ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់ ចាប់ពីក្រុងតាខ្មៅរហូតដល់ស្រុកកៀនស្វាយ ស្រុកស្អាង និងស្រុកកោះធំ ខេត្តកណ្តាល បាននាំគ្នាបរិហាររិះគន់ដោយចំៗទៅលើលោក ឈឿន ប៊ុនឆន ជាមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារជ្រៃធំ និងត្រូវជាកូនប្រុសរបស់ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ដែលបានចេញមុខកាងរថយន្តដឹកខ្សាច់ សូម្បីតែក្រុមជញ្ជីងថ្លឹងរថយន្តដឹកលើសទម្ងន់កម្រិតកំណត់ក៏ខ្លបខ្លាចមិនហ៊ានយកលុយដែរ កាងដេប៉ូលក់ខ្សាច់ចំនួន៥ទីតាំង និងធ្វើសកម្មភាពរកស៊ីបូមខ្សាច់យ៉ាងអនាធិបតេយ្យ មានទូកសាឡង់បូមខ្សាច់ចំនួន៦គ្រឿងធំៗ ឡើងកក្រើកខេត្តកណ្តាល ដោយអាងអំណាចឪពុកជាចៅហ្វាយខេត្ត ។
ប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា លោក ឈឿន ប៊ុនឆន បានធ្វើសកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យបំផុតនៅតាមដងទន្លេបាសាក់ ចាប់ពីក្រុងតាខ្មៅ រហូតដល់ស្រុកកៀនស្វាយ ស្រុកស្អាង និងស្រុកកោះធំ ឡើងកក្រើកខេត្តកណ្តាលទាំងមូល ដោយប្រើប្រាស់ទូកសាឡង់បូមខ្សាច់ចំនួន៦គ្រឿងធំៗ ។ លោក ឈឿន ប៊ុនឆន បានកាងធ្វើខ្នងបង្អែកឲ្យដេប៉ូលក់ខ្សាច់ចំនួន៥កន្លែង គឺទី១របស់ឈ្មោះ ឡាំ ថេង, ទី២ឈ្មោះ ងួន ស៊ីឡុង, ទី៣ឈ្មោះ ឌៀង សារ៉ាន់, ទី៤ឈ្មោះ វ៉ាន់ គ្រុយ មានទីតាំងឋិតនៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង និងទី៥ឈ្មោះ កេង វណ្ណា ឋិតនៅទល់មុខសាលាសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងមានមួយកន្លែងទៀតឋិតនៅឃុំសិត្បូ ផងដែរ ។
មន្ត្រីរាជការបម្រើការងារនៅសាលាខេត្តកណ្តាលមួយចំនួនបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា ទូកសាឡង់បូមខ្សាច់ និងដេប៉ូលក់ខ្សាច់ដែលកាងដោយលោក ឈឿន ប៊ុនឆន នោះ សុទ្ធតែគ្មានច្បាប់អនុញ្ញាតពីក្រសួង ឬមន្ទីរជំនាញអ្វីឡើយ គឺគ្រប់យ៉ាងអាចធ្វើសកម្មភាពទៅបាន ដោយសារលោក ឈឿន ប៊ុនឆន អាងអំណាចឪពុករបស់ខ្លួនជាចៅហ្វាយខេត្តកណ្តាល តែម្តង ។
ក្រុមប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់ បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពបូមខ្សាច់របៀបអនាធិបតេយ្យទាំងយប់ទាំងថ្ងៃរបស់លោក ឈឿន ប៊ុនឆន ដែលអាចបណ្តាលឲ្យលំនៅឋានរបស់ពួកគាត់ធ្លាក់ចូលទៅក្នុងទឹកទន្លេ ដោយមហន្តរាយបាក់ដីច្រាំងទន្លេ ខណៈរដូវវស្សាទឹកទន្លេកំពុងតែហក់ឡើ់ងស្រឺតៗនោះ ។
ពាក់ព័ន្ធនឹងសកម្មភាពធ្វើអាជីវកម្មបូមខ្សាច់យ៉ាងអនាធិបតេយ្យរបស់លោក ឈឿន ប៊ុនឆន នោះ ក្រុមប្រជាពលរដ្ឋដែលមានលំនៅឋានតាមដងទន្លេបាសាក់ បានអះអាងឲ្យដឹងថា ពួកគាត់ធ្លាប់បានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរដែនដីសុំការអន្តរាគមន៍ដែរ ប៉ុន្តែគ្មានទទួលបានលទ្ធផលជាផ្លែផ្កាអ្វីទេ គឺមានតែទទួលបាននូវការគំរាមកំហែង និងប្រមាថតបពីមនុស្សជាដៃជើងបរិវារបស់ឈ្មោះ ឈឿន ប៊ុនឆន ទៅវិញប៉ុណ្ណោះ ។
ប្រជាពលរដ្ឋទាំងនោះបានសំណូមពរចំពោះឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់នៅកម្ពុជា មេត្តាធ្វើការស៊ើបអង្កេត និងមានវិធានការទៅលើសកម្មភាពបូមខ្សាច់យ៉ាងអនាធិបតេយ្យរបស់លោក ឈឿន ប៊ុនឆន ត្រូវជាកូនប្រុសរបស់ឯកឧត្តម ផៃ ប៊ុនឈឿន អភិបាលនៃគណៈអភិបាលខេត្តកណ្តាលនោះផង ។
ជុំវិញការចោទប្រកាន់ពីសំណាក់ក្រុមប្រជាពលរដ្ឋរស់នៅតាមដងទន្លេបាសាក់ទៅលើសកម្មភាពបូមខ្សាច់ កាងរថយន្តដឹកខ្សាច់ និងកាងដេប៉ូលក់ខ្សាច់របស់លោក ឈឿន ប៊ុនឆន នោះ គេហទំព័រសារព័ត៌មានដើមត្នោតមិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោក ឈឿន ប៊ុនឆន បាននៅឡើយទេ គិតត្រឹមថ្ងៃសៅរ៍ ទី២៣ ខែសីហា ឆ្នាំ២០១៤នេះ ៕