បន្ទាប់ពីដំណើរការផលិតប្រេងនៅកម្ពុជាក្នុងប្លុក A ឲ្យចេញជាតំណក់ប្រេងដំបូងរបស់កម្ពុជា ដោយក្រុមហ៊ុនប្រេងរបស់សហរដ្ឋអាមេរិកមួយឈ្មោះ Chevron ត្រូវបានពន្យារពេលអស់ជាច្រើនឆ្នាំ ព្រោះរឿងចម្រូងចម្រូងលើកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជានោះ ឥឡូវនេះ ក្រុមហ៊ុនប្រេង Chevron របស់សហរដ្ឋអាមេរិកបានបោះបង់សិទ្ធិរុករក និងធ្វើអាជីវកម្មបូមប្រេងពីក្នុងដែនសមុទ្រកម្ពុជាហើយ ដោយសម្រេចលក់គម្រោងវិនិយោគនេះឲ្យទៅក្រុមហ៊ុនប្រេងសិង្ហបុរីមួយឈ្មោះ Kris Energy ក្នុងតម្លៃ៦៥លានដុល្លារអាមេរិក ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Kris Energy កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុន Kris Energy បានទិញភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន Chevron Overseas Petroleum(Cambodia) Ltd. ជាក្រុមហ៊ុនសម្ព័ន្ធរបស់ក្រុមហ៊ុនប្រេងដ៏ធំនៅលើពិភពលោកនោះរួចហើយ ដោយកិច្ចព្រមព្រៀងទិញភាគហ៊ុននេះទទួលបានការអនុញ្ញាតពីដៃគូសហការបណ្តាក់ទុនជាច្រើនទៀត ដូចជាក្រុមហ៊ុន MOECO(Cambodia) Co., Ltd. និងក្រុមហ៊ុន GS Energy Corporation ។
គេមិនទាន់បានដឹងអំពីមូលហេតុពិតប្រាកដដែលនាំឲ្យក្រុមហ៊ុនប្រេង Chevron ដ៏ធំរបស់សហរដ្ឋអាមេរិកបោះបង់សិទ្ធិរុករក និងធ្វើអាជីវកម្មប្រេងនៅកម្ពុជា ដោយសម្រេចលក់ភាគហ៊ុនឲ្យទៅក្រុមហ៊ុនប្រេង Kris Energy របស់សិង្ហបុរីនោះនៅឡើយទេ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាដន្លងដងស្នែងរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានមានប្រសាសន៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅថា កម្ពុជាអាចនឹងទទួលបានចំណូលជាង១០០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ប្រសិនបើការបូមប្រេងកាតនៅប្លុក A បានសម្រេច និងមានការចរចាត្រូវរ៉ូវគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនប្រេង Chevron ។ លើសពីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក៏ធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ថា នៅតំបន់ត្រួតគ្នាក្នុងដែនសមុទ្ររវាងកម្ពុជានិងថៃ ត្រូវបានអ្នកឯកទេសវាយតម្លៃថា មានធនធានប្រេងច្រើនជាងគេ បើធៀបនឹងតំបន់នានាក្នុងដែនសមុទ្រកម្ពុជា ។
ដោយឡែក អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ធ្លាប់បានព្យាករណ៍ទុកថា កម្ពុជានឹងអាចទទួលបានពីចំណូលប្រេងប្រចាំឆ្នាំកើនឡើងដល់១,៧ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២១ខាងមុខ ខណៈដែលលោក ឆាយ សារ៉េត នាយកប្រតិបត្តិសម្ព័ន្ធភាពកម្ពុជាដើម្បីតម្លាភាពចំណូលធនធាន បានឲ្យដឹងថា ធនធានប្រេងកាតនៅកម្ពុជាអាចធ្វើអាជីវកម្មបានរយៈពេល៣០ឆ្នាំ ។
គួររំលឹកជូនដែរថា កាលពីអំឡុងខែកក្កដា ឆ្នាំ២០១១កន្លងទៅ មិនដឹងជាមកពីទីប្រឹក្សាផ្ទាល់ ឬថ្នាក់ដឹកនាំអាជ្ញាធរប្រេងកាតជាតិកម្ពុជា ផ្តល់យោបល់ និងរាយការណ៍ភូតភរ ឬក៏អ្នកជំនាញរបស់ក្រុមហ៊ុនប្រេង Chevron ផ្តល់ទិន្នន័យខុសឆ្គងដល់បុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយ៉ាងណានោះទេ ទើបបុរសខ្លាំងធ្លាប់បានប្រកាសជាសាធារណៈថា កម្ពុជានឹងទទួលបានតំណក់ប្រេងដំបូងរបស់ខ្លួននៅវេលាម៉ោង១២យប់ នាថ្ងៃទី១២ ខែ១២(ធ្នូ) ឆ្នាំ២០១២ ខណៈដែលដន្លងដងស្នែងរបស់បុរសខ្លាំង គឺឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងអតីតជាប្រធានអាជ្ញាធរប្រេងកាតជាតិកម្ពុជា ធ្លាប់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១១ថា ក្រុមអ្នកច្បាប់ និងមន្ត្រីជំនាញរបស់កម្ពុជាកំពុងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងឧស្ម័ន ។
ការប្រកាសដោយផ្ទាល់មាត់ជាសាធារណៈរបស់បុរសខ្លាំងនាពេលនោះ ដែលអ្នកដង្ហែគាំទ្របុរសខ្លាំងតែងតែនិយាយថា ជាអនុសាសន៍ពេជ្រអំពីតំណក់ប្រេងដំបូងរបស់កម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ ដោយសង្ឃឹមថា ការគ្រប់គ្រង និងការបែងចែកផលពីប្រេងកាតបានល្អប្រសើរ នាំឲ្យសេដ្ឋកិច្ចជាតិបានរីកលូតលាត់ ជៀសផុតពីបណ្តាសានៃប្រេងកាតចំពោះប្រទេសកម្ពុជា ។
ទោះយ៉ាងណាក៏ដោយ ផ្ទុយពីការប្រកាសរបស់បុរសខ្លាំងទាំងស្រុង គឺរហូតមកទល់សព្វថ្ងៃនេះមានរយៈពេលជាង៣ឆ្នាំហើយ តំណក់ប្រេងលើកដំបូងរបស់កម្ពុជាមិនទាន់ទទួលបានលទ្ធផលនៅឡើយ ដូចបានបំបាក់មុខមាត់បុរសខ្លាំងឲ្យអាម៉ាស់ និងខ្មាសសម្តីដែលល្បីថា”ជាមាស ជាពេជ្រ”យ៉ាងធ្ងន់ធ្ងរ ខណៈដែលមន្ត្រីជាន់ខ្ពស់នៃគណបក្សនយោបាយកាន់កាប់អំណាចបានអះអាងសាជាថ្មីថា ការបូមប្រេង និងឧស្ម័នពីបាតសមុទ្រកម្ពុជានឹងត្រូវពន្យារពេលដល់ឆ្នាំ២០១៦ខាងមុខ ៕