ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

មន្ត្រី​យោធា​កង​អង្គរក្ស​ម្នាក់​បញ្ចប់ជីវិត​ប្រពន្ធ​និង​ជីវិត​ខ្លួនឯង​ដោយ​គ្រាប់កាំភ្លើង​ព្រោះ​ក្តី​ប្រចណ្ឌ​

​មាន​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អ​ល់​មួយ​ទាំង​យប់​បាន​កើតឡើង​វេលា​ម៉ោង​២៣​និង​១៥​នាទី​ ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៤​ម្សិលមិញ​នេះ​ នៅ​ចំណុច​ភូមិ​ព្រែក​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​ ដោយ​មន្ត្រី​យោធា​បម្រើ​ការងារ​ក្នុង​កង​អង្គរក្ស​ម្នាក់​ ដាច់​ចិត្ត​បាញ់​សម្លាប់​ប្រពន្ធ​ រួច​ហើយ​បាញ់​សម្លាប់​ខ្លួនឯង​តាម​ក្រោយ​ ដោយ​កាំភ្លើង​ម៉ាក​ K59​ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ថ្លុកឈាម​ទាំង​២​នាក់​ប្តី​-​ប្រពន្ធ​នៅ​លើ​គ្រែ​ បន្សល់​ទុក​នូវ​កូនប្រុស​អាយុ​២​ឆ្នាំ​ម្នាក់​ឲ្យ​កំព្រា​ឪពុក​ម្តាយ​ ។​

​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​កើតហេតុ​ ខណៈ​អ្នក​ភូមិ​រស់នៅ​ជិតខាង​កំពុង​សម្រាក​លង់លក់​ក្នុង​ស្បៃ​រាត្រី​ ស្រាប់តែ​ឮ​ស្នូរ​គ្រាប់កាំភ្លើង​ចំនួន​៣​គ្រាប់​ផ្ទួនៗ​គ្នា​ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ទាំង​យប់​ ទន្ទឹម​គ្នា​នឹង​ឮ​សំឡេង​ស្ត្រី​ចំណាស់​ជា​ម្តាយ​ស្ត្រី​រង​គ្រោះ​ស្រែក​ទ្រហោយំ​ រួច​អ្នក​ជិតខាង​ក៏​មក​សួរនាំ​ដើម្បី​ជួយ​ឈឺឆ្អាល​ ក៏​បានឃើញ​ប្តី​-​ប្រពន្ធ​ដេក​ស្លាប់​ទាំង​២​នាក់​នៅ​លើ​គ្រែ​តែ​មួយ​នៅ​ខាង​មុខ​ផ្ទះ​របស់​ឪពុក​ម្តាយ​ស្ត្រី​រង​គ្រោះ​ ។​

​ស្ត្រី​ចំណាស់​ដែល​ជា​ម្តាយ​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ឲ្យ​ដឹង​ថា​ កូនស្រី​របស់​គាត់​ឈ្មោះ​ អឿ​ង​ សុនី​តា​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ និង​កូនប្រសា​ឈ្មោះ​ ភឿន​ ចិន្តា​ អាយុ​២៤​ឆ្នាំ​ មានមុខរ​បរជា​ទាហាន​បម្រើ​ការងារ​ក្នុង​កង​អង្គរក្ស​នៅ​រាជធានី​ភ្នំពេញ​ រៀប​ការ​ជាមួយ​គ្នា​បានកូន​ប្រុស​ម្នាក់​អាយុ​២​ឆ្នាំ​ជា​ចំណងដៃ​ ។​

​ម្តាយ​របស់​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ កូនស្រី​គាត់​និង​កូនប្រសា​ទើប​មក​ពី​រាជធានី​ភ្នំពេញ​មក​លេង​គាត់​នៅ​ឯ​ស្រុក​ទីកន្លែង​កើតហេតុ​ ។​ មុន​ពេល​កើតហេតុ​ គាត់​បានឃើញ​កូនស្រី​ដេក​នៅ​លើ​អង្រឹង​ក្នុង​តូប​ជាប់​នឹង​ផ្ទះ​មាន​គ្រែ​មួយ​ ខណៈ​កូនប្រសា​គាត់​នៅ​នឹង​ដៃ​មាន​កាំ​ភេសជ្ជៈ​គោ​ជល់​២​កំប៉ុង​ដើរទៅ​ក្បែរ​គ្រែ​ រួច​និយាយ​ជាមួយ​ប្រពន្ធ​ដែល​កំពុង​ដេក​លើ​អង្រឹង​ ។​ បន្ត​មក​ គាត់​ឮ​សូរ​អ្នក​ទាំង​ពីរ​ប្រើ​ពាក្យ​សម្តី​ធ្ងន់ៗ​របៀប​ឈ្លោះប្រកែក​គ្នា​ និង​មួយសន្ទុះ​ក្រោយ​ទើប​ឮ​សំឡេង​ផ្ទុះ​ និង​ឮ​កូនប្រសា​ស្រែក​ប្រាប់​គាត់​ថា​ "​ម៉ែអើយ​…​មើល​កូន​ខ្ញុំ​ផង​ ខ្ញុំ​បាញ់​ប្រពន្ធ​ស្លាប់​ហើយ​"​ ។​ រួច​ហើយ​ក៏​ឮ​សំឡេង​ផ្ទុះ​ទៀត​ គាត់​ក៏​ដើរទៅ​មើល​ ស្រាប់តែ​ឃើញ​កូន​ទាំង​ពីរ​នាក់​ដេក​ស្លាប់​នៅ​លើ​គ្រែ​តែ​ម្តង​ ។​

​សមត្ថកិច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា​ បុរស​ជា​ប្តី​បាន​ប្រើ​កាំភ្លើង​ម៉ាក​ K59​ ដោយ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មាន​ស្នាម​ត្រូវ​គ្រាប់កាំភ្លើង​ចំនួន​១​គ្រាប់​ចំ​សៀតផ្កា​ខាងឆ្វេង​ធ្លាយ​ទៅ​ខាងស្តាំ​ និង​ប្តី​ត្រូវ​គ្រាប់កាំភ្លើង​១​គ្រាប់​ចំ​សៀតផ្កា​ខាងស្តាំ​ធ្លា​យមក​ខាងឆ្វេង​ និង​មាន​បន្សល់​សម្បក​ក្បាល​គ្រាប់​ចំនួន​៣​គ្រាប់​ នៅ​កន្លែង​កើតហេតុ​ ។​

​ករណី​នេះ​សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា​ ជា​អំពើ​ឃាតកម្ម​ និង​អត្តឃាត​ ដោយ​ប្តី​បាញ់​សម្លាប់​ប្រពន្ធ​ រួច​ហើយ​បាញ់​សម្លាប់​ខ្លួនឯង​ធ្វើ​អត្តឃាត​តាម​ក្រោយ​ ។​

​ក្រុម​គ្រួសារ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​និយាយ​បង្ហើប​ឲ្យ​ដឹង​ថា​ ករណី​ប្តី​-​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​ទំនងជា​មាន​ទំនាស់​គ្នា​ក្នុង​រឿង​ភ្លើង​ប្រចណ្ឌ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.