នាវេលាម៉ោង១៤រសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះ នៅលើកំណាត់ផ្លូវជាតិលេខ៧៦A ត្រង់គីឡូម៉ែត្រលេខ១០៤ ឋិតក្នុងភូមិដូង ឃុំ២ធ្នូ ស្រុកស្នួល ខេត្តកក្រចះ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បង្កដោយរថយន្តម៉ាក Hilux VIGO មួយគ្រឿង ពាក់ស្លាកលេខរដ្ឋ 12.2.0331 បុកពីក្រោយយ៉ាងពេញទំហឹង ទៅលើរថយន្តដឹកអ្នកដំណើរមួយគ្រឿង កំពុងចតស្ងៀមលើកទោចក្រយានយន្តមួយគ្រឿងចងដាក់ពីក្រោយ និងចាំដាក់ម៉ូយ ម៉ាក Ssangyong ក្នុងទិសដៅស្របគ្នា បណ្តាលឲ្យបុរសចំនួន២នាក់ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងមនុស្សចំនួន៤នាក់ទៀតរងរបួសធ្ងន់ធ្ងរ ខណៈដែលអ្នកបើកបររថយន្តបង្កបានរត់គេចខ្លួនបាត់ស្រមោលមិនចេញមុខទទួលខុសត្រូវឡើយ នៅក្រោយពេលបង្កហេតុ ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកស្នួលបានឲ្យដឹងថា ជនរងគ្រោះជាបុរសដែលស្លាប់បាត់បង់ជីវិតទាំង២នាក់នៅកន្លែងកើតហេតុនោះ មានឈ្មោះ គង់ សុកឿន អាយុ៣៦ឆ្នាំ ជាអ្នកបើកបររថយន្តម៉ាក Ssangyong និងម្នាក់ទៀតឈ្មោះ ហេង ដេត អាយុ២៤ឆ្នាំ ជាព្រូរថយន្ត មានទីលំនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ខណៈអ្នករងរបួសចំនួន៤នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីរង់ចាំដោះស្រាយនីតិវិធីនៃច្បាប់ ។
អនុលោមតាមមាត្រា៥, មាត្រា៦ និងមាត្រា៩ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ គឺរថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានមនុស្សស្លាប់ចំនួន២នាក់ និងរងរបួសធ្ងន់ចំនួន៤នាក់ នៅខេត្តក្រចេះ ដែលពាក់ស្លាកលេខរដ្ឋ 12.2-0331 នោះ ជារថយន្តសម្បត្តិរដ្ឋ ប្រើប្រាស់ដោយក្រសួងសុខាភិបាល ។ ដូច្នេះ អ្នកបើកបររថយន្តបង្កដែលរត់គេចខ្លួនក្រោយពេលកើតហេតុ ដោយមិនទទួលខុសត្រូវនោះ គឺជាមន្ត្រីរាជការបម្រើការងារនៅក្រសួងសុខាភិបាល ហើយតម្រូវឲ្យអាជ្ញាធរមានសមត្ថកិច្ចវែកមុខជននេះឲ្យមកទទួលទោសទណ្ឌចំពោះមុខច្បាប់ ទើបអាចផ្តល់យុត្តិធម៌ដល់ក្រុមគ្រួសារសាច់ញាតិរបស់ជនរងគ្រោះ និងព្រលឹងរបស់អ្នកស្លាប់បាត់ជីវិតទាំង២នាក់ ព្រមទាំងមនុស្សចំនួន៤នាក់ដែលរងរបួសធ្ងន់ផងដែរ ៕