shigeta អាយុ២៤ឆ្នាំ បានជួលស្ត្រីថៃពពោះបង្កើតកូនឲ្យខ្លួនរហូតដល់ទៅចំនួន២១នាក់ ហើយកំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់នៅប្រទេសថៃ ខណៈកូនតូចៗចំនួន៩នាក់ ត្រូវបានបញ្ជូនចេញពីប្រទេសថៃរួចជាស្រេច ។
រាជរដ្ឋាភិបាលថៃបច្ចុប្បន្នកំពុងចាប់អារម្មណ៍និងធ្វើការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ទៅលើសកម្មភាពពពោះបង្កើតកូនស៊ីឈ្នួល ដោយមានវិធានការបោសសម្អាតជាទ្រង់ទ្រាយធំ ព្រមទាំងគ្រោងបង្កើតច្បាប់ថ្មី សម្រាប់ដាក់ទោសលើអ្នកពពោះក្នុងគោលដៅពាណិជ្ជកម្ម(ពពោះស៊ីឈ្នួល) នឹងត្រូវប្រឈមជាប់ពន្ធនាគារយ៉ាងតិចកំណត់១០ឆ្នាំ ៕