ថ្លែងនៅក្នុងអង្គសិក្ខាសាលាមួយស្តីពីការតស៊ូប្រឆាំងអំពើពុករលួយ រៀបចំឡើងដោយអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី ប៉ាស៊ីហ្វិក(APEC) លោក Huang Shuxian រដ្ឋមន្ត្រីក្រសួងត្រួតពិនិត្យចិន បានឲ្យដឹងកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤កន្លងទៅថា មានមន្ត្រីចិនជាង៨៤.០០០នាក់ ត្រូវទទួលរងទណ្ឌកម្មខាងរដ្ឋបាល និងវិន័យរបស់បក្សកុម្មុយនិស្តចិន ក្នុងឆមាសទី១ ឆ្នាំ២០១៤នេះ ដោយមានការកើនឡើងប្រមាណ៣០ភាគរយ ។
កាលពីឆ្នាំ២០១៣កន្លងទៅ អាជ្ញាធរចិនទទួលបន្ទុកខាងវិន័យ និងត្រួតពិនិត្យបានទទួលបណ្តឹងបរិហារប្រមាណជា១,៩៥លានករណី ដោយទទួលពិនិត្យលើបណ្តឹងបានជាង១៧២.០០០ករណី និងដាក់ទណ្ឌកម្មមន្ត្រីចំនួន១៨២.០០០នាក់ ខណៈសំណុំរឿងរបស់មន្ត្រីចំនួន៩.៦០០នាក់ត្រូវបានផ្ទេរទៅអាជ្ញាធរតុលាការចាត់ការជាសមត្ថកិច្ច ។
សារព័ត៌មាន China Daily ធ្លាប់បានដកស្រង់សម្តីលោក Liao Jinrong ប្រធានការិយាល័យទទួលបន្ទុកទំនាក់ទំនងការបរទេសរបស់ស្នងការប៉ូលិសចិន ឲ្យដឹងថា មានមន្ត្រីជាន់ខ្ពស់ចិនដល់ចំនួន១៥០នាក់ដែលប្រឈមនឹងការស៊ើបអង្កេតពីបទប្រព្រឹត្តអំពើពុករលួយ បានរត់គេចទៅសំងំលាក់ខ្លួនរស់នៅសហរដ្ឋអាមេរិក ដោយសារចិននិងអាមេរិកមិនទាន់មានកិច្ចព្រមព្រៀងដោះដូរអ្នកប្រព្រឹត្តល្មើស និងទំនាក់ទំនងនយោបាយរវាងអាមេរិកនិងចិនមិនសូវល្អ ជាហេតុធ្វើឲ្យការបញ្ជូនមន្ត្រីពាក់ព័ន្ធនឹងអំពើពុករលួយទាំងនោះត្រឡប់មកស្រុកចិន ដើម្បីកាត់ទោសជួបការលំបាក ហើយក៏ជាឱកាសឲ្យក្រុមមន្ត្រីពុករលួយដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅប្រទេសចិន សម្រេចទៅរស់នៅសហរដ្ឋអាមេរិក ដើម្បីសោយសុខនៅលើគំនរទ្រព្យសម្បត្តិលុយកាក់របស់ពួកគេ ។
អាជ្ញាធរតុលាការចិនធ្លាប់បានប្រកាសឲ្យដឹងកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៤កន្លងទៅថា លោក Wang Zongnan បច្ចុប្បន្នជាពាណិជ្ជករ និងអតីតជាអ្នកទទួលខុសត្រូវខាងនយោបាយក្រុងសៀងហៃម្នាក់ ដែលគេស្គាល់ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយលោក Jiang Zemin អតីតប្រធានាធិបតីចិន និងអតីតជាដៃស្តាំរបស់លោក Chan Liangyu អតីតប្រមុខបក្សកុម្មុយនិស្តក្រុងសៀងហៃ ដែលមានរឿងអាស្រូវពុករលួយដ៏ធំ ហើយទទួលបានការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១៨ឆ្នាំ កាលពីអំឡុងឆ្នាំ២០០៨នោះ ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើពុករលួយ បន្ទាប់ពីមានការស៊ើបអង្កេតអស់រយៈពេលចំនួន២សប្តាហ៍រួចមក ។
សូមបញ្ជាក់ជូនថា ចាប់តាំងពីលោក Xi Jinping បានឡើងកាន់តំណែងជាប្រធានាធិបតីចិនមក លោកបានដាក់ចេញនូវគោលនយោបាយកម្ចាត់អំពើពុករលួយក្នុងជួរមន្ត្រីរដ្ឋការរបស់ចិន ពីថ្នាក់លើដល់ថ្នាក់ក្រោម មិនគិតថាជាមន្ត្រីមានស្នាដៃធំធេងក្នុងសង្គមអ្វីនោះឡើយ ជាហេតុធ្វើឲ្យមន្ត្រីចិនជាប់សង្ស័យនឹងអំពើពុករលួយជាច្រើននាក់បានខ្លាចរអា និងរត់គេចខ្លួនទៅរស់នៅឯបរទេស និងខ្លះទៀតក៏បានលួចផ្ទេរលុយកាក់ពុករលួយរបស់ខ្លួនបញ្ជូនទៅលាងនៅក្នុងប្រទេសមួយចំនួន ៕