ពលករខ្មែរដែលទៅធ្វើការខុសច្បាប់នៅប្រទេសថៃក្នុងចំនួនរាប់ម៉ឺននាក់ ត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនមកស្រុកខ្មែរវិញ កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៤កន្លងទៅ ធ្វើឲ្យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាម៉ាស់មុខមិនស្ទើររួចម្តងមកហើយៗអាជ្ញាធរកម្ពុជាក៏បានចំណាយលុយកាក់មិនតិចជាង៥លានដុល្លារអាមេរិកឡើយ ក្នុងការបម្រើសេវាដឹកជញ្ជូនពលករខ្មែរទាំងនោះទៅស្រុកកំណើតរៀងៗខ្លួននៅតាមបណ្តាខេត្តនានា ។
ដោយឡែក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះដែរ កម្មករខ្មែរដែលប្រើកម្លាំងពលកម្មអូសរទេះដឹកទំនិញនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជិត២០នាក់ ត្រូវបានទាហានឈុតខ្មៅថៃចាប់ឃុំឃាំងក្រោមបទចោទប្រកាន់ថា បានលួចបង្កប់ទំនិញខោអាវគីប(ជជុះ)បំពានលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនថៃមួយ រហូតធ្វើឲ្យក្រុមកម្មករខ្មែរ និងអាជីវករខ្មែរលក់ដូរនៅផ្សាររុងក្លឿជាច្រើននាក់ខឹងសម្បា លើកគ្នាតវ៉ាបិទច្រកទ្វារព្រំដែនកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ ដើម្បីដាក់សម្ពាធឲ្យមានការដោះលែង កម្មករខ្មែរដែលអាជ្ញាធរថៃចាប់ឃុំខ្លួនទាំងនោះទទួលបានសេរីភាពវិញ ។
រឿងរ៉ាវពលករខ្មែរដែលទៅធ្វើការខុសច្បាប់នៅប្រទេសថៃក្នុងចំនួនរាប់ម៉ឺននាក់ ហើយត្រូវបានអាជ្ញាធរថៃចាប់បញ្ជូនត្រឡប់មកវិញនាពេលកន្លងទៅនោះ គឺត្រូវបានក្រុមមន្ត្រីប្រចាំាការនៅច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងច្រករបៀប ទាំងច្រកអន្តរជាតិ (ជាពិសេសច្រករបៀង) ទទួលលុយកាក់ពីក្រុមមេខ្យល់ រូចហើយបើកដៃឲ្យដឹកនាំពលករខ្មែរទៅធ្វើការខុសច្បាប់នៅប្រទេសថៃតែម្តង ដោយមិនខ្វល់នឹងការអំពាវនាវរបស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីឡើយ ហើយពលករខ្មែរទាំងនោះក៏មិនមែនហោះហើរកាត់តាមលើមេឃចូលទៅទឹកដីថៃបានដែរ ។ នេះគឺជារូបភាពនៃអំពើពុករលួយរបស់ក្រុមមន្ត្រីក្រោមឱវាទបុរសខ្លាំង ប្រចាំការនៅតាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃតាមលំដាប់ថ្នាក់ ។
រីឯករណីរំលោភលើកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនថៃមួយឈ្មោះ លី តាស៊ីត លើការនាំចូលខោអាវគីបពីស្រុកខ្មែរ លួចយកទៅលក់នៅទីផ្សាររុងក្លឿក្នុងទឹកដីប្រទេសថៃនោះ គឺពិតជាមានមែន ទើបអាជ្ញាធរថៃចាប់នូវទំនិញល្មើសដែលដាក់បង្កប់តាមរទេះអូសរបស់កម្មករខ្មែរ ខណៈដែលទំនិញខោអាវគីបជាកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនថៃឈ្មោះ លី តាស៊ីត ហើយត្រូវបានក្លែងបន្លំនាំចេញពីស្រុកខ្មែរទៅនោះ ក៏មិនអាចហោះហើរកាត់តាមលើមេឃបានដែរ គឺត្រូវតែឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ឬច្រករបៀងនានា ។ ដូច្នេះ ការណ៍ដែលទំនិញក្លែងបន្លំទាំងឡាយនាំចេញពីស្រុកខ្មែរចូលទៅស្រុកថៃដោយខុសច្បាប់រហូតដល់ត្រូវអាជ្ញាធរថៃចាប់បាននោះ គឺបានបង្ហាញអំពីរូបភាពនៃអំពើពុករលួយ ឬអសមត្ថភាពរបស់មន្ត្រីប្រចាំការនៅតាមបណ្តាច្រកទ្វារព្រំដែនកម្ពុជា-ថៃ ដូចករណីវត្តមានពលករខ្មែរទៅធ្វើការខុសច្បាប់នៅប្រទេសថៃដែរ ។
សរុបសេចក្តីមក ទាំងនេះគឺជាព័ស្តុតាងដែលបង្ហាញឲ្យឃើញអំពីរូបភាពនៃការប្រព្រឹត្តអំពើពុករលួយធំៗចំនួន២ករណីរបស់មន្ត្រីអាជ្ញាធរច្រកទ្វារព្រំដែនកម្ពុជា-ថៃ បាននិងកំពុងបំបាក់មុខបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យអាម៉ាស់បំផុតលើឆាកជាតិ និងឆាកអន្តរជាតិ(ជាពិសេសខ្មាសប្រទេសថៃតែម្តង) ។
សូមបុរសខ្លាំងមេត្តាភ្ញាក់រលឹកឡើង ហើយធ្វើការត្រួតពិនិត្យ និងមានវិធានការទៅលើមន្ត្រីពុករលួយដែលប្រចាំការនៅតាមច្រកទ្វារព្រំដែនកម្ពុជា-ថៃទាំងនោះផង ដើម្បីកុំឲ្យបន្តបាក់មុខ បាក់មាត់តទៅទៀត ៕