ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ពួក​ឧទ្ទាម​រដ្ឋ​អ៊ិ​ស្លា​ម​និយម​”IS”​បញ្ចេញ​ខ្សែ​វី​ដេ​អូ​កាត់​ក្បាល​អ្នកកាសែត​អា​មេ​រិ​ក​ម្នាក់​ដ៏​សែន​ឃោរឃៅ​

​ខ្សែ​វី​ដេ​អូ​ដែល​មាន​ចំណងជើង​ថា​ "​នេះ​ជា​សារ​សម្រាប់​អា​មេ​រិ​ក​"​ ត្រូវ​បាន​ពួក​សកម្មប្រយុទ្ធ​អ៊ិ​ស្លា​ម​នៃ​ក្រុម​ឧទ្ទាម​មក​ពី​រដ្ឋ​អ៊ិ​ស្លា​ម​និយម​ "Islamic​ State-IS"​ បញ្ចេញ​ឲ្យ​ឃើញ​កាលពី​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ដោយ​ធ្វើ​សកម្មភាព​កាត់​ក្បាល​អ្នកកាសែត​អា​មេ​រិ​ក​ម្នាក់​ឈ្មោះ​ James​ Foley​ យ៉ាង​ព្រៃផ្សៃ​បំផុត​ ខណៈ​ដែល​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អា​មេ​រិ​ក​កំពុងធ្វើការ​ស៊ើបអង្កេត​ ដើម្បី​បញ្ជាក់​អំពី​ការ​ពិត​នូវ​ខ្សែ​វី​ដេ​អូ​នេះ​ ។​

​លោក​ James​ Foley​ ជា​អ្នកកាសែត​អា​មេ​រិ​ក​ម្នាក់​ ធ្លាប់​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​តំបន់​មជ្ឈិមបូព៌ា​ និង​ប្រទេស​លី​ប៊ី​ ព្រមទាំង​ប្រទេស​ស៊ី​រី​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ ហើយ​ត្រូវ​បាន​ពួក​កងកម្លាំងប្រដាប់អាវុធ​មួយ​ក្រុម​ចាប់ពង្រត់​កាលពី​ថ្ងៃ​ទី​២២​ ខែវិច្ឆិកា​ ឆ្នាំ​២០១២​ ។​

​ក្រៅពី​លោក​ James​ Foley​ ក្រុម​ជន​សកម្មប្រយុទ្ធ​ "IS"​ ក៏​បាន​បង្ហាញ​នូវ​អ្នកកាសែត​អា​មេ​រិ​ក​ម្នាក់​ទៀត​ គឺ​លោក​ Steven​ Sotloff​ ដែល​បាន​បាត់​ខ្លួន​កាលពី​ខែកក្កដា​ ឆ្នាំ​២០១៣​នោះ​ផង​ដែរ​ ដោយ​ពួក​ឧទ្ទាម​គំរាម​សម្លាប់​លោក​ Steven​ Sotloff​ ដូច​លោក​ James​ Foley​ ដែរ​ ប្រសិនបើ​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Barack​ Obama​ មិន​ព្រម​បញ្ឈប់​ប្រតិបត្តិការ​យោធា​នៅ​ប្រទេស​អ៊ី​រ៉ា​ក់​ ។​

​ដោយឡែក​ ថ្លែង​នៅ​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ជ័យ​លា​ភី​នៃ​សាកលវិទ្យាល័យ​ Beltei​ International​ នា​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ធ្វើការ​ប្រកាស​ថ្កោលទោស​ចំពោះ​ការ​សម្លាប់​ដោយ​កាត់​ក្បាល​ទៅ​លើ​អ្នកកាសែត​អា​មេ​រិ​ក​ម្នាក់​ឈ្មោះ​ James​ Foley​ ដោយ​ក្រុម​ឧទ្ទាម​ "IS"​ ដោយ​សម្តេច​បាន​ថ្លែង​ថា​ "​ខ្ញុំ​សូម​យក​ឱកាស​នេះ​ចូលរួម​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Barack​ Obama​ ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​អា​មេ​រិ​ក​ ក៏​ដូច​ជា​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ដែល​ស្នេហា​សន្តិភាព​នៅ​លើ​ពិភពលោក​ទាំងអស់​ ថ្កោលទោស​អំពើ​ឃោរឃៅ​របស់​ពួក​ IS​ និង​ចូលរួម​រំលែក​ទុក្ខ​ចំពោះ​គ្រួសារ​លោក​ James​ Foley​ ។​…​យើង​ចូលរួម​ថ្លែង​នូវ​ការ​សោកស្តាយ​លើ​មរណភាព​របស់​លោក​ James​ Foley​ ដែល​ជា​អ្នកកាសែត​ ហើយ​សូម​ឲ្យ​អ្នក​សារព័ត៌មាន​ទាំងអស់​កុំ​តក់ស្លុត​អំពី​បញ្ហា​នេះ​"​ ៕​

 

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.