ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

មន្ត្រី​នគរបាល​ជាតិ​ឋានៈ​នាយ​រង​ប៉ុស្តិ៍​ស្រវឹងស្រា​បើករថយន្ត​បុក​រះ​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​ស្លាប់​និង​យុវជន​ម្នាក់​រង​របួសធ្ងន់​

​កាលពី​វេលា​ម៉ោ​១៨​ល្ងាច​ នា​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​តូច​ចង្អៀត​មួយ​ ឋិត​ក្នុងភូមិ​ឫស្សី​ចារ​ ឃុំ​ថ្ម​គ្រែ​ ស្រុក​ចិត្រ​បុរី​ ខេត្តក្រចេះ​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​ បង្ក​ដោយ​មន្ត្រី​នគរបាល​ឋានៈ​ជា​នាយ​រង​ប៉ុស្តិ៍​រដ្ឋបាល​ក្រគរ​ ក្រុង​ក្រចេះ​ ខេត្តក្រចេះ​ ម្នាក់​បើកបរ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ Camry​ ឆ្លាម​ ពណ៌​ស្ករ​ គ្មាន​ពាក់​ស្លាក​លេខ​ ទាំង​អាកា​រៈ​ស្រវឹងស្រា​ជោកជាំ​ បុក​រះ​ទៅ​លើ​ទោចក្រយានយន្ត​មួយ​គ្រឿង​ និង​បន្ត​បុក​ទៅ​លើ​ស្ត្រី​២​នាក់​ទៀត​ដែល​កំពុង​ឈរ​ក្បែរ​ចិញ្ចើម​ផ្លូវ​នៅ​មុខ​ផ្ទះ​ បណ្តាល​ឲ្យ​ស្ត្រី​ចំនួន​២​នាក់​នោះ​បាន​ស្លាប់​បាត់បង់​ជីវិត​ជា​បន្តបន្ទាប់​ និង​យុវជន​អាយុ​២៣​ឆ្នាំ​ម្នាក់​ទៀត​ទទួល​រង​របួស​ធ្ងន់ធ្ងរ​ ខណៈ​ជន​បង្ក​ដែល​ជា​មន្ត្រី​នគរបាល​មាន​ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ទោ​ និង​មាន​តំណែង​ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រគរ​នោះ​ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផង​ដែរ​ ។​

​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ មានឈ្មោះ​ នាថ​ សុ​ភក្តិ​ អាយុ​៤៦​ឆ្នាំ​ មានកូន​៤​នាក់​រស់នៅ​ក្នុង​បន្ទុកគ្រួសារ​ និង​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ​ ស៊ា​ត​ សុខ​ អាយុ​៥៦​ឆ្នាំ​ បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ រីឯ​យុវជន​ម្នាក់​ឈ្មោះ​ សៀង​ ថៃ​ អាយុ​២៣​ឆ្នាំ​ ទទួល​រង​របួស​ធ្ងន់ធ្ងរ​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ​ភ្លាមៗ​ក្រោយ​ពេល​កើតហេតុ​ ។​ ដោយឡែក​ ជន​បង្ក​ដែល​ជា​មន្ត្រី​នគរបាល​ជាតិ​នោះ​មានឈ្មោះ​ ធី​ កុម្ភៈ​ អាយុ​៣០​ឆ្នាំ​ ឋានន្តរស័ក្តិ​ថ្នាក់​អនុសេនីយ៍ទោ​ មាន​តួនាទី​ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រគរ​ ក្រុង​ក្រចេះ​ ខេត្តក្រចេះ​ ។​

​សេចក្តីរាយការណ៍​ពី​កន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ បុរស​ជា​អ្នកបើកបរ​រថយន្ត​ដែល​គេ​ស្គាល់​ថា​ជា​មន្ត្រី​នគរបាល​ជាតិ​ឈ្មោះ​ ធី​ កុម្ភៈ​ នោះ​បាន​ចេញពី​កន្លែង​ផឹកស៊ី​មួយ​ ទាំង​អាកា​រៈ​ស្រវឹង​ជោកជាំ​ បើកបរ​រថយន្ត​ម៉ាក​ Camry​ ឆ្លាម​ ពណ៌​ស្ករ​ គ្មាន​ពាក់​ស្លាក​លេខ​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ ។​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ក៏​បាន​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ទោចក្រយានយន្ត​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ បណ្តាល​ឲ្យ​យុវជន​ម្នាក់​រង​របួសធ្ងន់​ ។​ ក្រោយ​ពេល​បុក​ទោចក្រយានយន្ត​មួយ​គ្រឿង​នោះ​រួច​ហើយ​ រថយន្ត​បង្ក​មិន​បាន​ឈប់​ភ្លាមៗ​ទេ​ គឺ​អ្នកបើកបរ​បាន​ព្យាយាម​បន្ថែម​ល្បឿន​ ក្នុង​គោលបំណង​បើក​រត់គេច​ តែ​ក៏​បាន​ជ្រុល​ទៅ​បុក​លើ​ស្ត្រី​ចំនួន​២​នាក់​ផ្សេង​ទៀត​ដែល​កំពុង​ឈរ​ក្បែរ​ចិញ្ចើម​ផ្លូវ​នៅ​មុខ​ផ្ទះ​ បណ្តាល​ឲ្យ​ប៉ើង​ផ្លោង​កៀប​ជាប់​នឹង​រថយន្ត​ផ្ទប់​នឹង​គល់​ស្ពាន​ និង​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ម្នាក់​ និង​ម្នាក់​ទៀត​បាន​ស្លាប់​ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះ​ ពីព្រោះ​របួស​ធ្ងន់ធ្ងរ​ពេក​ ។​

​នេះ​គឺជា​សំណុំរឿង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​អ្នកបើកបរ​ជា​មន្ត្រី​នគរបាល​ជាតិ​ មាន​តំណែង​ជា​នាយ​រង​ប៉ុស្តិ៍​ផង​ បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ផង​ បើកបរ​យានយន្ត​ដោយ​គ្មាន​ពាក់​ស្លាក​លេខ​សម្គាល់​ផង​ និង​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​២​នាក់​ ព្រមទាំង​រង​របួស​ធ្ងន់ធ្ងរ​ចំនួន​១​នាក់​ទៀត​ផង​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.