មិនមែនជារឿងថ្មីអ្វីនោះទេ ទាក់ទងនឹងការដឹកនាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេសជាលក្ខណៈឯកជនក្រោមរូបភាព «ជំនួញកីឡា» ប៉ុន្តែមានលេចចេញរូបភាពនាំកីឡាករទៅប្រកួតនៅក្រៅប្រទេសក្តី ឬនាំកីឡាករពីបរទេសមកប្រកួតនៅក្នុងប្រទេសកម្ពុជាក្តីនាពេលកន្លងមកខ្លះបានធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជា និងបង្អាប់បង្អោនអត្តសញ្ញាណកីឡារបស់កម្ពុជាយ៉ាងធ្ងន់ធ្ងរជាហេតុបង្កឲ្យមានការរិះគន់យ៉ាងក្តៅគគុកពីសំណាក់មជ្ឈដ្ឋានអ្នកគាំទ្រវិស័យកីឡានៅកម្ពុជា។
ព័ស្តុតាងមួយចំនួនក្នុងចំណោមព័ស្តុតាងដ៏ច្រើនដែលបង្ហាញអំពីរូបភាពមិនប្រក្រតីបង្អាប់បង្អោនដល់កិត្តិយសជាតិ និងអត្តសញ្ញាណកីឡារបស់កម្ពុជាទាក់ទងនឹងការដឹកនាំកីឡាករកម្ពុជាចេញទៅប្រកួតនៅក្រៅប្រទេសនោះមានដូចតទៅ៖
១- ការនាំកីឡាករ កែវ រំចង់ ទៅផ្គូផ្គងប្រកួតខុសលក្ខណៈបច្ចេកទេសនាំឲ្យកីឡាករថៃវាយយ៉ាងទក់សាច់នាំឲ្យចាញ់គេយ៉ាងអាម៉ាស់បំផុត ខណៈដែលអ្នកធំខាងកីឡានៅស្រុកខ្មែរបានត្រឹមបន្ទោសដាក់គ្នាទៅវិញទៅមករឿងពាក់ឆ្នួតក្បាលដូចកីឡាករថៃ ដែលជាអត្តសញ្ញាណរបស់ថៃ ហើយត្រូវបានលោក កែវ សំអាង ជាឪពុករបស់កីឡាករ កែវ រំចង់ ស្នើសុំតវ៉ាមិនឲ្យកីឡាករខ្មែរ កែវ រំចង់ ពាក់ឆ្នួតក្បាលដូចកីឡាករថៃដាច់ខាត។
២- ការនាំកីឡាករ សេន ប៊ុនថេន ចេញទៅប្រកួតក្នុងព្រឹត្តិការណ៍ Thai Fight ដែលផ្សាយចេញពី TV3 របស់ថៃ និងផ្សាយបន្តផ្ទាល់តាមទូរទស្សន៍ TV5 នៅកម្ពុជា នារាត្រីថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០១៤ កន្លងមក បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ដែលបានទស្សនាមានការខកចិត្ត និងខឹងសម្បាយ៉ាងខ្លាំង ដោយកីឡាករ សេន ប៊ុនថេន គេតម្រូវឲ្យលុតជង្គង់ថ្វាយបង្គំព្រះឆាយាល័ក្ខណ៍ស្តេចថៃ និងបានបន្ថែមពាក់ឆ្នួតក្បាលដូចកីឡាករថៃ ដែលជាអត្តសញ្ញាណរបស់កីឡាម៉ូយថៃ។
ទាក់ទងនឹងអំពើបង្អាប់បង្អោនកិត្យានុភាពជាតិ និងអត្តសញ្ញាណកីឡារបស់កម្ពុជាដូចបានលើកឡើងខាងលើនេះ គេមិនដឹងប្រាកដថា ក្នុងនាមកម្ពុជា ជាប្រទេសដែលមានអារ្យធម៌ និងវប្បធម៌ចំណាស់ដ៏ថ្លៃថ្នូរផូរផង់ និងជាម្ចាស់ដើមនៃក្បាច់គុណ តើស្ថាប័នមួយណាជាអ្នកទទួលខុសត្រូវ និងក្រសួងអប់រំយុវជន និងកីឡាយល់ឃើញយ៉ាងដូចម្តេច?
