ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ កូនប្រុស​បុរស​ខ្លាំង​នៅ​តែ​បន្ត​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​លើ​ការ​ប្រមាថ​ស្តេច​ ប្រមាថ​ឪពុក​ខ្លួនឯង​ និង​ក្លែង​ឋានន្តរស័ក្តិ​

​ទំនងជា​គ្មាន​នរណា​ម្នាក់​ទោះជា​នាយទាហាន​ពាក់​ផ្កាយ​៤​ នាយទាហាន​ពាក់​ផ្កាយ​៣​ ជា​ពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​មាន​អំណាច​ និង​ត្រូវជា​ឪពុក​របស់​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ក៏​ដោយ​ បាន​ប្រាប់​ឬ​ក្រើនរំលឹក​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​ទទួល​បានការ​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ពី​ព្រះមហាក្សត្រ​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​ត្រូវជា​ឪពុក​ ចាប់តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៣​រួច​ហើយ​ទេ​មើលទៅ​ ទើប​លោក​ឧត្តមសេនីយ៍​យោធា​វ័យក្មេង​រូប​នេះ​នៅ​តែ​បន្ត​ពាក់​ផ្កាយ​២(​ឧត្តមសេនីយ៍ទោ​)​នៅ​លើ​ស្មា​តទៅ​ទៀត​ជា​ហូរហែ​ គិត​មក​ដល់​ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​ ដែល​បង្ហាញ​អំពី​កំហុសឆ្គង​យ៉ាងធ្ងន់ធ្ងរ​លើ​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ ប្រមាថ​នាយក​រដ្ឋមន្ត្រី​ជា​ឪពុក​ខ្លួនឯង​ និង​ក្លែងបន្លំ​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ ។​

​ព័ស្តុតាង​បាន​បង្ហាញ​ថា​ នា​ឱកាស​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ពល​ទាហាន​ថ្មី​ជំនាញ​ការពារ​អាកាស​ និង​បើក​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​នាយទាហាន​បង្គោល​ ព្រមទាំង​សម្ពោធ​សមិទ្ធផល​នានា​ក្នុង​ទីបញ្ជាការ​ បញ្ជាការដ្ឋាន​ការពារ​អាកាស​កងទ័ពជើងគោក​ ថ្ងៃ​ទី​១៨​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ លោក​ឧត្តមសេនីយ៍​វ័យក្មេង​ ហ៊ុន​ ម៉ា​ណែ​ត​ អាយុ​៣៦​ឆ្នាំ​ បាន​ពាក់​ផ្កាយ​២(​ឧត្តមសេនីយ៍ទោ​)​នៅ​លើ​ស្មា​ ខណៈ​ដែល​នៅ​លើ​ស្លាក​វេទិកា​កិត្តិយស​អ្នក​រៀបចំ​សរសេរ​ថា​ "​ឧត្តមសេនីយ៍ឯក​"​ គេហទំព័រ​សារព័ត៌មាន​កម្ពុជា​ថ្មី​របស់​លោកស្រី​ ហ៊ុន​ ម៉ា​ណា​ ជា​ប្អូនស្រី​របស់​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ក៏​បាន​ហៅ​ថា​ "​ឧត្តមសេនីយ៍ឯក​"​ និង​ជា​ពិសេស​ទៅ​ទៀត​ ខណៈ​ដែល​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ជូន​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ រួច​ហើយ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​

​តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​(www.dtn7.com)​ ដែល​បាន​រិះគន់​ស្ថាបនា​ ក្រើនរំលឹក​ជា​សាធារណៈ​ដល់​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ដែល​តែងតែ​ប្រើប្រាស់​ឯកសណ្ឋាន​ជា​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ពាក់​ផ្កាយ​២(​ឧត្តមសេនីយ៍ទោ​)​ ខណៈ​ដែល​ព្រះមហាក្សត្រ​បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ជូន​លោក​ឧត្តមសេនីយ៍​រូប​នេះ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៣​រួច​ហើយ​នោះ​ ត្រូវ​បាន​ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នៅ​កម្ពុជា​ បាន​រិះគន់​មក​លើ​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​វិញ​ថា​ "​ចេះ​តែ​ចុះ​ផ្សាយ​ផ្តេសផ្តាស​ ការណ៍​ដែល​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ ពាក់​ផ្កាយ​២​ មក​ពី​មិន​ទាន់​បាន​ធ្វើ​ពិធី​បំពាក់​ផ្កាយ​៣​ បន្ទាប់​ពី​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​រួច​មក​"​ ។​ តាម​ពិត​ ការ​រិះគន់​របស់​ក្រុម​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ នៅ​កម្ពុជា​មក​លើ​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ដូច្នេះ​ ដោយ​ភ្លេច​គិតពិចារណា​ឲ្យ​បាន​ល្អិតល្អន់​ថា​ តើ​អាច​សម​ហេតុ​សម​ផល​ដែរ​ឬទេ​ នៅ​ពេល​ដែល​ព្រះមហាក្សត្រ​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ និង​ត្រូវជា​ឪពុក​របស់​លោក​ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​ត្រាស់​បង្គាប់​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ជូន​លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​ណែ​ត​ តាំងពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ហើយ​រហូត​មក​ទល់​នឹង​ឆ្នាំ​២០១៤​ បែរជា​មិន​ទាន់​បាន​ធ្វើ​ពិធី​បំពាក់​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ជូន​លោក​ឧត្តមសេនីយ៍ទោ​ ហ៊ុន​ ម៉ា​ណែ​ត​ ទោះ​ពិធី​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ក្រោម​អធិបតីភាព​របស់​បុរស​ខ្លាំង​ក្តី​ ឬ​ក្រោម​អធិបតីភាព​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ តំណាង​ដ៏​ខ្ពង់ខ្ពស់​បុរស​ខ្លាំង​ក្តី​ ក៏​ដោយ​នោះ​ ?

