ថ្ងៃ ពុធ ទី ២៥ ខែ ឧសភា ឆ្នាំ ២០២២

ឧកញ៉ា​ លី​ ប៉ោ​យូ​ ថៅកែ​កាស៊ីណូ​ពិភព​ថ្មី​គ្រោង​ប្តឹង​កាសែត​ដែល​ចុះ​ផ្សាយ​ថា​មាន​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​នេះ​

​ប្រភព​ព័ត៌មាន​ពី​អ្នកគ្រប់គ្រង​កាសែត​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ លោក​ឧកញ៉ា​ លី​ ប៉ោ​យូ​ ដែល​គេ​ស្គាល់​ថា​ជា​ថៅកែ​កាស៊ីណូ​មួយ​ឈ្មោះ​"​ពិភព​ថ្មី​"​ ឋិត​នៅ​ជាប់​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​នោះ​ មាន​គម្រោង​ប្តឹង​កាសែត​ណា​ដែល​ចុះ​ផ្សាយ​ថា​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​គាត់​ ខណៈ​ដែល​មាន​សាក្សី​ខ្លះ​បាន​បញ្ជាក់​ថា​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ពិភព​ថ្មី​នេះ​ជា​ហូរហែ​ រហូត​មាន​បរិមាណ​ពី​៤០%​ទៅ​៦០%​ ទោះបី​មាន​កងកម្លាំង​សមត្ថកិច្ច​ឈរ​ប្រចាំការ​នៅ​ទីនោះ​ក៏​ដោយ​ ពីព្រោះ​សមត្ថកិច្ច​បាន​ទទួលផល​ប្រយោជន៍​ពី​ម្ចាស់​កាស៊ីណូ​ ទើប​បិទ​ភ្នែក​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​តែ​ម្តង​ ។​

​អ្នកស្រី​ សំ​ សានិ​ត​ អាយុ​៤៧​ឆ្នាំ​ រស់នៅ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ បាន​និយាយ​ប្រាប់​អ្នកកាសែត​ថា​ គាត់​ធ្លាប់​បាន​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ពិភព​ថ្មី​ជា​ញឹកញាប់​ ដ្បិត​បន​ល្បែង​កាស៊ីណូ​នេះ​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ដាក់​របស់របរ​បញ្ចាំ​ ដូច​ជា​ រថយន្ត​ ឬ​របស់​មាន​តម្លៃ​ឯទៀត​ ដើម្បី​បាន​លុយ​យក​ទៅ​លេងល្បែង​ ដោយ​មិន​ចាំបាច់​មាន​ឯកសារ​ ឬ​លិខិត​ស្នាម​បញ្ជាក់​ស្មុគស្មាញ​អ្វី​ឡើយ​ ។​

​យុវជន​ មាស​ ប៊ុ​ន​ អាយុ​២៧​ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូឌុប​នៅ​មុខ​បរិវេណ​កាស៊ីណូ​ពិភព​ថ្មី​ បាន​និយាយ​ឲ្យ​ដឹង​ថា​ គាត់​បាន​ដឹក​ភ្ញៀវ​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មិន​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ពិភព​ថ្មី​នេះ​ ក្នុង​ចំនួន​ច្រើន​ជាង​ភ្ញៀវ​បរទេស​ ។​

​តាម​គោលការណ៍​នៃ​ការ​ផ្តល់​អាជ្ញាប័ណ្ណ​កាស៊ីណូ​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នោះ​ គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​នៅ​ក្នុង​កាស៊ីណូ​ទេ​ ប៉ុន្តែ​បើ​ម្ចាស់​កាស៊ីណូ​ប្រព្រឹត្ត​ល្មើស​ នឹង​ត្រូវ​មាន​វិធានការ​ដកហូត​អាជ្ញាប័ណ្ណ​ និង​មាន​វិធានការ​តាម​ផ្លូវច្បាប់​ផ្សេង​ទៀត​ ។​

​មជ្ឈដ្ឋាន​អ្នក​តាមដាន​កិច្ចការ​សង្គម​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ សក្តានុពល​នៃ​បន​ល្បែង​កាស៊ីណូ​នៅ​កម្ពុជា​ គឺ​ការ​លាងលុយកខ្វក់​ និង​វត្តមាន​ពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​តែ​ម្តង​ ហើយ​បើ​រំពឹង​ទៅ​លើ​ភ្ញៀវ​បរទេស​ចូល​លេងល្បែង​នោះ​ គឺ​អាជីវកម្ម​កាស៊ីណូ​នឹង​ដួល​រលំ​មិន​ខាន​ ។​

​លោក​ លី​ ប៉ោ​យូ​ ដែល​ជា​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​នៅ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ និង​ជា​ថៅកែ​កាស៊ីណូ​ពិភព​ថ្មី​នោះ​ ត្រូវ​បាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៨០៦/៣៥៧​ ចុះ​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០០៦​ ។​

​គេហទំព័រ​សារព័ត៌មាន​ដើម​ត្នោត​នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បញ្ជាក់​ពី​លោក​ឧកញ៉ា​ លី​ ប៉ោ​យូ​ ជា​ថៅកែ​កាស៊ីណូ​ពិភព​ថ្មី​នៅ​ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ពាក់ព័ន្ធ​នឹង​លេចឮ​ព័ត៌មាន​ថា​ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេងល្បែង​ក្នុង​កាស៊ីណូ​ពិភព​ថ្មី​នេះ​នៅឡើយ​ទេ​ ៕​

Casino-New-World Ly-Poyou

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.