ពិតជាគួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តពន់ពេក នៅពេលដែលបានឃើញក្រុមយុវជនស្ទាវៗមួយចំនួនបានក្លែងស្លាកលេខបំពាក់លើទោចក្រយានយន្តរបស់ខ្លួន ទៅជារឿងលេងសើចកំប្លុកកំប្លែង ធ្វើចរាចរណ៍តាមដងផ្លូវសាធារណៈ បង្អួតភ្នែកសមត្ថកិច្ចនគរបាលចរាចរណ៍ នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ដោយដាក់ថា "ហាមសើច, ល្ងាចដើរលេង និង គី.គី.លូ…" ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង បានឲ្យដឹងថា ក្រុមយុវជនស្ទាវៗដែលប្រើប្រាស់ស្លាកលេខទោចក្រយានយន្តក្លែងចេញដោយខ្លួនឯង ធ្វើចរាចរណ៍តាមផ្លូវសាធារណៈទាំងនោះ ត្រូវសមត្ថកិច្ចចាប់បានយកមកធ្វើការអប់រំ និងតម្រូវឲ្យដោះស្លាកលេខផ្តេសផ្តាសចោល ហើយក៏អនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ ដោយមិនមានការដាក់ទោសទណ្ឌអ្វីទេ (Sic !) ។
ប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង បាននិយាយឲ្យដឹងថា ក្រុមយុវជនស្ទាវៗដែលប្រើប្រាស់ស្លាកលេខទោចក្រយានយន្តផ្តេសផ្តាសច្នៃចេញដោយចិត្តឯងនោះ គឺសុទ្ធតែជាកូនចៅរបស់អ្នកមានអំណាច អ្នកធំ និងអ្នកមានលុយកាក់ក្នុងខេត្តបាត់ដំបង ទើបពួកគេហ៊ានប្រព្រឹត្តផ្គើននឹងច្បាប់ចរាចរណ៍ផ្លូវគោកបែបនេះ ។
មន្ត្រីរាជការចូលនិវត្តន៍ដែលរស់នៅខេត្តបាត់ដំបងម្នាក់ បាននិយាយរបៀបកំប្លែងលេងថា ក្រុមយុវជនទាំងនោះពាក់ស្លាកលេខម៉ូតូដាក់ថា "ហាមសើច" ត្រូវប៉ូលិសចាប់បាន ហើយដោះលែងវិញ ដូច្នេះបើថ្ងៃក្រោយទៀត ក្រុមយុវជនដដែល ឬក្រុមយុវជនផ្សេងៗពាក់ស្លាកលេខម៉ូតូដាក់ថា "ហាមចាប់ខ្ញុំ" គឺទំនងជាប៉ូលិសលែងហ៊ានចាប់ហើយមើលទៅ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា ការអនុវត្តច្បាប់ពោរពេញទៅដោយការរើសអើង មិនស្មើភាពគ្នារវាងអ្នកតូច និងអ្នកធំ រវាងអ្នកក្រ និងអ្នកមាន គឺរូបភាពអនាធិបតេយ្យ និងទំនើងនានានឹងកើតមានឡើងហើយ ដោយគ្មានអ្វីប្លែកទេក្នុងសង្គមបច្ចុប្បន្ននេះ ។
អនុលោមតាមមាត្រា៧៧នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចែងថា "ជនណាបានប្រើប្រាស់ប័ណ្ណបើកបរ ប័ណ្ណសម្គាល់យាន ស្លាកលេខសម្គាល់យាន ឬលិខិតអនុញ្ញាតផ្សេងៗ ដោយដឹងថាជាវត្ថុក្លែងក្លាយ និងជនក្លែងប័ណ្ណបើកបរ ប័ណ្ណសម្គាល់យាន ឬលិខិតអនុញ្ញាតផ្សេងៗ ដើម្បីចរាចរយាន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ឬ/និងផ្តន្ទាទោសពិន័យជាប្រាក់ពី៤លានរៀល ទៅ១០លានរៀល" ដូច្នេះ ការណ៍ដែលសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដែលចាប់ក្រុមយុវជនពាក់ស្លាកលេខទោចក្រយានយន្តក្លែង រួចហើយដោះលែងវិញដោយមិនមានការកសាងសំណុំរឿងបញ្ជូនទៅតុលាការឲ្យផ្តន្ទាទោសតាមច្បាប់នោះ គឺធ្វើឲ្យមជ្ឈដ្ឋាននានាសង្ស័យថា សមត្ថកិច្ចយ៉ាងហោចណាស់ក៏ទទួលបានលុយពីជនល្មើសក្នុងម្នាក់ៗចំនួន៤លានរៀល ដាក់ក្នុងហោប៉ៅដែរ ៕