ប្រភពនានាដែលយល់ដឹងពីប្រព័ន្ធគ្រប់គ្រងផ្នែកកីឡាគឺបានបន្ទោស និងរិះគន់ទៅលើក្រសួងអប់រំ យុវជន និងកីឡា ដែលមានស្ថាប័នជំនាញគ្រប់គ្រងផ្ទាល់ឈ្មោះអគ្គនាយកដ្ឋានកីឡាតែម្តង ពីព្រោះទោះបីអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានទទួលលាភសក្ការៈ ឬអត់ក៏ដោយ ប៉ុន្តែជាគោលការណ៍ច្បាប់ស្ថាប័ននេះត្រូវតែទទួលខុសត្រូវទាំងស្រុង។ លើសពីនេះ អ្នកដឹកនាំឬអ្នកជំនួញខាងកីឡាគឺលោក នាង ស៊ីវុត្ថា ប្រធានគ្រប់គ្រងកម្មវិធីប្រដាល់ប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័នដ៏មានឥទ្ធិពលគ្រប់គ្រងដោយលោកស្រី ហ៊ុន ម៉ាណា ជាអគ្គនាយិកា និងជាកូនស្រីបង្កើតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ត្រូវមានចំណែកទទួលខុសត្រូវក្នុងករណីនេះដែរ។
លោក នាង ស៊ីវុត្ថា មិនទាន់អាចសុំការបំភ្លឺបញ្ជាក់បាននៅឡើយទេ ខណៈដែលឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាក៏មិនអាចសុំការបកស្រាយពន្យល់បានដែរ ដ្បិតនាពេលកន្លងមកឯកឧត្តម អ៊ុក សិទ្ធិជាតិ ធ្លាប់បានប្រកាសប្រាប់ក្រុមអ្នកកាសែតថា ឯកឧត្តមមិនអាចផ្តល់បទសម្ភាសន៍ដល់អ្នកកាសែតបានទេ តែបើចង់សម្ភាសន៍លុះត្រាតែសុំការអនុញ្ញាតពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមុនសិន (Sic!)។
លោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាធ្លាប់បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា លោកមិនទាន់បានដឹងអំពីរឿងនេះទេ ពីព្រោះលោកកំពុងជាប់រវល់នៅខេត្ត ប៉ុន្តែលោកបញ្ជាក់ថា ការចេញទៅប្រកួតនោះសហព័ន្ធកីឡាប្រដាល់កម្ពុជា មិនបានចេញច្បាប់អនុញ្ញាតឲ្យឡើយ គឺមិនទាន់ដឹងថា ខាងណាជាអ្នកធ្វើជំនួញកីឡានោះទេ។ ទោះយ៉ាងណាក្តីលោកបានហៅអំពើនេះ គឺជាកំហុសឆ្គងមួយដែលគេយកអត្តសញ្ញាណកីឡារបស់ថៃ ទៅបំពាក់លើក្បាលកីឡាកររបស់ខ្មែរ។
ដោយឡែកឯកឧត្តម វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា អូឡាំពិកកម្ពុជា ជាស្ថាប័នដឹកនាំកីឡា និងជាសមាជិកពេញសិទ្ធិរបស់អូឡាំពិកអន្តរជាតិ ប៉ុន្តែមិនគ្រប់គ្រងផ្ទាល់ទេ។ រឿងការប្រកួតកីឡាប្រដាល់រវាងកីឡាករខ្មែរ និងកីឡាករថៃនៅប្រទេសថៃនោះ ឯកឧត្តមមិនបានទស្សនាទេ តែចម្លើយរបស់ឯកឧត្តមគឺ ការទទួលខុសត្រូវតាមច្បាប់ត្រូវតែជាសហព័ន្ធសាមី និងអាជ្ញាធរកីឡាគួរពិនិត្យឲ្យបានត្រឹមត្រូវ រីឯខាងអូឡាំពិក គ្មានសិទ្ធិអំណាចឬសិទ្ធិដាក់ទណ្ឌកម្មឬស្តីបន្ទោសអ្វីក្នុងរឿងនេះឡើយ៕