មន្ទីរ Pentagon របស់សហរដ្ឋអាមេរិកបានឲ្យដឹងកាលពីថ្ងៃសុក្រ ទី២២ ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះថា យន្តហោះចម្បាំងរបស់ចិនមួយគ្រឿងម៉ាក Su-27 បានហោះស្ទាក់ពោរពេញដោយគ្រោះថ្នាក់បំផុតមកកៀកជិតប្រមាណ១០ម៉ែត្រ ពីយន្តហោះចម្បាំងអាមេរិកមួយគ្រឿងធុន P-8 Poseidon នៅពីលើដែនសមុទ្រអន្តរជាតិភាគខាងកើតនៃកោះ Hainan របស់ចិន នាថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០១៤កន្លងទៅ ខណៈយន្តហោះចម្បាំងអាមេរិកកំពុងប្រតិបត្តិការហោះល្បាតជាធម្មតា ។
លោក John Kirby អ្នកនាំពាក្យរបស់មន្ទីរ Pentagon បាននិយាយឲ្យដឹងថា សហរដ្ឋអាមេរិកបានធ្វើការតវ៉ាទៅភាគីចិនរួចហើយ ទាក់ទិននឹងការហោះហើរស្ទាក់ដ៏គ្រោះថ្នាក់របស់យន្តហោះចម្បាំងចិននោះ ដោយបានហៅអំពើរបស់អ្នកបើកបរយន្តហោះចម្បាំងចិនថា "គ្មានសុវត្ថិភាព និងគ្មានជំនាញ" ។
សូមបញ្ជាក់ជូនថា យន្តហោះចម្បាំងធុន Su-27 របស់ចិន គឺមានប្រភពដើមផលិតនៅប្រទេសរុស្ស៊ី(អតីតសហភាពសូវៀត) ដែលមានតម្លៃប្រមាណ៣០លានដុល្លារអាមេរិកក្នុង១គ្រឿង ។ ដោយឡែក យន្តហោះចម្បាំងអាមេរិកធុន P-8 Poseidon ផលិតនៅសហរដ្ឋអាមេរិកដោយក្រុមហ៊ុន Boeing Defense ដែលមានតម្លៃប្រមាណ២០២លានដុល្លារអាមេរិកក្នុង១គ្រឿង ៕