បទល្មើសព្រៃឈើដែលត្រូវបានដឹកជញ្ជូនយ៉ាងអនាធិបតេយ្យចេញពីស្រុកស្វាយលើ បានកើតឡើងកក្រើកខេត្តសៀមរាប តែមិនបង្កឲ្យមានការភ្ញាក់ផ្អើលរំខានដល់សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសរដ្ឋបាលព្រៃឈើស្រុកស្វាយលើបន្តិចណាឡើយ ហើយត្រូវបានមជ្ឈដ្ឋានប្រជាពលរដ្ឋសង្ស័យថា ក្រុមសមត្ថកិច្ចទាំងនោះត្រូវថ្នាំសណ្តំសញ្ញាម៉ាក "$" ផលិតនៅសហរដ្ឋអាមេរិក ទើបគ្រប់គ្នាងាប់ត្រគាកស្តូកកម្រើកលែងរួចបែបនេះ ។
ព័ស្តុតាងជាក់ស្តែងមួយក្នុងចំណោមព័ស្តុតាងជាច្រើនទៀត គឺកាលពីវេលាម៉ោង២១និង៣០នាទីរាត្រីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤កន្លងទៅ មានគោយន្តចំនួន៣គ្រឿង បានដឹកជញ្ជូនឈើប្រភេទលេខ២តាមផ្លូវជាតិលេខ២១០ មកកាន់ស្រុកស្វាយលើ ដោយបុរសឈ្មោះ ជិន ស្នា អាយុ២៣ឆ្នាំ និងបុរសឈ្មោះ លួន ផុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រគល់ឲ្យទៅថៅកែឈ្មោះ ទក និងឈ្មោះ ឈុត ខណៈមានមួយក្រុមទៀតបានដឹកជញ្ជូនឈើលេខ១ ដោយបុរសឈ្មោះ ហង ហ៊ុន អាយុ២៥ឆ្នាំ មានទីលំនៅភូមិលំទូក ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ប្រគល់ឲ្យទៅថៅកែឈ្មោះ សិលា យ៉ាងហ៊ឺហា គ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធណាមួយឡើយ ។
ក្រុមប្រជាពលរដ្ឋបានបង្ហើបបណ្តាញអ្នកសារព័ត៌មានថា មន្ត្រីរដ្ឋបាលព្រៃឈើស្រុកស្វាយលើដែលបានសហការគ្នាយ៉ាងស្អិតល្មួតជាមួយកងកម្លាំងយោធាភូមិភាគ៤ ឈរជើងនៅចំណុចផ្លូវបំបែកទៅត្រពាំងប្រាសាទ ដើម្បីការពារព្រៃឈើពូជនោះ បានយកលុយប្រចាំថ្ងៃពី៤ម៉ឺនរៀលទៅ៥ម៉ឺនរៀលក្នុង១គោយន្តពីប្រជាពលរដ្ឋដែលចូលទៅដឹកឈើចេញពីតំបន់ព្រៃពូជឈើទាំងនោះ ។
សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ មេត្តាចុះស៊ើបអង្កេត និងមានវិធានការទៅលើករណីបទល្មើសព្រៃឈើដែលកើតឡើងកក្រើកខេត្តសៀមរាបនោះផង ដ្បិតសមត្ថកិច្ចថ្នាក់ក្រោមត្រូវថ្នាំសណ្តំឈ្មួញឈើសញ្ញាម៉ាក "$" ផលិតនៅសហរដ្ឋអាមេរិកអស់ហើយ ៕