កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះ តុលាការប្រទេសចិនបានកាត់ទោសលោក Wen Qingliang អតីតប្រធានការិយាល័យផ្លូវដែកក្រុងKunming ទីប្រជុំនៃខេត្តយុនណាន់ ដោយសម្រេចប្រហារជីវិតក្នុងរឿងប្រព្រឹត្តអំពើពុករលួយ ខណៈប្រពន្ធចុងរបស់លោក Wen Qingliang គឺលោកស្រី Zhong Hua ដែលរួមសមគំនិត ក៏នឹងត្រូវកាត់ទោសក្នុងសវនាការមួយផ្សេងទៀត ។
តុលាការសាលាដំបូងក្រុងប៉េកាំងបានបញ្ជាក់ឲ្យដឹងថា លោក Wen Qingliang បានទទួលសំណូកជាង៣,២លានដុល្លារអាមេរិក (ជាង២០លានយន់ប្រាក់ចិន) នៅអំឡុងឆ្នាំ២០០៥ និងឆ្នាំ២០១១ ដោយទាញរកផលប្រយោជន៍ពីតំណែងរបស់លោកក្នុងអង្គភាពផ្លូវដែក ក្រុងTaiyuan ទីប្រជុំជនខេត្ត Shanxi ដោយជួយជ្រោមជ្រែងឲ្យបណ្តាក្រុមហ៊ុនក្រោមឱវាទទទួលបានគម្រោងផ្លូវដែកនានាជាមួយនឹងការសូកប៉ាន់ពុករលួយ ។
លោក Wen Qingliang ត្រូវបានអាជ្ញាធរចិនដកហូតតំណែងពីប្រធានការិយាល័យផ្លូវដែកក្រុង Kunming កាលពីអំឡុងឆ្នាំ២០១១ ។ ឥឡូវនេះ ប្រាក់ខុសច្បាប់មួយភាគធំរបស់លោក Wen Qingliang ត្រូវបានរឹបអូស ៕