ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសមាគមសិល្បករខ្មែរ(Khmer Artists Association) ដែលមានលោក សុះ ម៉ាច ជាប្រធាន គ្រោងមានចំណាត់ការទៅលើតារាចម្រៀងស្រីរបស់ខ្មែរចំនួន២នាក់ ដ្បិតតារាចម្រៀងស្រីទាំង២នាក់នោះបានរត់គេចខ្លួនរស់នៅដោយខុសច្បាប់លើទឹកដីសហរដ្ឋអាមេរិក ក្រោយពេលបញ្ចប់ការសម្តែងនៅទីនោះកាលពីអំឡុងឆ្នាំ២០១៣កន្លងមក ។
លោក សុះ ម៉ាច ក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ បានសម្តែងនូវការសោកស្តាយ និងមិននឹកស្មានដល់ថា សិល្បការិនីខ្មែរទាំង២នាក់នោះហ៊ានប្រព្រឹត្តអំពើខុសឆ្គងបែបនេះឡើយ ខណៈសមាគមមិនគាំទ្រដាច់ខាតចំពោះសិល្បករ សិល្បការិនីណាម្នាក់ឲ្យប្រព្រឹត្តខុសច្បាប់ដូច្នេះទេ ពីព្រោះវានាំឲ្យជះឥទ្ធិពលមិនល្អ និងបង្កផលវិបាកដល់អ្នកសិល្បៈដទៃទៀតដែលត្រូវចេញទៅសម្តែងនៅសហរដ្ឋអាមេរិកតាមរយៈសមាគម ។
លោកប្រធានសមាគមសិល្បករខ្មែរបានបញ្ជាក់ឲ្យដឹងដែរថា លោកនឹងព្យាយាមធ្វើយ៉ាងណាឲ្យតារាចម្រៀងស្រីទាំង២នាក់នោះបានវិលត្រឡប់មកស្រុកខ្មែរវិញសិន ទោះបីអ្នកទាំង២បានព្យាយាមលួចភ្ជាប់ពាក្យ និងរៀបការស្ងាត់ៗជាមួយបុរសនៅលើទឹកដីអាមេរិកមិនឲ្យលោកដឹងក៏ដោយ ។
តារាចម្រៀងស្រីខ្មែរទាំង២នាក់ដែលរត់គេចខ្លួនរស់នៅលើទឹកដីខ្មែរសហរដ្ឋអាមេរិកដោយខុសច្បាប់ អំឡុងពេលទៅសម្តែងតាមរយៈសមាគមសិល្បករខ្មែរនាឆ្នាំ២០១៣កន្លងទៅនោះ គឺនាង ហង្ស ពិសី និងនាង ស៊ិន សុម៉ាលី ខណៈតារាចម្រៀងស្រីទាំង២នាក់នេះ មិនបានបំពេញការសម្តែងការរបស់ខ្លួនឲ្យចប់ចុងចប់ដើមទេ ដោយពួកគេបានគេចខ្លួនទៅភ្ជាប់ពាក្យ និងរៀបការស្ងាត់ៗជាមួយបុរសនៅទីនោះ ជាថ្នូរនឹងសិទ្ធិជ្រកកោននៅលើទឹកដីសហរដ្ឋអាមេរិក ៕