ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

អង្គការ​សង្គម​ស៊ី​វិល​និង​អ្នក​តវ៉ា​កប់យោបល់​ចំពោះ​គណបក្សកាន់អំណាច​របស់​បុរស​ខ្លាំង​ដែល​មានះ​អនុម័ត​ច្បាប់​សំខាន់ៗ​៣​ពាក់ព័ន្ធ​ស្ថាប័ន​តុលាការ​

​ចាប់តាំងពី​ដំណាក់កាល​រាជរដ្ឋាភិបាល​ជា​ស្ថាប័ន​នីតិប្រតិបត្តិ​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ធ្វើ​សេចក្តីព្រាងច្បាប់​សំខាន់ៗ​ចំនួន​៣​ ទាក់ទង​នឹង​ស្ថាប័ន​តុលាការ​ គឺ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គការ​តុលាការ​,​ ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ រហូត​ដល់​ដំណាក់កាល​ប្រជុំ​អនុម័ត​នៅ​រដ្ឋសភា​ ដំណាក់កាល​ពិនិត្យ​លើ​ទម្រង់​ និង​គតិ​ច្បាប់​នៅ​ព្រឹទ្ធសភា​ ដំណាក់កាល​ពិនិត្យ​ និង​សម្រេច​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ និង​ដំណាក់កាល​ចុង​ក្រោយ​ ត្រូវ​ព្រះមហាក្សត្រ​ទ្រង់​ឡាយព្រះហស្តលេខា​នៅ​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ទាំង​៣​ គឺ​ត្រូវ​បាន​អង្គការ​សង្គម​ស៊ី​វិល​ និង​អ្នក​តវ៉ា​ឯទៀត​ស្នើ​សុំ​បង្អង់​ឲ្យ​មានការ​ពិចារណា​បាន​ល្អិតល្អន់​ទៅ​លើ​ច្បាប់​ទាំងនេះ​ឡើង​វិញ​ ។​ ប៉ុន្តែ​ការ​ស្នើ​សុំ​នោះ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ទេ​ ដ្បិត​ទាំង​សភា​គណបក្ស​ប្រជាជន​កម្ពុជា​ ទាំង​ព្រឹទ្ធសភា​ ទាំង​ក្រុមប្រឹក្សាធម្មនុញ្ញ​ រួម​ទាំង​ព្រះមហាក្សត្រ​ បាន​មានះ​អនុម័ត​ សម្រេច​ និង​ឡាយព្រះហស្តលេខា​នៅ​លើ​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​យ៉ាង​រលូន​ ធ្វើ​ឲ្យ​ម្ចាស់​សំណើ​កប់យោបល់​រក​ពាក្យ​ថ្លា​ថែ្ល​ង​និយាយ​មិន​ចេញ​តែ​ម្តង​ ។​

​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គការ​តុលាការ​ដែល​មាន​៨​ជំពូក​ និង​៩១​មាត្រា​ ត្រូវ​បាន​ព្រះមហាក្សត្រ​ទ្រង់​ឡាយព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៧១៤/០១៥​ ចុះ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៤,​ ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដែល​មាន​៦​ជំពូក​ និង​១១១​មាត្រា​ ត្រូវ​បាន​ព្រះមហាក្សត្រ​ទ្រង់​ឡាយព្រះហស្តលេខា​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៧១៤/០១៦​ ចុះ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ និង​ច្បាប់​ស្តី​ពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ដែល​មាន​៦​ជំពូក​ និង​៣១​មាត្រា​នោះ​ ក៏​ត្រូវ​បាន​ព្រះមហាក្សត្រ​ទ្រង់​ឡាយព្រះហស្តលេខា​ឲ្យ​ប្រើ​រួច​ហើយ​ដែរ​ ដោយ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/០៧១៤/០១៧​ ចុះ​ថ្ងៃ​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

