ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ល្បី​ថា​លោក​អភិបាលស្រុក​បុរី​ជលសា​បង្កើត​ទីតាំង​ផលិត​ថ្នាំពុល​កសិកម្ម​ខុសច្បាប់​នៅ​ខេត្តតាកែវ​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ក្រោម​ឱវាទ​សាលាស្រុក​បុរី​ជលសា​ ខេត្តតាកែវ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ លោក​ ស៊ុត​ ខុន​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​បុរី​ជលសា​ បាន​លួច​បង្កើត​ទីតាំង​ផលិត​ថ្នាំពុល​កសិកម្ម​(​ដូច​ជា​ ថ្នាំ​សម្លាប់​សត្វល្អិត​,​ ថ្នាំ​ប៉ូវ​ស្រូវ​,​ថ្នាំ​បាញ់​ស្មៅ​…)​ ខុសច្បាប់​មួយ​កន្លែង​ឋិត​នៅ​កំពង់ទូក​កំពង់អំពិល​ ជាប់​នឹង​ការិយាល័យ​ពន្ធដារ​ស្រុក​បុរី​ជលសា​ ឃុំ​បុរី​ជលសា​ ស្រុក​បុរី​ជលសា​ ខេត្តតាកែវ​ អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ ដោយ​បាន​ជួល​ជនជាតិ​យួន​មាន​ជំនាញ​ខាង​ផលិត​-​លាយ​ថ្នាំពុល​កសិកម្ម​គ្រប់​ប្រភេទ​ចំនួន​៣​នាក់​ ប្រើប្រាស់​វត្ថុធាតុដើម​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ ដើម្បី​វេច​ខ្ចប់​ និង​ចែកចាយ​លក់​បន្ត​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​សេរី​ អាច​កើប​ប្រាក់​បាន​រាប់​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំៗ​ ។​

​ព័ត៌មាន​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ កន្លង​មក​ មាន​មន្ត្រី​ជំនាញ​ធ្លាប់​ចុះ​ទៅ​ត្រួតពិនិត្យ​ទីតាំង​ផលិត​-​លាយ​ថ្នាំពុល​កសិកម្ម​របស់​លោក​ ស៊ុត​ ខុន​ ជា​អភិបាលស្រុក​បុរី​ជលសា​នោះ​ខ្លះៗ​ដែរ​ ប៉ុន្តែ​ក្រុម​មន្ត្រី​ចុះ​យក​តែ​លុយ​ រួច​ហើយ​ត្រឡប់​ទៅ​វិញ​បាត់​ ។​

​លោក​ សន​ ថា​ ប្រធាន​ការិយាល័យ​កសិកម្ម​ស្រុក​បុរី​ជលសា​ បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ឲ្យ​ដឹង​ថា​ ទីតាំង​ផលិត​ថ្នាំពុល​កសិកម្ម​របស់​លោក​អភិបាលស្រុក​បុរី​ជលសា​នោះ​ មានច្បាប់​អនុញ្ញាត​ តែ​មិន​ទាន់​គ្រប់គ្រាន់​ពេញ​លក្ខណៈ​ ដោយ​លោក​ សៅ​ សំ​អុល​ ប្រធាន​ការិយាល័យ​នីតិកម្ម​និង​កសិកម្ម​ជា​អ្នក​អនុញ្ញាត​ ។​

​លោក​ សៅ​ សំ​អុល​ មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បញ្ជាក់​បាន​នៅឡើយ​ទេ​កាលពី​ថ្ងៃ​ម្សិលមិញ​ ពីព្រោះ​ទូរស័ព្ទ​របស់​លោក​បាន​បិទ​ ។​ ប៉ុន្តែ​លោក​ ញឹ​ប​ ស្រ៊ា​ន​ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ ក្នុងភូមិ​សាស្ត្រ​ខេត្តតាកែវ​គ្មាន​ការ​ផលិត​ថ្នាំពុល​កសិកម្ម​អ្វី​ឡើយ​ ពីព្រោះ​គ្មាន​ច្បាប់​អនុញ្ញាត​ រួម​ទាំង​ពី​តាំង​ផលិត​-​លាយ​ថ្នាំពុល​កសិកម្ម​របស់​លោក​អភិបាលស្រុក​បុរី​ជលសា​នោះ​ផង​ ។​

​ឯកឧត្តម​ ឡាយ​ វណ្ណៈ​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា​ ប្រសិនបើ​ទីតាំង​ផលិត​ថ្នាំពុល​កសិកម្ម​នោះ​គ្មាន​ច្បាប់​អនុញ្ញាត​ប្រាកដ​មែន​ សាលាខេត្ត​នឹង​ពិភាក្សា​ជាមួយ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​កន្លែង​ ហើយ​ធ្វើការ​រឹបអូស​ និង​បិទ​ទីតាំង​ចោល​តែ​ម្តង​ ។​

​ករណី​បង្កើត​ទីតាំង​ផលិត​ថ្នាំពុល​កសិកម្ម​របស់​លោក​អភិបាលស្រុក​បុរី​ជលសា​ ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ ព្រមទាំង​អាច​រំលោភ​បំពាន​ទៅ​លើ​មាត្រា​៣៥​នៃ​ច្បាប់​ស្តី​ពី​សហលក្ខន្តិកៈ​មន្ត្រីរាជការ​ស៊ី​វិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​នោះ​ គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ ស៊ុត​ ខុន​ អភិបាល​នៃ​គណៈ​អភិបាលស្រុក​បុរី​ជលសា​បាន​នៅឡើយ​ទេ​ ត្រឹម​វេលា​ព្រឹក​នា​ថ្ងៃ​អង្គារ​ ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ ។​

​លោក​ ស៊ុត​ ខុន​ ឋានន្តរស័ក្តិ​អនុមន្ត្រី​ថ្នាក់​លេខ​១០​ ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ ត្រូវ​បាន​តែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​បុរី​ជលសា​ ខេត្តតាកែវ​ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៧០៩​អន​ក្រ​.​ត​ត​ ចុះ​ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០០៩​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.