ប្រភពព័ត៌មានច្បាស់ការណ៍ពីស្ថាប័នតុលាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារលំបាកក្នុងការអញ្ជើញឯកឧត្តមមេធាវី យ៉ោក សម្បូណ៌ ជាមេធាវីតំណាងដោយអាណត្តិឲ្យអាណត្តិទាយិកាជាសហដើមចោទឈ្មោះ គឹម ហួយ និងឈ្មោះ លួស វណ្ណី ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ០៧៧ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ របស់សាលាឧទ្ធរណ៍ ឲ្យមកបំពេញនីតិវិធីទាញហេតុផលដោយផ្ទាល់មាត់(សវនាការជំនុំជម្រះ)នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ខាងមុខនោះ ទើបលោកចៅក្រម ប៉ាក ច័ន្ទសំបូរ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចបិទផ្សាយជាសាធារណៈនូវលិខិតអញ្ជើញឯកឧត្តមមេធាវីរូបនេះនៅបញ្ជរព័ត៌មានរបស់សាលាឧទ្ធរណ៍តែម្តង ។ លើសពីនេះ ស្ត្រីឈ្មោះ លួស វណ្ណី និងស្ត្រីឈ្មោះ គឹម ហួយ ជាសហដើមចោទ និងជាអាណត្តិទាយិការបស់ឯកឧត្តមមេធាវី យ៉ោក សម្បូណ៌ នោះ ក៏មានការលំបាកលំបិនក្នុងការទំនាក់ទំនងផ្តល់ដីកាកោះផងដែរ ទើបសាលាឧទ្ធរណ៍សម្រេចបិទផ្សាយដីកាកោះជាសាធារណៈនៅបញ្ជរព័ត៌មានសាលាឧទ្ធរណ៍ដូចគ្នា ។
មន្ត្រីបម្រើការងារនៅសាលាឧទ្ធរណ៍មួយរូបបានមានប្រសាសន៍ឲ្យដឹងថា ការស្វែងរកឯកឧត្តមមេធាវី យ៉ោក សម្បូណ៌ ដើម្បីបញ្ជូនលិខិតអញ្ជើញមេធាវីឲ្យចូលរួមបំពេញនីតិវិធីផ្សេងៗនៅតុលាការ ទាំងតាមទូរស័ព្ទក្តី ទាំងតាមទៅកាន់ការិយាល័យមេធាវីផ្ទាល់ក្តី គឺ"យ៉ាប់"ខ្លាំងណាស់ ដែលលំបាកជាងអូសឫស្សីបញ្ច្រាសចុង ឬអូសរទេះឡើងភ្នំទៅទៀត ។
សូមបញ្ជាក់ជូនថា ការណ៍ដែលគេហទំព័រសារព័ត៌មានដើមត្នោតសម្រេចហៅលោកមេធាវី យ៉ោក សម្បូណ៌ ថាជា "ឯកឧត្តម មេធាវី យ៉ោក សម្បូណ៌"នោះ គឺដោយសារលោកមេធាវីដែលស្ថាប័នតុលាការលាន់មាត់ថា "យ៉ាប់" ទំនាក់ទំនងក្នុងការប្រគល់លិខិតអញ្ជើញឲ្យមកបំពេញនីតិវិធីផ្សេងៗរូបនេះ ត្រូវបានតែងតាំងជាទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី៣ មានឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១២/៥៦៨ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១២ ។
លោក យ៉ោក សម្បូណ៌ អាយុ៤៤ឆ្នាំ មានស្រុកកំណើតនៅខេត្តបាត់ដំបង បានធ្វើសច្ចាប្រណិធានចូលប្រកបវិជ្ជាជីវៈមេធាវីនាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០០៥ (ជំនាន់លោកមេធាវី គី តិច អត្តលេខ១៥៦ ធ្វើជាប្រធានគណៈមេធាវី) ក្លាយជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអត្តលេខ៤០៤ និងបច្ចុប្បន្ន អះអាងថាបម្រើការងារនៅក្នុងការិយាល័យមេធាវីអាស៊ានកម្ពុជា (CALO) ៕