មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ និងក៏មិនធ្លាប់មានកន្លងមក បានកើតឡើងកាលពីវេលាម៉ោង២១និង៤៥នាទី រាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះ ឋិតនៅផ្ទះសំណាក់យីហោ "អង្គរមានឫទ្ធិ" ក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយគូសង្សារវ័យក្មេងមួយគូ ត្រូវភ្លើងស្នេហ៍ដុតអារម្មណ៍រោលរាលមិនអាចទ្រាំបាន ក៏រួមរ័កគ្នារហូតបណ្តាលឲ្យដៃគូខាងស្រីដាច់ខ្យល់ស្លាប់ ហើយយុវជនដែលរួមរ័កជាមួយសង្សារនោះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនភ្លាមៗ ក្នុងសំណុំរឿង"រួមដំណេកលុះក្ស័យ" ។
យុវជនមាឌមាំពេញកម្លាំងដូចក្របីឡើងក ដែលរួមរ័កជាមួយសង្សារ បណ្តាលឲ្យនាងដាច់ខ្យល់ស្លាប់ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ ម៉ាន់ គឹមហួង អាយុ២១ឆ្នាំ មុខរបរជាជាងផ្សារដែកនៅរាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកកោះសូទិន ខេត្តកំពង់ចាម ។ រីឯនារីរងគ្រោះដែលស្លាប់បាត់បង់ជីវិតក្រោយពេលរួមរ័កជាមួយសង្សាររួចមកនោះ មានឈ្មោះ ឡូយ ឡាយអ៊ីម (ហៅហ៊ីម) អាយុ២០ឆ្នាំ រស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានមុខរបរជាបុគ្គលិកបម្រើការងារនៅហាងកូរ៉េម្តុំមុខមន្ទីរពេទ្យគន្ធបុប្ផា ។
នៅចំពោះមុខសមត្ថកិច្ច យុវជនឈ្មោះ ម៉ាន់ គឹមហួង បាននិយាយថា ខ្លួននិងនាងជាសង្សារបានស្គាល់គ្នាតាមរយៈទូរស័ព្ទអស់រយៈជិត១ឆ្នាំមកហើយ ដោយបានសារសងស្នេហាអូនបងជាមួយគ្នាតាមទូរស័ព្ទយ៉ាងល្អូកល្អឺនផ្អែមល្ហែមបំផុត ទើបនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ខ្លួនក៏បានជិះរថយន្តក្រុងពីរាជធានីភ្នំពេញស្កាត់មករកជួបនាងជាសង្សារទាំងក្តីនឹករលឹកដល់ក្រុងសៀមរាប ។ ពេលមកដល់ក្រុងសៀមរាប ពួកខ្លួនបានណាត់គ្នាមកគេងនៅផ្ទះសំណាក់យីហោ "អង្គរមានឫទ្ធិ" ហើយបានរួមរ័កជាមួយគ្នា ប៉ុន្តែមិនទាន់បានដល់ចំណុចកំពូលពេញលេញផង ស្រាប់តែមានឈាមហូរមិនដាច់ចេញពីយោនីរបស់នាង ។ ក្នុងស្ថានភាពបែបនេះ ខ្លួនបានដឹកបញ្ជូននាងជាសង្សារទៅកាន់មន្ទីរពេទ្យតាមម៉ូតូឌុប តែជាអកុសល មិនទាន់ដល់មន្ទីរពេទ្យផង នាងក៏បានដាច់ខ្យល់ស្លាប់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើល ហើយត្រូវបានសមត្ថកិច្ចនគរបាលចាប់ឃាត់ខ្លួនតែម្តង ។
យុវជន ម៉ាន់ គឹមហួង បានបន្ថែមថា ការស្លាប់របស់សង្សារបណ្តូលចិត្តដែលផ្តើមចេញពីការរួមរ័កជាមួយគ្នានេះ ខ្លួនមិនបានធ្វើអ្វីជាហិង្សាទៅលើរូបនាងទេ និងនៅមុនពេលរួមរ័កក៏មិនបានប្រើថ្នាំជំនួយអ្វីដែរ គឺបានរួមរ័កជាធម្មតាតាមធម្មជាតិក្នុងដៃគូមួយទល់នឹងមួយប៉ុណ្ណោះ ។
សមត្ថកិច្ចនគរបាលជំនាញបច្ចេកទេសនៅក្រោយពេលពិនិត្យសាកសពនារីរងគ្រោះ បានអះអាងថា នារីរងគ្រោះបានរហែកដាច់សន្ទះព្រហ្មចារិនីរហូតដល់ស្បូន ខណៈកោសល្យវិច័យពេទ្យបានបញ្ជាក់ថា ប្រដាប់ភេទរបស់នារីរងគ្រោះបានទទួលរងប៉ះទង្គិចជាមួយវត្ថុរឹងយ៉ាងធ្ងន់ធ្ងរ ។
ដោយឡែក ខាងក្រុមគ្រួសារសាច់ញាតិនារីរងគ្រោះ ទន្ទឹមនឹងមមាញឹកចាត់ចែងធ្វើបុណ្យបានប្រពៃណីជូនសពនារីរងគ្រោះនោះ ក៏បានដាក់ពាក្យបណ្តឹងមកសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរួចហើយៗសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតសំណុំរឿង"រួមដំណេកលុះក្ស័យ"នេះជាបន្តបន្ទាប់ ៕