មានរឿងគួរឲ្យហួសចិត្តមួយបានកើតឡើងនាវេលាម៉ោង១៥និង៣០នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤នេះ ឋិតនៅតាមបណ្តោយមហាវិថីកងយោធពលខេមរភូមិន្ទ(ផ្លូវលេខ២៧១) សង្កាត់ទឹកល្អក់៣(ក្បែរអគ្គិសនីអូរបែកក្អម) ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយយុវជនស្ទាវម្នាក់បានផ្តួលទោចក្រយានយន្តរបស់ខ្លួនកំពុងជិះរត់ចោលម៉ូតូ ឲ្យតែបានរួចជីវិតពីការតាមវាយដោយយុវជនស្ទាវមួយក្រុមទៀតប្រដាប់ដោយដំបងដែកទីប តាមផ្លូវសាធារណៈ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងគេបានឃើញយុវជនស្ទាវម្នាក់ជិះទោចក្រយានយន្តម៉ាក Scoopy ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 1BJ-7172 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្តោយមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ខណៈដែលមានយុវជនស្ទាវមួយក្រុមទៀតចំនួនពី៤នាក់ទៅ៦នាក់ ជិះទោចក្រយានយន្តចំនួន៣គ្រឿងមិនចាំម៉ាក ប្រដាប់ដោយដំបងដែកទីបតាមដេញវាយទៅលើយុវជនស្ទាវម្នាក់នោះ រហូតមកដល់ជិតក្រុមហ៊ុនអគ្គិសនីកម្ពុជាអូរបែកក្អម ធ្វើឲ្យយុវជនស្ទាវដែលជិះទោចក្រយានយន្តម៉ាក Scoopy ម្នាក់ឯងផ្តួលម៉ូតូចោលរត់យករួចខ្លួនបាត់ស្រមោល ។ រីឯក្រុមយុវជនស្ទាវដែលដេញវាយមនុស្សតាមដងផ្លូវសាធារណៈយ៉ាងគឃ្លើននោះ ក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោលអស់ផងដែរ ។
ក្រុមប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បានលាន់មាត់ថា ករណីនេះអាចផ្តើមឡើងពីការទំនាស់គ្នានៅកន្លែងណាមួយមកហើយ ទើបបណ្តាលឲ្យមានយុវជនស្ទាវទាំងក្រុមតាមដេញវាយគ្នាតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យបែបនេះ ។ នេះគឺជាធនធានមនុស្សរបស់យុវជនសម័យថ្មីមួយចំនួនគួរឲ្យព្រួយបារម្ភបំផុត ដែលមិនអាចក្លាយជាទំពាំងស្នងឫស្សី បែរក្លាយទៅជា"ទំពាំងស្អុយ"ទៅវិញ ៕