​ច្បាប់​ទាំង​៣​ដែល​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​តុលាការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ​ បាន​ចូល​ជា​ធរមាន​អនុវត្តន៍​រួច​ហើយ​ ស្រប​តាម​មាត្រា​៩៣​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ វៀរលែងតែ​មាត្រា​៩០​នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​អង្គការ​តុលាការ​ និង​មាត្រា​១១០​ ដែល​ចែង​អំពី​បទ​ប្បញ្ញត្តិ​នៃ​មាត្រា​៤៩​ និង​មាត្រា​៩៥​នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ គឺ​ត្រូវការ​រយៈពេល​៥​ឆ្នាំ​ដើម្បី​អនុវត្តន៍​ បន្ទាប់​ពី​ច្បាប់​នេះ​ចូល​ជា​ធរមាន​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ក្នុង​ការ​រៀបចំ​បង្កើត​ច្បាប់​អ្វីមួយ​ដែល​សំខាន់​ ហើយ​មាន​សំណើ​ត្រូវការ​ពិនិត្យពិច័យ​ និង​ចូលរួម​ផ្តល់​មតិ​ឲ្យ​បាន​ល្អិតល្អន់​ជា​មុន​ពី​មជ្ឈដ្ឋាន​នានា​នោះ​ រាជរដ្ឋាភិបាល​គួរតែ​បង្អង់​ការ​អនុម័ត​ច្បាប់​ទាំងនោះ​សិន​ ក្នុង​មួយ​រយៈពេល​ដ៏​សមគួរ​ ដើម្បី​ទទួលយក​មតិ​ពី​ខាងក្រៅ​មក​ពិចារណា​ រួច​ហើយ​អាច​ដាក់​បញ្ចូល​នូវ​ចំណុច​ណា​ដែល​ល្អ​ចូល​ទៅ​ក្នុង​មាត្រា​នៃ​ច្បាប់​នោះ​ ជៀសវាង​ការ​តាក់តែង​ច្បាប់​មាន​ភាព​ខ្វះចន្លោះ​ ឬ​មិន​បម្រើ​ឲ្យ​ផលប្រយោជន៍​ជាតិ​ និង​ប្រជារាស្ត្រ​បាន​ពេញលេញ​ ។​

​ក្រុម​អ្នកវិភាគ​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ តាម​ទម្លាប់​ និង​របៀបរបប​ធ្វើការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកណ្តាល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​មាន​អំណាច​ គឺ​បើ​ចង់​ធ្វើ​អ្វីមួយ​ហើយ​ គ្មាន​មជ្ឈដ្ឋាន​ណា​មក​បង្អង់​ បន្ទច់បង្អាក់​បាន​ឡើយ​ ទោះបី​ទាក់ទង​នឹង​ការ​តាក់តែង​ច្បាប់​ ឬ​អនុសញ្ញា​សំខាន់​ប៉ុនណា​ក៏​ដោយ​ ។​ ព័ស្តុតាង​ជាក់ស្តែង​ធ្លាប់​បាន​បង្ហាញ​ឲ្យ​ឃើញ​រួច​ហើយ​ គឺ​ទាក់ទង​នឹង​ការ​ចុះ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ជាមួយ​ប្រទេស​វៀតណាម​ នា​អំឡុង​ខែតុលា​ ឆ្នាំ​២០០៥​ ត្រូវ​បាន​មជ្ឈដ្ឋាន​ជា​ច្រើន​ស្នើ​សុំ​ឲ្យ​មានការ​បង្អង់​ ឬ​ពន្យារពេល​សិន​ ដោយ​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ទឹកដី​ ប៉ុន្តែ​បុរស​ខ្លាំង​មិន​ស្តាប់​ឡើយ​ គឺ​មានះ​ចុះ​សន្ធិសញ្ញា​នា​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ នៅ​ទីក្រុង​ហាណូយ​ជាមួយ​ប្រទេស​វៀតណាម​ទាល់តែ​បាន​ ហើយ​ងាក​ត្រឡប់​មក​ចាប់​អ្នក​តវ៉ា​ស្នើ​សុំ​ដាក់គុក​ថែម​ទៀត​ និង​ជំរុញ​ឲ្យ​រដ្ឋសភា​អនុម័ត​ ព្រឹទ្ធសភា​យល់​ស្រប​លើ​ទម្រង់​ និង​គតិ​ច្បាប់​ ព្រមទាំង​ឲ្យ​ព្រះមហាក្សត្រ​ទ្រង់​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រម​លេខ​ន​ស​/​រកម​/១១០៥/០៣៩​ ចុះ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០០៥​ ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គម និយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​ ទុកជា​ការ​ប្រញាប់​បាន​សម្រេច​យ៉ាង​ក្តៅ​គគុក​ទល់​បច្ចុប្បន្ន​ ៕​

Hun-Sen-yt777

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.