ការប្រកួតកីឡាមហាជនប្រចាំឆ្នាំ២០១៤ ដែលមានតែកីឡាចំនួន៤ប្រភេទ គឺបាល់ទាត់, បាល់ទះ, បាល់បោះ និងអត្តពលកម្ម ប្រព្រឹត្តឡើងនៅខេត្តកំពត និងគ្រោងធ្វើរយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤តាមលិខិតឧទ្ទេសនាមលេខ៤៤៥០អយក ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ របស់ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នោះបានបិទបញ្ចប់រួចហើយ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤(មុនកាលបរិច្ឆេទគ្រោងទុករយៈពេល២ថ្ងៃ)ម្សិលមិញនេះ ដោយបានទទួលរងនូវការរិះគន់ថា បានចំណាយថវិកាជាតិខ្ជះខ្ជាយទៅលើបរិមាណនៃសមាសភាពគណៈកម្មការដ៏ច្រើនសន្ធឹកសន្ធាប់ ប្រព្រឹត្តអំពើពុករលួយ សូកប៉ាន់ ជាថ្នូរនឹងការជាប់ឈ្មោះជាសមាជិកគណៈកម្មការ…ខណៈប្រសិទ្ធភាពជាក់ស្តែងខ្សោយ និងតម្លៃហត្ថលេខារបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅលើលិខិតឧទ្ទេសនាមក្លាយជាថោកជាងកូនក្មេងមិនទាន់ចូលសាលារៀន គូសវាសលេងទៅទៀត ។
ប្រភពព័ត៌មានពីមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់ឲ្យដឹងថា ជាទម្លាប់ច្រើនឆ្នាំកន្លងមកហើយរហូតទល់បច្ចុប្បន្ន បុគ្គលិកតូចតាច ឬថ្នាក់មជ្ឈមធ្យត្រូវចំណាយប្រាក់ចំនួន២០ម៉ឺនរៀលជាមុនជាថ្នូរនឹងការមានឈ្មោះជាគណៈកម្មការដែលទទួលបានប្រាក់បេសកកម្មចំនួន៩៦ម៉ឺនរៀលក្នុងម្នាក់ សម្រាប់រយៈពេលប្រកួតកីឡាមហាជនក្រោម២សប្តាហ៍ ដែលរូបភាពនៃការសូកប៉ាន់លុយនេះបានប្រព្រឹត្តឡើងតាំងពីមុនពេលចេញឈ្មោះនៅក្នុងលិខិតឧទ្ទេសនាមរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមការស្នើរបស់អគ្គនាយកដ្ឋានកីឡាឯណោះ ។
ព័ស្តុតាងដែលជាឯកសាររបស់ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញឲ្យឃើញថា ការប្រកួតកីឡាមហាជនប្រចាំឆ្នាំ២០១៤មានគណៈកម្មការទទួលខុសត្រូវចំនួន១ និងអនុគណៈកម្មការចំនួន៨ ដែលក្នុងនោះឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា មានឈ្មោះជាសមាជិកអចិន្ត្រៃយ៍នៃគណៈកម្មការទទួលខុសត្រូវខ្ពស់បំផុតផង និងជាប្រធានអនុគណៈកម្មការរៀបចំការប្រកួតផង ដែលមានសមាសភាពចំនួន១៣នាក់ ។
ក្រៅពីនេះនៅមានសមាសភាពអនុគណៈកម្មការច្រើនស្អេកស្កះទៀត ដូចជាលេខាអចិន្ត្រៃយ៍ មានលោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡាជាប្រធាន មានសមាជិកចំនួន១០នាក់ ។ អនុគណៈកម្មការបច្ចេកទេសបាល់ទាត់មានសមាសភាពចំនួន៤៨នាក់ ។ អនុគណៈកម្មការបច្ចេកទេសបាល់ទះមានសមាសភាពចំនួន៤៦នាក់ ។ អនុគណៈកម្មការបច្ចេកទេសបាល់បោះមានសមាភាពចំនួន៤៦នាក់ ។ អនុគណៈកម្មការអត្តពលកម្មមានសមាសភាពចំនួន៤៦នាក់ ។ អនុគណៈកម្មការគ្រប់គ្រងទីលាន និងឧបករណ៍បច្ចេកទេសមានសមាសភាពចំនួន៥១នាក់ ។ អនុគណៈកម្មការគ្រប់គ្រងសុខភាពមានសមាសភាពចំនួន៦នាក់ ។ អនុគណៈកម្មការគ្រប់គ្រងបដិសណ្ឋារកិច្ច ព័ត៌មាន និងស្នាក់នៅ មានសមាសភាពចំនួន២៦នាក់ ។ អនុគណៈកម្មការហិរញ្ញវត្ថុ និងគណនេយ្យមានសមាសភាពចំនួន២៥នាក់ ។ អនុគណៈកម្មការសន្តិសុខ ជាអាទិ៍ ៖ ក្រុមសណ្តាប់ធ្នាប់ទីលានមានសមាសភាពចំនួន៩នាក់, ក្រុមសណ្តាប់ធ្នាប់កន្លែងស្នាក់នៅមានសមាសភាពចំនួន៩នាក់ និងមានមន្ត្រីមកទីក្រសួងហិរញ្ញវត្ថុ ព្រមទាំងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថជាង៣០នាក់ទៀតយ៉ាងសំពីងសំពោង ។
ជាទម្លាប់អស់រយៈពេលច្រើនឆ្នាំកន្លងមក គម្រោងរៀបចំការប្រកួតមានរយៈពេល និងចំនួនថ្ងៃប្រកួតខុសពីរយៈពេលនៃការប្រកួតជាក់ស្តែង ដែលជារឿយៗមានចំនួនថ្ងៃតិចជាងគម្រោង ។ តួយ៉ាង ការប្រកួតកីឡាមហាជនប្រចាំឆ្នាំ២០១៤នេះ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាកំណត់ឲ្យមានការប្រកួតចំនួន១៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ខែសីហា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ប៉ុន្តែជាក់ស្តែង ការប្រកួតត្រូវបានបិទបញ្ចប់រួចទៅហើយកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ម្សិលមិញ (បិទបញ្ចប់មុនរយៈពេល២ថ្ងៃ) ក្រោមអធិបតីភាពឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។
ប្រការដែលគួរ្ឲ្យឈឺសើចទៀតនោះ គឺមានមន្ត្រីរាជការដែលចូលនិវត្តន៍មួយចំនួនក៏មានឈ្មោះនៅក្នុងបញ្ជីគណៈកម្មការប្រកួតនៅឯខេត្តកំពតដែរ ខណៈដែលសមាសភាពគណៈកម្មការប្រកួតចំនួនចំនួនមានឈ្មោះបេសកកម្មទៅធ្វើគណៈកម្មការប្រកួតនៅខេត្តកំពត បែរជាឃើញវត្តមាននៅរាជធានីភ្នំពេញយ៉ាងព្រងើយទៅវិញ និងមានមន្ត្រីខ្លះកំពុងបម្រើការងារឲ្យកីឡាលក្ខណៈឯកជនទៀតផង ព្រមទាំងមន្ត្រីអ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក៏មានឈ្មោះជាសមាជិកគណៈកម្មការប្រកួតដែរ (Sic!) ។
មន្ត្រីរាជការក្រសួងអប់រំ យុវជន និងកីឡា ដែលចូលនិវត្តន៍មួយរូបបាននិយាយឲ្យដឹងថា ការប្រកួតកីឡាមហាជននៅកម្ពុជាគ្មានស្តង់ដារ និងគុណភាពទេ បើធៀបទៅនឹងបណ្តាប្រទេសក្បែរខាងមួយចំនួន ដូចជា ថៃ វៀតណាម និងឡាវ ដ្បិតកម្ពុជាមានទម្លាប់អាក្រក់មួយ គឺរាល់ព្រឹត្តិការណ៍ប្រកួតកីឡាមហាជន បានក្លាយទៅជា "រដូវកាលចែកលុយគ្នាចាយ" ទៅវិញ ។
មជ្ឈដ្ឋានអ្នករិះគន់មួយចំនួនបានលើកឡើងថា ប្រសិនបើមានអំពើពុករលួយនៅក្នុងវិស័យកីឡានៃព្រះរាជាណាចក្រកម្ពុជាទី២ ក៏មិនងាយនឹងអាចរកឃើញ និងកម្ចាត់បានឡើយ ពីព្រោះមានឯកឧត្តម ស៊ាន បូរ៉ាត ជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបន្ទុកផ្នែកកីឡានៅក្នុងក្រសួងអប់រំ យុវជន និងកីឡាទាំងមូលទៅហើយនោះ (Resic!) ៕