ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ស្រី​ក្រមុំ​វ័យក្មេង​ម្នាក់​ស្លាប់​បាត់បង់​ជីវិត​ក្រោយ​ទទួល​បានការ​ព្យាបាល​ជំងឺ​រមាស់​ក្បាល​នៅ​គ្លីនិក​ឯកជន​របស់​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​

​ស្រី​ក្រមុំ​វ័យក្មេង​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំង​សោកស្តាយ​ បន្ទាប់​ពី​ទទួល​បានការ​ចាក់​ថ្នាំ​ព្យាបាល​ជំងឺ​រមាស់​ក្បាល​ នៅ​គ្លីនិក​ឯកជន​មួយ​របស់​លោក​វេជ្ជ​ប​ណ្ដិ​ត​ ហុង​ ម៉េ​ង​ថៃ​ អស់​រយៈពេល​ចំនួន​២០​ថ្ងៃ​កន្លង​មក​ ខណៈ​ដែល​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ មិន​បាន​ចាក់​ថ្នាំ​ព្យាបាល​ឲ្យ​ស្រី​ក្រមុំ​រង​គ្រោះ​នោះ​ដោយ​ផ្ទាល់​ដៃ​ទេ​ គឺ​បាន​បញ្ជា​ឲ្យ​អ្នកគ្រូ​ពេទ្យ​វ័យក្មេង​ម្នាក់​ទៀត​អាយុ​២៤​ឆ្នាំ​ ឈ្មោះ​ ធា​រ៉ា​ បម្រើ​ការ​នៅ​ក្នុង​គ្លីនិក​ឯកជន​របស់​ខ្លួន​ជា​អ្នក​ចាក់​ថ្នាំ​ជំនួស​ចំនួន​២​ម្ជុល​ ។​

​នារី​វ័យក្មេង​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​នៅ​វេលា​ម៉ោង​ប្រមាណ​១០​និង​១៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ មានឈ្មោះ​ ប៉ាន់​ សុភាព​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​រលួស​ខាងលិច​ ឃុំ​រលួស​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ ។​ រីឯ​អ្នកគ្រូ​ពេទ្យ​ដែល​បាត់​ចាក់​ថ្នាំ​ចំនួន​២​ម្ជុល​តាម​ការ​បញ្ជា​របស់​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ នោះ​មានឈ្មោះ​ ធា​រ៉ា​ អាយុ​២៤​ឆ្នាំ​ បម្រើ​ការងារ​នៅ​ក្នុង​គ្លីនិក​ឯកជន​របស់​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ មាន​ទីតាំង​ឋិត​នៅ​ភូមិ​តា​ប្រាក់​ ឃុំ​មាន​ជ័យ​ ស្រុក​ប្រាសាទបាគង​ ខេត្តសៀមរាប​ ។​

​លោក​ ប៉ាន់​ គ្រី​ អាយុ​៥១​ឆ្នាំ​ និង​អ្នកស្រី​ ម៉ី​ សា​អៃ​ អាយុ​៤៨​ឆ្នាំ​ ត្រូវជា​ឪពុក​-​ម្តាយ​របស់​ស្រី​ក្រមុំ​រង​គ្រោះ​ បាន​រៀបរាប់​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​មក​ កូនស្រី​របស់​គាត់​មាន​អាកា​រៈ​ឈឺក្បាល​ ហើយ​ក៏​បាន​ទៅ​គ្លីនិក​ឯកជន​របស់​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ ដើម្បី​ទទួល​បានការ​ព្យាបាល​ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ មិន​បាន​ពិនិត្យ​ព្យាបាល​និង​ចាក់​ថ្នាំ​ឲ្យ​កូនស្រី​របស់​គាត់​ដោយ​ផ្ទាល់​ដៃ​ទេ​ គឺ​បាន​ប្រើ​ឲ្យ​ក្មួយ​ស្រី​របស់​គាត់​ដែល​ធ្វើ​ជា​អ្នកគ្រូ​ពេទ្យ​ម្នាក់​ឈ្មោះ​ ធា​រ៉ា​ ចាក់​ថ្នាំ​ឲ្យ​កូនស្រី​របស់​គាត់​ចំនួន​២​ម្ជុល​ ។​ បន្ទាប់​ពី​ទទួល​ការ​ចាក់​ថ្នាំ​ចំនួន​២​ម្ជុល​នៅ​គ្លីនិក​ឯកជន​របស់​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ នោះ​រួច​ហើយ​ កូនស្រី​របស់​គាត់​មាន​អាកា​រៈ​ស្ពឹក​ដៃជើង​អស់​រយៈពេល​៣​ថ្ងៃ​ ហើយ​ក៏​បាន​ទៅ​ជួប​គ្រូពេទ្យ​នៅ​គ្លីនិក​របស់​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ ដើម្បី​ជម្រាប​ប្រាប់​ពី​ស្ថានភាព​ជំងឺ​ផង​ និង​ព្យាបាល​ជំងឺ​ផង​ ប៉ុន្តែ​ត្រូវ​បាន​គ្រូពេទ្យ​ស្តីបន្ទោស​ថា​ គេ​គ្រប់​គ្នា​ចាក់​មិន​អី​ ប្លែក​តែ​ម្នាក់ឯង​ និង​គ្រូពេទ្យ​ដែល​គេ​ហៅ​ថា​ឈ្មោះ​ យ៉ង់​ ក៏​បាន​ផ្តល់​ថ្នាំ​ឲ្យ​លេប​បន្សាប​ថែម​ទៀត​ ។​