​ដូច្នេះ​ ទោះ​ក្នុង​ហេតុផល​យ៉ាងណា​ក៏​ដោយ​ ក៏​ត្រូវ​បាន​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​ធ្វើការ​រិះគន់​ថា​ អំពើ​របស់​លោក​ឧត្តមសេនីយ៍​យោធា​ ហ៊ុន​ ម៉ា​ណែ​ត​ ប្រើប្រាស់​ឯកសណ្ឋាន​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ពាក់​ផ្កាយ​២​ ខណៈ​ដែល​ព្រះមហាក្សត្រ​តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​នាយក​រដ្ឋមន្ត្រី​ ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ផ្កាយ​៣​ជូន​លោក​ឧត្តមសេនីយ៍​រូប​នេះ​តាំងពី​ពាក់កណ្តាល​ឆ្នាំ​២០១៣​រូ​ច​ហើយ​នោះ​  គឺជា​ការ​ប្រព្រឹត្ត​កំហុស​ធ្ងន់ធ្ងរ​លើ​ការ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ ប្រមាថ​លើ​ឪពុក​ខ្លួនឯង​ជា​នាយក​រដ្ឋមន្ត្រី​ និង​ក្លែង​ឋានន្តរស័ក្តិ​ថ្នាក់ឧត្តម​សេនីយ៍​ថែម​ទៀត​ ដែល​ទាមទារ​ឲ្យ​លោក​ឧត្តមសេនីយ៍​ដ៏​មាន​ឥទ្ធិពល​រូប​នេះ​ធ្វើការ​ពិចារណា​ប្រកបដោយ​គតិបណ្ឌិត​ឡើង​វិញ​ ដ្បិត​បើ​រង់ចាំ​ការ​ក្រើនរំលឹក​ពី​ក្រុម​មន្ត្រី​ហែហម​ដង្ហែ​គាំទ្រ​មួយ​ចំនួន​នោះ​ គឺ​ពួក​គេ​ចេះ​តែ​ក្បាច់គុន​"​ហៃអើៗ​"​ប៉ុណ្ណោះ​ ទោះបី​ក្រុម​មន្ត្រី​ទាំងនោះ​ពាក់​ផ្កាយ​៣​ក៏​ដោយ​ ក៏​សុខចិត្ត​សំងំ​ស្ងៀម​អង្គុយ​នៅ​ពីក្រោយ​គណៈអធិបតី​ដែល​ជា​ឧត្តមសេនីយ៍​ពាក់​ផ្កាយ​២​ភ័ន្ត​ច្រឡំ​ដែរ​ ។​

​លោក​ ហ៊ុន​ ម៉ា​ណែ​ត​ បច្ចុប្បន្ន​អាយុ​៣៦​ឆ្នាំ​ នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ ត្រូវជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ ធ្លាប់​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ត្រី​(​ក្របខ័ណ្ឌ​នាយ​អាវុធហត្ថ​នៃ​កង​យោធពលខេមរភូមិន្ទ​)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១០៩/០៦៩​ ចុះ​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០០៩​ និង​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១២១០/៩២១​ ចុះ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១០​ ហើយ​ចុង​ក្រោយ​ត្រូវ​បាន​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ឯក​(​ផ្កាយ​៣)​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦១៣/៦៧១​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៣​ ។​

​បច្ចុប្បន្ន​ លោក​ឧត្តមសេនីយ៍ឯក​វ័យក្មេង​ ហ៊ុន​ ម៉ា​ណែ​ត​ បាន​និង​កំពុង​កាន់កាប់​មុខ​តំណែង​ជា​ច្រើន​ រួម​មាន​ ៖​ ១-​នាយ​រង​សេនាធិការ​ចម្រុះ​អគ្គបញ្ជាការ​នៃ​កង​យោធពលខេមរភូមិន្ទ​,​ ២-​មេបញ្ជាការ​រង​កងទ័ពជើងគោក​,​ ៣-​មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ និង​៤-​ជា​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.