ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

រយៈពេល​ត្រឹមតែ​៧​ថ្ងៃ​ បុរស​ខ្លាំង​រង​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ក្នុង​សំណុំរឿង​បុគ្គល​ ធាន​ វុ​ទ្ធី​ និង​គម្រោង​ប្រឡង​បាក់​ឌុ​ប​លើក​ទី​២

​ប្រជាពលរដ្ឋ​ខ្មែរ​មិន​តិច​នាក់​ឡើយ​បាន​និង​កំពុង​សម្តែង​នូវ​ការ​ស្រងាកចិត្ត​ និង​ខកបំណង​ចំពោះ​សម្តី​ និង​ការ​អនុវត្ត​ជាក់ស្តែង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ភាព​ផ្ទុយ​គ្នា​សឹង​១៨០​ដឺ​ក្រេ​ ពោល​គឺ​និយាយ​ផ្សេង​ តែ​ធ្វើ​ផ្សឹ​ង​ មិន​ស័ក្តិ​សមជា​សម្តី​ ឬ​អនុសាសន៍​មាស​-​ពេជ្រ​ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ម្នាក់​របស់​ប្រទេស​មួយ​ទាល់តែ​សោះ​ ។​ តួយ៉ាង​ កាលពី​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤​ បុរស​ខ្លាំង​បាន​ប្រកាស​ក្តែ​ងៗ​ឲ្យ​សមត្ថកិច្ច​ក្រោម​ឱវាទ​តាម​ចាប់ខ្លួន​ និង​វាយ​ខ្នោះ​ទៅ​លើ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ នៅ​វត្ត​ទួល​ព្រះរាជា​ ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​មិន​ប្រក្រតី​ក្នុង​អំពើ​បោកប្រាស់​ និង​បំផ្លិចបំផ្លាញ​កិត្យានុភាព​ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ​ ខណៈ​ដែល​បុរស​ខ្លាំង​ធ្លាប់​តែងតាំងជាព្រះគ្រូធម្មាចារ្យ និងបំពាក់​គ្រឿង​ឥស្សរិយយស​ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេនា​ជូន​បុគ្គល​រូប​នេះ​ កាលពី​អំឡុង​ឆ្នាំ​២០១០​ ប៉ុន្តែ​ក្រោយមក​បុរស​ខ្លាំង​បែរជា​ស្ងាត់​មាត់​ដូច​គេ​ចុក​ទៅ​វិញ​ នៅ​ពេល​ដែល​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ប្រព្រឹត្ត​កំហុសឆ្គង​ប៉ុន​មហាមេឃ​ ត្រូវ​បាន​ក្រសួង​ធម្មការ​ និង​សាសនា​ គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​គណៈ​អភិបាល​ខេត្តកណ្តាល​ អនុញ្ញាត​ឲ្យ​រួច​ផុត​ពី​ទោសទណ្ឌ​ ។​

