នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ខាងមុខ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា(BAKC) នឹងរៀបចំការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១០(២០១៤-២០១៦) ក្នុងមហាសន្និបាតលើកទី១៩របស់ខ្លួន នៅសណ្ឋាគារ NAGA WORLD រាជធានីភ្នំពេញ ។
យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវីនាសម័យប្រជុំថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានឯកឧត្តម ប៊ុន ហុន ជាប្រធានគណៈមេធាវី បានចេញលិខិតលេខ១៥៣៤/គ.ម/១៤ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ ជម្រាបជូនសមាជិក-សមាជិកាគណៈមេធាវីទាំងអស់ឲ្យបានជ្រាបថា ក្រុមប្រឹក្សាគណៈមេធាវីបានពិនិត្យ និងសម្រេចជាផ្លូវការលើលក្ខណៈសម្បត្តិរបស់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១០ (២០១៤-២០១៦) ដោយបានសម្រេចទទួលស្គាល់បេក្ខជនប្រធានគណៈមេធាវីចំនួន២នាក់ គឺ ៖ ១-លោកមេធាវី ប៊ុន ហុន អត្តលេខ១៤១ និង ២-លោកមេធាវី សោម ច័ន្ទឌីណា អត្តលេខ០២៨ ។
អនុលោមតាមបទបញ្ជាផ្ទៃក្នុងសម្រាប់ការបោះឆ្នោតជ្រើសតាំងប្រធានគណៈមេធាវីអាណត្តិទី១០(២០១៤-២០១៦) គឺការឃោសនាបោះឆ្នោតដែលមានរយៈពេល៣០ថ្ងៃ អាចដំណើរការទៅបានគិតចាប់ពីថ្ងៃទី១៦ ខែកញ្ញា រហូតដល់ម៉ោង២៤ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ខាងមុខ ។
មាត្រា៩នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី បានចែងថា "គណៈមេធាវីត្រូវបានដឹកនាំដោយប្រធានមួយរូប និងគ្រប់គ្រងដោយក្រុមប្រឹក្សាគណៈមេធាវី ។ ប្រធានគណៈមេធាវីត្រូវបានបោះឆ្នោតជ្រើសតាំងសម្រាប់អាណត្តិ២ឆ្នាំ ។ អាណត្តិនេះអាចត្រូវបានបន្តតែមួយអាណត្តិទៀតដោយវិធីបោះឆ្នោត ។" និងមាត្រា១៦នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីដដែលនេះ បានចែងដែរថា "ការបោះឆ្នោតត្រូវបានរៀបចំឡើងដោយមហាសន្និបាតនៃគណៈមេធាវី២ឆ្នាំម្តង ចំពោះប្រធានគណៈមេធាវី និង៣ឆ្នាំម្តង ចំពោះសមាជិកនៃក្រុមប្រឹក្សាគណៈមេធាវី ។ ការបោះឆ្នោតនេះត្រូវប្រព្រឹត្តជាសម្ងាត់ និងជាឯកនាម ហើយអាចធ្វើជា២លើកបាន ។ ការបោះឆ្នោតលើកទី១ប្រព្រឹត្តទៅដោយយកតាមសំឡេងភាគច្រើនដាច់ខាតនៃសមាជិកគណៈមេធាវីទាំងមូល និងលើកទី២ ដោយយកតាមសំឡេងភាគច្រើននៃសមាជិកវត្តមាន ។ ក្នុងករណីមានសំឡេងស្មើគ្នា មេធាវីដែលមានវ័យចាស់ជាងគេត្រូវបានជ្រើសតាំង ។" ។
លោកមេធាវី ប៊ុន ហុន អាយុ៤១ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៧ ក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ១៤១ និងបច្ចុប្បន្ន លោកមេធាវីរូបនេះកំពុងកាន់មុខតំណែងជាប្រធានគណៈមេធាវីអាណត្តិទី៩(២០១២-២០១៤) ។ លោកមេធាវី ប៊ុន ហុន អតីតជាអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងលោកក៏ទទួលបានការតែងតាំងផងដែរជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៩/១៥១ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៩ ពោលគឺលោកមេធាវី ប៊ុន ហុន ត្រូវមានងារជា "ឯកឧត្តម" ។
ដោយឡែក លោកមេធាវី សោម ច័ន្ទឌីណា អាយុ៥០ឆ្នាំ បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៩៥ ក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អត្តលេខ០២៨ និងបច្ចុប្បន្នលោកមេធាវីរូបនេះកំពុងកាន់កាប់តំណែងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលតែងតាំងដោយព្រះរាជក្រឹត្យលេខនស/រកត/រកត/១០១២/៩៤៥ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១២ ពោលគឺលោកមេធាវី សោម ច័ន្ទឌីណា ទទួលបានងារជា"ឯកឧត្តម" ដូចលោកមេធាវី ប៊ុន ហុន ដែរ ៕