រត់ប្រណាំង Marathon ចក្រភពអង្គរលើកទី១ ឆ្នាំ២០១៤ ដែលជាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏មានសារៈសំខាន់ប្រចាំឆ្នាំនៅលើទឹកដីខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានបិទបញ្ចប់ដោយជោគជ័យ ជាមួយនឹងក្រុមកីឡាករចំនួន២.៦៣០នាក់(បរទេស១.២៥០នាក់ និងកម្ពុជា១.៣៧០នាក់)មកពី៤២ប្រទេសចូលរួម ។
ឯកឧត្តមបណ្ឌិត ថោង ខុន បានមានប្រសាសន៍បញ្ជាក់ថា "តាមបច្ចេកទេសកីឡា គឺបុព្វបុរសខ្មែរបានកសាងអង្គរដោយបន្សល់ទុកនូវលក្ខណៈបច្ចេកទេសត្រឹមត្រូវឥតខ្ចោះនៃចម្ងាយផ្លូវរត់តាមស្តង់ដារកីឡារួចជាស្រេច គឺពាក់ណ្តាល Marathon ២១គីឡូម៉ែត្រ រត់ជុំវិញវង់តូចអង្គរ និង Marathon ៤២,១៩៥គីឡូម៉ែត្រ រត់ជុំវិញវង់ធំអង្គរ។ លក្ខណៈធម្មជាតិ និងលក្ខណៈវិទ្យាសាស្ត្រទីតាំងនេះ បាននាំមកនូវការទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនបំផុត ដូច្នេះ កីឡា និងទេសចរណ៍ មិនអាចឋិតនៅឆ្ងាយពីគ្នាបានទេ " ។
ដោយឡែក ឯកឧត្តម វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាគណៈកម្មការគ្រប់គ្រងការប្រកួតបានថ្លែងឲ្យដឹងថា "សកម្មភាពកីឡាដែលទទួលបានការគាំទ្របែបនេះ ដោយសារយើងមានដៃគូសហការពីសហព័ន្ធខ្មែរអត្តពលកម្មស្មគ្រ័ចិត្ត ពិសេសដៃគូឧបត្ថម្ភ ដូចជាក្រុមហ៊ុន Cambrew Angkor Beer, Angkor Puro , Pepsi , ក្រុមហ៊ុន Smart, សណ្ឋាគារ Park Hyatte, Apsara Angkor និង Sokhalay Resort ដែលតែងតែរួមចំណែកឧបត្ថម្ភគាំទ្រព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលផ្តល់អត្តប្រយោជន៍ដល់សេវាកម្មទេសចរណ៍ផង និងសេដ្ឋកិច្ចជាតិផង" ។
លទ្ធផលរត់ប្រណាំង Marathon ចម្ងាយ១០គីឡូម៉ែត្រ ផ្នែកបុរសបានទៅលើកីឡាករកម្ពុជាទាំងអស់ដែលទទួលបានជ័យលាភី គឺ លេខ១ បានលើ គៀង សាម៉ន, លេខ២ បានលើ គង់ សីហា និងលេខ៣ បានលើ ហម បញ្ញា ។ រីឯផ្នែកនារី គឺលេខ១ បានលើ Sarah Hopkins មកពីអង់គ្លេស, លេខ២ បានលើ Hillary Acer មកពីអាមេរិក និងលេខ៣ បានលើ Rence Hulsmann មកពីកាណាដា ។
រត់ពាក់កណ្តាល Marathon ចម្ងាយ២១គីឡូម៉ែត្រ ផ្នែកបុរស គឺលេខ១ បានលើ Marjin Vander មកពីហូល្លង់, លេខ២ បានលើ Simon Lorelly មកពីបារាំង និងលេខ៣ បានលើ Joss Vasquez មកពីបារាំង ។ រីឯផ្នែកនារី គឺលេខ១ បានលើ Camilla Munch Nielsen មកពីដាណឺម៉ាក , លេខ២ បានលើ Shumei Jia មកពីចិន និងលេខ៣ បានលើ Petra Diener មកពីអាល្លឺម៉ង់ ។
រត់ Marathon ចម្ងាយ៤២,១៩៥គីឡូម៉ែត្រ ផ្នែកបុរស គឺលេខ១ បានលើ Neko Hiroshi ជនជាតិជប៉ុន សញ្ជាតិកម្ពុជា (ជាម្ចាស់ជើងឯកតំណាងឲ្យកម្ពុជា) លេខ២ បានលើ Ba Gan មកពីជប៉ុន និងលេខ៣ បានលើ Yann Defond មកពីបារាំង ។ រីឯផ្នែកនារី គឺលេខ១ បានលើ Veronique Messina មកពីបារាំង (ជាជើងឯកនារីផ្នែក Marathon) លេខ២ បានលើ Wai Fong-Cham មកពីចិន និងលេខ៣ បានលើ Marj Kauri មកពីហ្វាំងឡង់ ។
សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍រត់ប្រណាំង Marathon ចក្រភពអង្គរនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រេចឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)រៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ស្តង់ដារកីឡារត់ប្រណាំងដ៏ធំឈ្មោះថា "Angkor Empire Marathon" ដែលនឹងប្រព្រឹត្តធ្វើជារៀងរាល់ឆ្នាំនាខែសីហានៅខេត្តសៀមរាប ៕