បណ្តាញសារព័ត៌មានរបស់ចិនបានផ្សព្វផ្សាយឲ្យដឹងថា ការចាប់ខ្លួនតារាភាពយន្ត Jaycee Chan ត្រូវជាកូនប្រុសរបស់តារាភាពយន្តល្បីឈ្មោះ Jackey Chan ហៅ ឈិន ឡុង និងតារាភាពយន្ត Kai Ko គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ ដោយមានតារាចំនួន១២០នាក់ ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀននៅប្រទេសចិន ហើយពួកគេនឹងត្រូវសមត្ថកិច្ចប៉ូលិសចាត់ការក្នុងពេលខាងមុខឆាប់ៗ។
តារាចិនចំនួន១២០នាក់ បានឋិតនៅក្នុងបញ្ជីស៊ើបអង្កេតគ្រឿងញៀនរបស់សមត្ថកិច្ចប៉ូលិស គឺបន្ទាប់ពីប៉ូលិសបានរកឃើញកញ្ឆាចំនួនជាង១១០ក្រាម នៅគេហដ្ឋានរបស់ Jaycee Chan ខណៈមានតារាមួយចំនួនបានចូលរួមក្នុងពិធីជប់លៀងរបស់ Jaycee Chan ដូចជា Nicholas Tse, Eason Chan,Jay Chou, Lee Seungri , G dragon សមាជិករបស់ក្រុមចម្រៀងកូរ៉េ Big Bang និង Bolin Chen ជាមិត្តភក្តិជិនស្និទ្ធរបស់ Jaycee Chan ផងដែរ។
តារាភាពយន្តតៃវ៉ាន់ Bolin Chen បានច្រានចោលនូវពាក្យចចាមអារាមពាក់ព័ន្ធនឹងគ្រឿងញៀន ដោយលោកបានលើកឡើងថា លោកឈប់ប្រើគ្រឿងញៀនហើយ បន្ទាប់ពីបានឃើញប៉ូលិសចាប់ខ្លួនសាច់ញាតិរបស់លោកក្នុងករណីចែកចាយកញ្ឆា ប៉ុន្តែលោកនឹងមិនបដិសេធការស៊ើបអង្កេតណាមួយទេ ហើយរីករាយនឹងចូលរួមប្រសិនបើសមត្ថកិច្ចប៉ូលិសកោះហៅ៕