រឿងអាស្រូវពុករលួយមួយឈុតថ្មីទៀតបានកើតមានឡើងនៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ដោយក្រុមមន្ត្រីរាជការក្រោមឱវាទទម្លាយចេញមកឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំហើយ លោក ងី សែត ជាប្រធានមន្ទីរ និងមន្ត្រីជំនិតមួយក្តាប់តូច បានរួមដៃគ្នាប្រព្រឹត្តអំពើពុករលួយដ៏ធ្ងន់ធ្ងរ តាមវិធីកិបកេងថវិកាជាតិសម្រាប់ឧបត្ថម្ភសហគមន៍កីឡា និងប្រាក់សម្រាប់ឧបត្ថម្ភដំណើរលំហែ និងសិក្សារបស់សិស្ស មិនតិចជាងចំនួន១០០លានរៀលឡើយក្នុងមួយឆ្នាំៗ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៣កន្លងទៅ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានចំណាយថវិកាជាតិសម្រាប់ឧបត្ថម្ភសហគមន៍កីឡាអស់ចំនួន២៣៩.៣៩០.០០០រៀល និងថវិកាសម្រាប់ដំណើរលំហែ និងសិក្សារបស់សិស្សអស់ចំនួន១៧១.៦៦៤.០០០រៀល ។ ប៉ុន្តែថវិកាទាំងនេះគឺគ្រាន់តែជាតួលេខដែលមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង បានដកថវិកាជាតិមកចាយវាយប៉ុណ្ណោះ ខណៈដែលសកម្មភាពជាក់ស្តែងគឺខ្ទង់ថវិកាខាងលើត្រូវបានគេកិបកេងអស់មិនតិចជាង១០០លានរៀល(២៥.០០០ដុល្លារអាមេរិក)ក្នុង១ឆ្នាំ តាមល្បិចធ្វើឯកសារបំប៉ោងតួលេខចំនួននៃការប្រកួតកីឡា និងចំនួនអ្នកដើរលំហែ និងសិក្សា ។
ក្រុមមន្ត្រីរាជការក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានសំណូមពរចំពោះឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មេត្តាបើកការស៊ើបអង្កេត និងមានវិធានការក្នុងរឿងអំពើពុករលួយរបស់លោកប្រធានមន្ទីរ ងី សែត និងគូកននោះផង ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ពីសំណាក់មន្ត្រីរាជការក្រោមឱវាទដែលថា លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ប្រព្រឹត្តអំពើពុករលួយកិបកេងស៊ីដាច់ប្រាក់ឧបត្ថម្ភសហគមន៍កីឡា និងប្រាក់ដំណើរលំហែ និងសិក្សារបស់សិស្សមានចំនួនមិនតិចជាង១០០លានរៀលក្នុង១ឆ្នាំៗនោះ គេហទំព័រសារព័ត៌មានដើមត្នោតមិនទាន់អាចសុំការបំភ្លឺបញ្ជាក់ពីលោក ងី សែត បាននៅឡើយទេ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤នេះ ៕