ការិយាល័យធារារ៉ាប់រងឧក្រិដ្ឋកម្មជាតិរបស់សហរដ្ឋអាមេរិក បានបញ្ចេញឲ្យដឹងថា រថយន្តម៉ាក Honda Accord និង Honda Civic បានជាប់ចំណាត់ថ្នាក់កំពូលក្នុងបញ្ជីរថយន្តដែលពួកចោរចូលចិត្តលួចច្រើនជាងគេ ចាប់តាំងពីឆ្នាំ២០១៣មក ពោលគឺ Honda Accord ត្រូវបានចោរលួចអស់ចំនួន៥៣.៩៩៥គ្រឿង និង Honda Civic ត្រូវបានចោរលួចអស់ចំនួន៤៥.០០១គ្រឿង ជាប់លំដាប់លេខ២នៅឆ្នាំ២០១៣ ខណៈរថយន្តម៉ាក Chevrolet ប្រភេទPick Up ចំនួន២៧.៨០៩គ្រឿង និងរថយន្តម៉ាក Ford ប្រភេទ Pick Up ចំនួន២៦.៤៩៤គ្រឿង ត្រូវបានចោរលួច ។ រីឯជាប់ចំណាត់ថ្នាក់ចុងក្រោយក្នុងបញ្ជីលំដាប់កំពូលទាំង៥ គឺរថយន្តម៉ាក TOYOTA Camry ដែលពួកចោរចូលចិត្តលួច ។
ភ្នាក់ងារ FBI របស់សហរដ្ឋអាមេរិក បានអះអាងថា មានការធ្លាក់ចុះប្រមាណ៣,២ភាគរយក្នុងអំពើចោរកម្ម កាលពីឆ្នាំ២០១៣កន្លងទៅ ដែលការបូកសរុបចុងក្រោយមានរថយន្តចំនួន៧០០.០០០គ្រឿង ត្រូវបានចោរលួច ដោយមិនរាប់បញ្ចូលតួលេខចាប់តាំងពីឆ្នាំ១៩៦៧មកនោះទេ ។
លោក Joe Wehrle នាយកប្រតិបត្តិនៃការិយាល័យធានរ៉ាប់រងឧក្រិដ្ឋកម្មជាតិសហរដ្ឋអាមេរិក បានបញ្ជាក់ឲ្យដឹងថា មានការខាតបង់ទឹកប្រាក់ចំនួន៤.០០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដោយសារអំពើចោរកម្មលួចរថយន្ត ។ ដូច្នេះ ការធ្លាក់ចុះនៃអំពើចោរកម្មគឺជាដំណឹងល្អសម្រាប់អតិថិជនប្រើប្រាស់រថយន្តទាំងអស់ ៕