ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

អីយ៉ា​! ក្រុមហ៊ុន​ប្រេងឥន្ធនៈ​សូគីម៉ិច​របស់​អ្នកឧកញ៉ា សុខ គង់ ចាប់ផ្តើម​បន្ថែម​សេវា​ដឹកឈើ​គ្រញូង​ហើយ​តើ​!

​សេចក្តីរាយការណ៍​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ០៨ និង ២០ នាទី​ព្រឹក នា​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៤​នេះ ក្នុង​ចំណុច​ភូមិសាស្ត្រ​កណ្តាល​ក្រុង​នៃ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​តែម្តង កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ស្ទាក់ចាប់​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​១​គ្រឿង​របស់​ក្រុមហ៊ុន សូគីម៉ិច «SOKIMEX» ដែល​គេ​ស្គាល់​ថា មាន​អ្នកឧកញ៉ា សុខ គង់ ជា​ថៅកែ ដែល​លួច​បង្កប់​ដឹកឈើ​គ្រញូង​ចំនួន​ប្រមាណ​២០​តោន​។

​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​លោក ទៀង ដា​វិ​ទ្យ បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ការណ៍​ដែល​នាំ​ឈានទៅដល់​ចាប់​បង្ក្រាប​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន SOKIMEX នោះ គឺ​ដោយមាន​បទបញ្ជា​ពី​ឯកឧត្តម ស ថា​វី អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក កូយ កាន់​យ៉ា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ សមត្ថកិច្ច​ចម្រុះ​បាន​ត្រួត​ពិនិត្យឃើញ​រថយន្ត​ដឹក​ប្រេងឥន្ធនៈ SOKIMEX នោះ មាន​ដឹក​បង្កប់​សុទ្ធតែ​ឈើ​គ្រញូង​រាប់​តាំងពីព្រឹក​រហូតដល់​ថ្ងៃត្រង់​នៅ​មិនទាន់​អស់​ទៀត គឺអាច​ប៉ាន់​ស្មានថា មាន​ទម្ងន់​សរុប​ប្រមាណ​២០​តោន​។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុងពេល​បំពេញបេសកកម្ម​បង្ក្រាប​រថយន្ត​ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន SOKIMEX ដែល​ដឹកឈើ​គ្រញូង​នោះ គឺ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។ ឈើ​គ្រញូង​ទាំងនោះ​គឺ​ត្រូវបាន​គេ​ដឹក​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ​ឆ្លងកាត់​ទី​រួម​ខេត្ត​តែម្តង ហើយ​បាន​បង្ក​ឲ្យ​មានការ​សង្ស័យ​ទើប​សមត្ថកិច្ច​ចម្រុះ​បង្ក្រាបបាន ដោយ​បច្ចុប្បន្ន​ឈើ​គ្រញូង និង​រថយន្ត ដឹក​ប្រេងឥន្ធនៈ​របស់​ក្រុមហ៊ុន SOKIMEX មាន​ពាក់​ស្លាក​លេខ​ភ្នំពេញ​3A-3461 នោះ ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ​រង់ចាំ​ដោះស្រាយ​ទៅតាម​នីតិវិធី​នៃ​ច្បាប់​។​

​ក្រុម​អ្នក​រិះគន់​មាត់ដាច បាន​លើកឡើងថា ក្រុមហ៊ុន​របស់​អ្នកឧកញ៉ា សុខ គង់ អតីត​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា មាន​សេវាកម្ម​ច្រើន​គ​គោក​ដូចជា ប្រមូល​លុយ​ពី​ប្រាសាទអង្គរវត្ត ស​ណ្ឋ​គារ​ទំនើប​នៅ​ខេត្ត​ព្រះសីហនុ រមណីយដ្ឋាន​ឋានសួគ៌​ភ្នំ​បូកគោ និង​ប្រេងឥន្ធនៈ​… ។​ល​។ ប៉ុន្តែ​ឥឡូវនេះ ក្រុមហ៊ុន​ប្រេងឥន្ធនៈ SOKIMEX របស់​អ្នកឧកញ៉ា សុខ គង់ បាន​បន្ថែម​សេវាកម្ម​ថ្មី​មួយទៀត​គឺ​ដឹកជញ្ជូន​ឈើ​គ្រញូង ដែល​រាជរដ្ឋាភិបាល​ចេញ​បទបញ្ជា​ហាមឃាត់​តែម្តង​៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.