ដោយមិនមានការផ្លាស់ប្តូរជំហរទេ គឺរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដែលមានឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រី នឹងរៀបចំឲ្យមានការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)លើកទី២ ចំពោះសិស្សជាបេក្ខជនប្រឡងធ្លាក់កាលពីលើកទី១ (កាលបរិច្ឆេទប្រឡងថ្ងៃទី០៤-០៥ ខែសីហា ឆ្នាំ២០១៤) គ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១៣-១៤ ខែតុលា ឆ្នាំ២០១៤ខាងមុខ ទោះបីទទួលរងនូវការរិះគន់ និងមានការផ្តល់ជាមតិយោបល់ពីមជ្ឈដ្ឋានខាងក្រៅយ៉ាងណាក៏ដោយ ។ ដូច្នេះ ក្នុងមួយឆ្នាំនឹងមានការប្រឡងបាក់ឌុបរហូតដល់ទៅចំនួន២លើក ដោយមានកាលបរិច្ឆេទប្រឡងខុសគ្នា ខណៈសិស្សជាបេក្ខជនប្រឡងជាប់ទទួលបានសញ្ញាបត្របាក់ឌុបដូចគ្នា ដែលក្នុងពិភពលោកយើងនេះទំនងជាគ្មានប្រទេសណាមួយអនុវត្តន៍ដូចកម្ពុជា ជា"ព្រះរាជាណាចក្រអច្ឆរិយៈ"របស់បុរសខ្លាំងឡើយ ។
ការអះអាងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលថា ទុកឱកាសឲ្យសិស្សជាបេក្ខជនប្រឡងធ្លាក់នាសម័យប្រឡងលើកទី១ បានត្រៀមខ្លួនប្រឹងប្រែងរៀនសូត្រសម្រាប់ការប្រឡងលើកទី២ ក្រោមការបំប៉នបន្ថែមពីគ្រូបង្រៀនចាត់ចែងពីសំណាក់ក្រសួងក៏ដោយ ក៏គេអាចកាត់យល់បានថា គឺបុរសខ្លាំងមានបំណងចង់ស្រោចស្រង់ឲ្យសិស្សបានជាប់ច្រើន ជាងការប្រឡងលើកទី១ តាមការបន្ធូរបន្ថយវិញ្ញាសាប្រឡងកុំឲ្យតឹងតែង ឬពិបាកពេកចំពោះការប្រឡងលើកទី២ខាងមុខ ក្នុងន័យរំលេចឲ្យឃើញអំពីការយកចិត្តទុកដាក់របស់បុរសខ្លាំងចំពោះសិស្សានុសិស្សជាបេក្ខជនប្រឡង និងផ្គាប់ចិត្តដល់ថៅកែសាកលវិទ្យាល័យដែលព្រួយបារម្ភខ្លាចសាលាដួលរលំ ដោយគ្មានសិស្សចូលរៀនផង ។
ពាក្យស្លោក"អ្នកចេះ គឺជាប់" របស់ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លែងសូវមានន័យខ្លឹមសារ ការប្រឹងប្រែងដ៏ស្វាហាប់របស់មន្ត្រីអង្គភាពប្រឆាំងអំពើពុកលួយ(ACU) ចូលរួមសង្កេតការណ៍ជាមួយក្រសួងអប់រំ យុវជន និងកីឡាករនាសម័យប្រឡងលើកទី១ ក្លាយជាឥតប្រយោជន៍ ឪពុកម្តាយ អាណាព្យាបាលសិស្សដែលខិតខំរៀនសូត្រ និងអ្នកគ្រូ លោកគ្រូ បុគ្គលិកសិក្សាដែលប្រឹងប្រែងអនុវត្តន៍តាមបញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា នាពេលប្រឡងលើកទី១ ទទួលរងនូវការបាក់ទឹកចិត្ត ថវិកាជាតិត្រូវបានចំណាយមួយលើកទៀត សម្រាប់ការប្រឡងនៅលើកទី២ (ប្រឡងលើកទី១បានចំណាយថវិកាជាតិអស់ប្រមាណ៤លានដុល្លារអាមេរិក) ។
លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) លើកទី១ដែលមានបេក្ខជនប្រឡងជាង៩ម៉ឺននាក់នោះ នឹងត្រូវប្រកាសនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ខាងមុខ នៅរាជធានីភ្នំពេញ និងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤ នៅមណ្ឌលប្រឡងតាមបណ្តាខេត្តនានា ។
រួមសេចក្តីមក ការប្រឡងបាក់ឌុបឆ្នាំ២០១៤ដែលប្រព្រឹត្តទៅចំនួន២លើក ធ្វើឲ្យរវល់ដល់មន្ត្រីពាក់ព័ន្ធចំនួន២លើក បេក្ខជនប្រឡងចំនួន២លើក(ចំពោះបេក្ខជនប្រឡងធ្លាក់លើកទី១) ចំណាយថវិកាជាតិ និងថវិការបស់សាមីបេក្ខជនប្រឡងអស់ចំនួន២លើក…នឹងក្លាយទៅជាប្រវត្តិសាស្ត្រថ្មីមួយក្នុងសម័យគ្រប់គ្រងអំណាចរបស់បុរសខ្លាំងធ្វើជានាយរដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាទី២ គឺបេក្ខជនប្រឡងជាប់ទទូលបានសញ្ញាបត្របាក់ឌុបដូចគ្នា ប៉ុន្តែមានកាលបរិច្ឆេទប្រឡងខុសគ្នា ៕