​លុះ​មក​ដល់​ថ្ងៃ​ទី​១១​ ខែសីហា​ ឆ្នាំ​២០១៤​ បុរស​ខ្លាំង​ក៏​បាន​ប្រកាស​ក្តែ​ងៗ​មួយ​ឈុត​ទៀត​ គឺ​អនុញ្ញាត​ឲ្យ​មានការ​រៀបចំ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុ​ប​)​ឡើង​វិញ​ជា​លើក​ទី​២​ ចំពោះ​សិស្ស​ជា​បេក្ខជន​ដែល​ធ្លាក់​ក្នុង​ការ​ប្រឡង​លើក​ទី​១​ បន្ទាប់​ពី​បុរស​ខ្លាំង​ទទួល​បាន​ព័ត៌មាន​ថា​ បេក្ខជន​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៤​ ក្រោម​ការ​រឹត​បន្តឹង​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បង្ហាញ​នូវ​លទ្ធផល​ធ្លាក់​រហូត​ដល់​ប្រមាណ​៩០%​នោះ​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​ដំណើរការ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៤​នេះ​ បាន​លើក​ឡើង​ថា​ ជា​ការ​ពិត​ណាស់​ មុន​នឹង​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ ជា​រដ្ឋមន្ត្រី​ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ទេស​រដ្ឋមន្ត្រី​ ឱម​ យ៉ិ​ន​ទៀង​ ជា​ប្រធាន​ សហការ​គ្នា​ធ្វើការ​រឹត​បន្តឹង​ការ​ប្រឡង​ ដើម្បី​ធានា​គុណភាព​រក​សិស្ស​ដែល​ជាប់​ពិតប្រាកដ​ ក្រោម​ប្រធានបទ​"​អ្នកចេះ​គឺ​ជាប់​"​ និង​ចាយវាយ​ថវិកាជាតិ​អស់​ទំហំ​ប្រមាណ​៤​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ គឺ​សុទ្ធតែ​បាន​ឆ្លង​ការ​សម្រេច​ពី​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​រួច​ហើយ​ ។​ ឥឡូវ​ សិស្ស​ជា​បេក្ខជន​ប្រឡង​អាច​ប្រឈម​នឹង​ការ​ធ្លាក់​ច្រើន​រហូត​ដល់​ប្រមាណ​៩០%​ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​អំពី​គុណភាព​ចំណេះដឹង​របស់​សិស្ស​រៀន​ថ្នាក់​ទី​១២​នា​ពេល​បច្ចុប្បន្ន​ពិតប្រាកដ​ ។​ ដូច្នេះ​ ក្នុង​ស្ថានភាព​បែប​នេះ​ ហេតុ​អ្វី​បុរស​ខ្លាំង​ត្រូវ​អនុញ្ញាត​ឲ្យ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ រៀបចំ​ការ​ប្រឡង​លើក​ទី​២​ទៀត​ ដើម្បី​ស្រោចស្រង់​ឲ្យ​មាន​សិស្ស​ជាប់​ច្រើន​ទៅ​វិញ​ ?​ ឬ​មួយ​ការ​ប្រឡង​បាក់​ឌុ​ប​ក៏​ត្រូវ​បាន​បុរស​ខ្លាំង​យក​មក​ធ្វើ​ជា​ឧបករណ៍​នយោបាយ​ប្រជាភិថុតិ​ដែរ​ "​បើកភ្លើង​ខៀវ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​រឹត​បន្តឹង​ឲ្យ​មាន​សិស្ស​ធ្លាក់​ច្រើន​ រួច​ទើប​ចេញ​មុខ​ប្រកាស​រៀបចំ​ឲ្យ​មានការ​ប្រឡង​លើក​ទី​២​ ស្រោចស្រង់​ឲ្យ​សិស្ស​បាន​ជាប់​ច្រើន​វិញ​ ដើម្បី​ទទួល​បាន​ប្រជាប្រិយភាព​"​ ?​ ឬ​ក៏​បុរស​ខ្លាំង​អនុវត្តន៍​តាម​យោបល់​របស់​អស់លោក​ជាទី​ប្រឹក្សា​ផ្ទាល់​មួយ​ចំនួន​ដែល​ជា​ថៅកែ​សាកលវិទ្យាល័យ​ភាគច្រើន​ព្រួយបារម្ភ​ខ្លាចក្រែង​សាលា​ដួល​រលំ​ ព្រោះ​គ្មាន​សិស្ស​ចូល​សិក្សា​ ?

