សកម្មភាពដឹកជញ្ជូនឈើប្រណីតល្មើសច្បាប់នៅខេត្តកំពង់ធំ បានចាប់ផ្តើមកម្រើកសាជាថ្មីឡើងវិញហើយ បន្ទាប់ពីទីផ្សារឈើនៅប្រទេសវៀតណាម បានបើកចំហនារយៈពេលកន្លងទៅថ្មីៗនេះ ខណៈដែលកងកម្លាំងសមត្ថកិច្ចមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ ហាក់ដូចជា ព្រងើយកន្តើយមើលរំលងទៅវិញ និងលើសពីនេះ មានសមត្ថកិច្ចមួយចំនួនបានបណ្តោយខ្លួនឲ្យជាប់ពាក់ព័ន្ធយ៉ាងជ្រៅក្នុងរឿងបទល្មើសព្រៃឈើនោះទៀតផង ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួក។
មជ្ឈដ្ឋានប្រជាពលរដ្ឋរស់នៅខេត្តកំពង់ធំ បាននិយាយឲ្យដឹងថា ពេលខ្លះប្រជាពលរដ្ឋដែលបានឃើញករណីរថយន្តដឹកជញ្ជូនឈើខុសច្បាប់ក៏បានទូរស័ព្ទប្រាប់ទៅសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ដែលមានតួនាទីបង្ក្រាបបទល្មើសចល័តតាមដងផ្លូវ បែរជាមេព្រៃឆ្លើយថា «អត់ឃើញ» លុះដល់ពេលខ្លះបទល្មើសនៅនឹងមុខបែរជាមេព្រៃឆ្លើយថា «អត់មានកម្លាំង» និងពេលខ្លះទៀតមានទូរស័ព្ទបញ្ជាពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំក៏ដោយ ក៏លោកមេព្រៃកំពង់ថ្មឆ្លើយថា «ដេញចាប់អត់បាន» (Sic!)។
មន្ត្រីរាជការបម្រើការងារនៅសាលាខេត្តកំពង់ធំដែលជិតចូលនិវត្តន៍ម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា លទ្ធផលនៃការបង្ក្រាបបទល្មើសព្រៃឈើនៅខេត្តកំពង់ធំ មិនសូវមានប្រសិទ្ធភាពទេ ហើយបើមានក៏មានមួយគ្រាៗប៉ុណ្ណោះ ដើម្បីបង្ហាញយកស្នាដៃថតដាក់ទូរទស្សន៍ និងចុះផ្សាយតាមកាសែត ពីព្រោះសមត្ថកិច្ចពាក់ព័ន្ធបានចងក្រងគ្នាប្រព្រឹត្តអំពើពុករលួយទទួលលុយកាក់ និងផលប្រយោជន៍ប្រចាំខែ ពីឈ្មួញឈើជាប្រព័ន្ធទៅហើយ ពោលគឺទាំងស្គរ ទាំងប៉ី ទាំងមន្ត្រីតូច ទាំងមន្ត្រីធំ ជាពិសេស អង្គភាពនគរបាល និងអង្គភាពជំនាញមេព្រៃ សុទ្ធតែមានបាតដៃប្រឡាក់ប្រឡូសនឹងលុយកាក់របស់ក្រុមឈ្មួញឈើសឹងទាំងអស់។
សូមអង្គភាពប្រឆាំងអំពើពុករលួយ ដែលមានឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ជាប្រធានមេត្តាចាត់វិធានការទៅលើអំពើពុករលួយពាក់ព័ន្ធនឹងបទល្មើសព្រៃឈើនៅកម្ពុជាផង ពីព្រោះភ្នំមួយចំនួនឬភាគច្រើនក្លាយជាត្រងោល ឬទំពែកអស់ព្រៃដុះលម្អទៀតហើយ៕