​ឪពុក​-​ម្តាយ​របស់​ស្រី​ក្រមុំ​រង​គ្រោះ​បាន​រៀបរាប់​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​កូនស្រី​របស់​គាត់​នៅ​តែ​បន្ត​មិន​ស្រួលខ្លួន​ គាត់​ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ និង​បញ្ជូន​កូន​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​ខេត្ត​ និង​មន្ទីរពេទ្យ​នៅ​រាជធានី​ភ្នំពេញ​ទៀត​ ស្រាប់តែ​ពេល​ពួក​គាត់​ដឹក​កូនស្រី​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ កូនស្រី​របស់​គាត់​ក៏​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត​ ។​ ពួក​គាត់​ដែល​ជា​ឪពុក​ម្តាយ​របស់​ស្រី​ក្រមុំ​រង​គ្រោះ​បាន​សំណូមពរ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​ និង​មាន​វិធានការ​ទៅ​លើ​គ្លីនិក​ឯកជន​របស់​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ នោះ​ផង​ ព្រមទាំង​សំណូមពរ​ឲ្យ​ជួយ​អន្តរាគមន៍​ ដើម្បី​ឲ្យ​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ ជា​ម្ចាស់​គ្លីនិក​ទទួលខុសត្រូវ​ចំពោះ​ការ​ស្លាប់​បាត់បង់​ជីវិត​កូនស្រី​របស់​គាត់​ ។​

​លោក​ នៅ​ ឡាយ​ ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ខេត្តសៀមរាប​ ធ្លាប់​បាន​មាន​ប្រសាសន៍​ប្រាប់​បណ្តាញសារព័ត៌មាន​ថា​ លោក​នឹង​ចុះ​ទៅ​ពិនិត្យ​មើល​គ្លីនិក​ឯកជន​របស់​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ នោះ​នៅ​ថ្ងៃស្អែក​ទី​២៦​ ខែសីហា​ ឆ្នាំ​២០១៤​ ដើម្បី​ស្រាវជ្រាវ​ឃើញ​ថា​ តើ​គ្លីនិក​ឯកជន​នេះ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឬ​ក៏​អត់​ ?​ ។​

​មន្ត្រី​ជំនាញ​វេជ្ជសាស្ត្រ​មួយ​រូប​បាន​និយាយ​ឲ្យ​ដឹង​ថា​ ករណី​ស្រី​ក្រមុំ​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​របស់​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ នោះ​ គឺ​ពិបាក​នឹង​ធ្វើការ​សន្និដ្ឋាន​នូវ​មូលហេតុ​ពិតប្រាកដ​ណាស់​ ពីព្រោះ​នារី​រង​គ្រោះ​មិន​ត្រឹមតែ​ទទួល​បានការ​ព្យាបាល​ពី​គ្លីនិក​ឯកជន​របស់​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ តែ​មួយ​នោះ​ទេ​ គឺ​តាម​ការ​រៀបរាប់​បញ្ជាក់​របស់​ឪពុក​-​ម្តាយ​នារី​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ នារី​រង​គ្រោះ​បាន​ទទួល​ការ​ព្យាបាល​ពី​មន្ទីរពេទ្យ​ផ្សេង​ទៀត​នៅ​ដំណាក់កាល​ចុង​ក្រោយ​ ទាំង​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​ផង​ ទាំង​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ​ផង​ ។​ មន្ត្រី​ដដែល​នេះ​ក៏​បាន​បញ្ជាក់​បន្ថែម​ដែរ​ថា​ ទោះ​យ៉ាងណា​ក៏​ដោយ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​តែ​បើក​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ច្បាស់លាស់​ទៅ​លើ​គ្លីនិក​ឯកជន​របស់​លោក​វេជ្ជបណ្ឌិត​ ហុង​ ម៉េ​ង​ថៃ​ ដើម្បី​ផ្តល់​យុត្តិធម៌​ និង​ការ​អស់ចិត្ត​អស់​ថ្លើម​ដល់​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​នារី​រង​គ្រោះ​ដែល​ស្លាប់​បាត់បង់​ជីវិត​ដ៏​គួរ​ឲ្យ​សោកស្តាយ​នោះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.