​ក្រុម​មន្ត្រីរាជការ​ចូល​និវត្តន៍​ដែល​ធ្លាប់​មាន​ពិសោធន៍​ខាង​វិស័យ​អប់រំ​មួយ​ចំនួន​ បាន​លើក​ជា​យោបល់​ថា​ ប្រសិនបើ​បុរស​ខ្លាំង​មានះ​ចង់​ស្រោចស្រង់​ឲ្យ​មាន​បរិមាណ​សិស្ស​បាក់​ឌុ​ប​ជាប់​ច្រើន​នោះ​ មិន​ចាំបាច់​រៀបចំ​ប្រឡង​លើក​ទី​២​ទេ​ នាំ​ឲ្យ​ខាតបង់​ពេលវេលា​ផង​ ខាតបង់​ថវិកាជាតិ​ផង​ គឺ​អាច​អនុវត្តន៍​នីតិវិធី​កាត់​ខ្ទង់​ពិន្ទុ​សិស្ស​ជា​បេក្ខជន​ទទួល​បាន​តាម​លេខ​រៀង​ពីលើ​ចុះ​មក​ក្រោម​ រហូត​ដល់​ការ​កំណត់​ចង់បាន​នូវ​ចំនួន​អ្នក​ជាប់​ទៅ​ វា​ជា​ការ​ស្រេច​បាត់​ទៅ​ហើយ​ ពីព្រោះ​បើ​ទុក​ពេលវេលា​ឲ្យ​សិស្ស​រៀន​បន្ថែម​ក្នុង​រយៈពេល​ប្រមាណ​១​ខែ​ទៀត​ដើម្បី​ត្រៀមប្រឡង​លើក​ទី​២​ ក៏​វា​ឥតប្រយោជន៍​ដែរ​ ។​

​ក្រុម​មន្ត្រី​ចូល​និវត្តន៍​ដដែល​បាន​លើក​ឡើង​ទៀត​ថា​ ការ​រៀបចំ​ប្រឡង​បាក់​ឌុ​ប​លើក​ទី​២​ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខាតបង់​ពេលវេលា​ ខាតបង់​ថវិកាជាតិ​នោះ​ទេ​ គឺ​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​ អាណាព្យាបាល​សិស្ស​ និង​សាមីខ្លួន​សិស្ស​ដែល​ខិតខំ​រៀនសូត្រ​សង្ឃឹមថានឹង​ប្រឡង​ជាប់​ បែរជា​អស់សង្ឃឹម​ បាក់ទឹកចិត្ត​ បន្ទាបបន្ថោក​តម្លៃ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​របស់​មន្ត្រីរាជការ​ដែល​ខិតខំ​បំពេញការងារ​នា​ពេល​ប្រឡង​លើក​ទី​១​ ធ្វើ​ឲ្យ​អ្នកគ្រូ​ លោកគ្រូ​ បុគ្គលិក​សិក្សា​បាត់បង់​តម្លៃ​នៅ​ចំពោះ​មុខ​សិស្ស​តទៅ​ទៀត​ និង​ក្លាយជា​ទម្លាប់​មហា​សែន​អាក្រក់​នៅ​ក្នុង​សង្គម​ខ្មែរ​នា​ដំណាក់កាល​ចុង​ក្រោយ​នេះ​ ដែល​តែងតែ​ទុក​ឱកាស​ឲ្យ​អ្នកមាន​អំណាច​ធ្វើ​អ្វីៗ​តាមតែ​ក្បាលចិត្ត​នឹកឃើញ​ ។​

​សរុបសេចក្តី​មក​ ក្នុង​រយៈពេល​ត្រឹមតែ​៧​ថ្ងៃ​ បុរស​ខ្លាំង​នៃ​កម្ពុជា​ បាន​ទទួល​រង​នូវ​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ក្នុង​សំណុំរឿង​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ដ៏​ក្តៅ​គគុក​ និង​ការ​រៀបចំ​គម្រោង​ប្រឡង​បាក់​ឌុ​ប​លើក​ទី​២​ ដើម្បី​ស្រោចស្រង់​ឲ្យ​មាន​បរិមាណ​សិស្ស​ជាប់​ច្រើន​ បន្ទាប់​ពី​បាន​រឹត​បន្តឹង​នា​ពេល​ប្រឡង​លើក​ទី​១​រួច​មក​ ៕​

Hun-Sen-0999 Thean-Vuthy.-568ACU-2014

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.