កាលពីថ្ងៃទី២៨-២៩ ខែកក្កដា ឆ្នាំ២០១៤កន្លងទៅ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ នាយរងសេនាធិការចម្រុះអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការនៃបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម និងជាសមាជិកក្រុមប្រឹក្សាកំណែទម្រង់កងយោធពលខេមរភូមិន្ទ ត្រូវជាកូនប្រុសច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដ៏មានអំណាច មានរួមដំណើរជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថហត្ថលើផ្ទៃប្រទេស និងប្រតិភូកងទ័ពនៃព្រះរាជាណាចក្រកម្ពុជាឯទៀតទៅធ្វើទស្សនកិច្ចការទូតនៅព្រះរាជាណាចក្រថៃ ក្រោយពេលប្រមុខយោធាថៃ និងជាមេបញ្ជាការកងទ័ពជើងគោកថៃ គឺឯកឧត្តមនាយសេនីយ៍ផ្កាយ៤ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) គាំទ្រដោយព្រះមហាក្សត្រថៃ ធ្វើរដ្ឋប្រហារយោធាទម្លាក់រាជរដ្ឋាភិបាលរបស់លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ។
នាអំឡុងពេលបំពេញទស្សនកិច្ចការទូតនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលតែងតែប្រើប្រាស់ឯកសណ្ឋានពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយ២) បំពានលើព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រលេខនស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣) ប្រមាថលើបុរសខ្លាំងជានាយករដ្ឋមន្ត្រី និងជាឪពុកខ្លួនឯងដែលបានធ្វើសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ និងប្រមាថលើឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបានធ្វើសេចក្តីស្នើជូននាយករដ្ឋមន្ត្រី ព្រមទាំងក្លែងបន្លំឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍យ៉ាងគឃ្លើនម្តងហើយម្តងទៀត បានប្រគល់-ទទួលវត្ថុអនុស្សាវីយ៍ដោយផ្ទាល់ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយ៤ ប្រាយុទ្ធ ចាន់អូចា ជាអគ្គមេបញ្ជាការកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកថៃ យ៉ាងហំហាន ។
នាយទាហានម្នាក់ដែលបម្រើការងារនៅក្រសួងការពារជាតិ បាននិយាយឲ្យដឹងថា លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសរបស់បុរសខ្លាំង ដែលបានប្រគល់-ទទួលវត្ថុអនុស្សាវរីយ៍ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយ៤ ប្រាយុទ្ធ ចាន់អូចា អគ្គមេបញ្ជាការកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកថៃ (បច្ចុប្បន្នបានក្លាយជានាយករដ្ឋមន្ត្រីទី២៩នៃព្រះរាជាណាចក្រថៃ)នោះ អាចធ្វើឡើងក្នុងក្របខ័ណ្ឌរវាងកងទ័ពជើងគោកកម្ពុជានិងកងទ័ពជើងគោកថៃ ។
មជ្ឈដ្ឋានអ្នកកាទូតនិងយោធា បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចការទូតរបស់ប្រតិភូកងទ័ពកម្ពុជានៅប្រទេសថៃ និងការប្រគល់-ទទួលវត្ថុអនុស្សាវរីយ៍រវាងកងទ័ពជើងគោកប្រទេសទាំង២ គួរតែលៃលកចំពោះវត្តមានរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ មាស សុភា នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០០១៦ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជាមួយឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយ៤ ប្រាយុទ្ធ ចាន់អូចា ជាអគ្គមេបញ្ជាការកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោកថៃ ទើបជាការសមរម្យ ប៉ុន្តែគេបែរជា"ឡង់សេ"ផ្កាយ៣ ហ៊ុន ម៉ាណែត ជាមេបញ្ជាការរងកងទ័ពជើងគោក កូនប្រុសរបស់បុរសខ្លាំងជំនួសផ្កាយ៤ មាស សុភា នៅចំពោះមុខមេទ័ពថៃផ្កាយ៤ ប្រាយុទ្ធ ចាន់អូចា ទៅវិញ ធ្វើឲ្យមជ្ឈដ្ឋននានារិះគន់ឡើងព្រោងព្រាត វៀរលែងតែស្រទាប់អ្នកដង្ហែមួយចំនួន ។
ឯកឧត្តម មាស សុភា នាយទាហានជាន់ខ្ពស់ អត្តលេខ០០០០១៦ ត្រូវបានតែងតាំងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយព្រះរាជក្រឹត្យលេខនស/រកត/០១៩៩/២២ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៩ និងត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ផ្កាយមាស៤ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៤/២៨៧ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៤ ។
ដោយឡែក លោកឧត្តមសេនីយ៍វ័យក្មេង ហ៊ុន ម៉ាណែត អាយុ៣៦ឆ្នាំ នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០៣៣៨៨៣ ដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យយោធាឯកជនមួយរបស់សហរដ្ឋអាមេរិកឈ្មោះ West Point នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៩ និងត្រូវជាកូនប្រុសច្បងរបស់បុរសខ្លាំង ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក(ផ្កាយ៣)ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១៣/៦៧១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ប៉ុន្តែលោកឧត្តមសេនីយ៍វ័យក្មេងរូបនេះតែងតែប្រើប្រាស់ឯកសណ្ឋានពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ(ផ្កាយ២)ជារឿយៗ គួរ្ឲ្យភ្ញាក់ផ្អើល និងពោរពេញដោយភាពខុសឆ្គងទៅវិញ ខណៈអ្នកហែហមដែលពាក់សុទ្ធតែផ្កាយ៣ ឬផ្កាយ៤មួយចំនួនមិនហ៊ានលាន់មាត់ ឬបង្ហើបប្រាប់ទៅលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថាបានពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ខុសនោះឡើយ ៕