នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើលិខិតផ្លូវការមួយច្បាប់សម្តែងនូវការអបអរសាទរចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយ៤ ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-Ocha) ប្រមុខយោធាថៃដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី២៩នែព្រះរាជាណាចក្រថៃ ។
លិខិតផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា "ខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមសម្តែងនូវអំណរសាទរយ៉ាងស្មោះស្ម័គ្របំផុតជូនឯកឧត្តម ក្នុងឱកាសដែលឯកឧត្តមត្រូវបានសភានីតិប្បញ្ញត្តិបោះឆ្នោតជាឯកច្ឆន្ទ ជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ ។ ខ្ញុំមានសុទិដ្ឋិនិយមយ៉ាងខ្លាំងថា ឯកឧត្តម និងខ្ញុំពិតជាអាចធ្វើឲ្យចំណងសាមគ្គីភាព និងអ្នកជិតខាងល្អកាន់តែមានភាពជិតស្និទ្ធ និងមានកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ដើម្បីផលប្រយោជន៍ប្រជាជាតិ និងប្រជាជនយើងទាំងពីរ ។ " ។
សូមបញ្ជាក់ជូនថា លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា អាយុ៦០ឆ្នាំ គឺជាប្រមុខយោធាដើរតួអង្គដ៏សំខាន់ក្នុងការធ្វើរដ្ឋប្រហារយោធាទម្លាក់រាជរដ្ឋាភិបាលលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ជាអតីតនាយករដ្ឋមន្ត្រីទី២៨នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៤កន្លងមក ៕