ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងក្លាថា បណ្តែតបណ្តោយឲ្យនាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទជាច្រើននាក់ ប្រព្រឹត្តអំពើលួចយកម៉ោងរដ្ឋបាលទៅប្រកបវិជ្ជាជីវៈឯកជន និងគ្រប់គ្រង ឬធ្វើជាសមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុនជាលក្ខណៈឯកជន ដោយរំលោភបំពានលើច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទ ។ ក្នុងហេតុផលនេះ ធ្វើឲ្យនាយទាហានមួយចំនួនក្អេងក្អាងអាងមានលុយកាក់ ហ៊ានប្រព្រឹត្តអំពើឧក្រិដ្ឋ អំពើប្រើប្រាស់អំណាចដោយរំលោភបំពាន និងអំពើអបាយមុខផ្សេងៗទៀត ប៉ះពាល់ដល់កិត្យានុភាពកងយោធពលខេមរភូមិន្ទយ៉ាងធ្ងន់ធ្ងរ ដូចជាករណីលោកឧត្តមសេនីយ៍ទោ គឹម ម៉ារិន្ថា នាយទាហានជាន់ខ្ពស់ អត្តលេខ០០៤៥១៨ និងធ្វើជាអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរមួយឈ្មោះ GST បានក្លាយទៅជាឃាតកដ៏សាហាវឃោរឃៅក្នុងរឿងសម្លាប់ប្រពន្ធ និងកូនស្រីចុងខ្លួនឯងជាដើម…។ល។
ព័ស្តុតាងបានបង្ហាញអំពីនាយទាហាននៃកងយោធពលខេមរភូមិន្ទជាច្រើននាក់ ដែលបានធ្វើជាក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនជាលក្ខណៈឯកជន រំលោភបំពានលើមាត្រា២៥នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពខេមរភូមិន្ទដែលបានចែងថា "យោធិនអាជីពត្រូវហាមដាច់ខាត ៖ -មិនឲ្យយកម៉ោងរដ្ឋបាលទៅប្រកបវិជ្ជាជីវៈឯកជន, -មិនឲ្យចូលជាសមាជិកនៃក្រុមប្រឹក្សាភិបាល ឬគ្រប់គ្រងក្រុមហ៊ុនជាលក្ខណៈឯកជន ។ …" ដូចតទៅ ៖
១-លោកឧត្តមសេនីយ៍ទោ(ផ្កាយ២) គឹម ម៉ារិន្ថា អត្តលេខ០០៤៥១៨ ជាអគ្គនាយកក្រុមហ៊ុនឯកជនឈ្មោះ GST ជាក្រុមហ៊ុនបម្រើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ។ បច្ចុប្បន្ន លោកឧត្តមសេនីយ៍រូបនេះត្រូវបានតុលាការចេញដីកាចាប់ខ្លួន ពាក់ព័ន្ធនឹងរឿងឃាតកម្មសម្លាប់ប្រពន្ធចុងឈ្មោះ វ៉ា ដារី អាយុ៣០ឆ្នាំ និងកូនស្រីចុងឈ្មោះ គឹម ថាវិជ្ជដា កាលពីខែមីនា ឆ្នាំ២០១៤កន្លងមក ព្រោះតែភ្លើងស្នេហ៍ប្រចណ្ឌប្រពន្ធក្មេងលេង Facebook ជាមួយនិស្សិតជប៉ុនម្នាក់ ដោយយកសាកសពប្រពន្ធនិងកូនចុងដឹកតាមរថយន្តទំនើបម៉ាក Lexus 470 ទៅប្លុងចោលនៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
២-លោកឧត្តមសេនីយ៍ទោ យ៉ិនទៀង ពុទ្ធិរ៉ា អត្តលេខ២៣១៧០២ ត្រូវជាកូនប្រុសឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ។ លោកឧត្តមសេនីយ៍រូបនេះបានធ្វើជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនឯកជនមួយឈ្មោះ Long Sorya Import Export Co., Ltd. ។
៣-លោកឧត្តមសេនីយ៍ឯក(ផ្កាយ៣) ឡុង ម៉េង និងត្រូវបានតែងតាំងជាឧកញ៉ាទៀតផង ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣០៧/១១៧ ចុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០០៧ ។ លោកឧត្តមសេនីយ៍រូបនេះ បានគ្រប់គ្រងក្រុមហ៊ុនឯកជនរបស់ខ្លួនឈ្មោះ ឡុង ម៉េង យ៉ាងសកម្ម ហើយកាលពីខែមីនា ឆ្នាំ២០១៣ រថយន្តដឹកទំនិញរបស់ក្រុមហ៊ុនលោកឧត្តមសេនីយ៍រូបនេះត្រូវបានសមត្ថកិច្ចឆែកឆេររកឃើញ បានដឹកទំនិញខុសច្បាប់ដោយគេចពន្ធចេញពីកំពង់ផែស្រែអំបិល ខេត្តកោះកុង ឆ្ពោះមករាជធានីភ្នំពេញ ។
៤-លោកឧត្តមសេនីយ៍ឯក ឈន សារ៉ាណេ អត្តលេខ០០៤៤៥៤ និងត្រូវបានតែងតាំងជាឧកញ៉ាទៀតផង ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៥/៤៣៣ ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០០៥ ។ លោកឧត្តមសេនីយ៍រូបនេះកំពុងកាន់កាប់ក្រុមហ៊ុនរកស៊ីឯកជនយ៉ាងសកម្ម ហើយមានរឿងអាស្រូវនៅស្ថាប័នតុលាការជាច្រើននាក់ ពាក់ព័ន្ធនឹងរឿងប្តឹងផ្តល់គ្នាផង និងរឿងប្រជារាស្ត្រចោទប្រកាន់រំលោភបំពានដីធ្លីពួកគាត់ផង ។
៥-លោកឧត្តមសេនីយ៍ទោ ហាក់ ម៉ៅ អត្តលេខ០២០៩០០ និងត្រូវបានតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/០៨១០/៦៩៤ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០០ទៀតផង ។ លោកឧត្តមសេនីយ៍រូបនេះកំពុងដើរតួជាឈ្មួញកាន់កាប់គ្រប់គ្រងក្រុមហ៊ុនឯកជនរបស់ខ្លួនយ៉ាងសកម្មបំផុត ។
៦-លោកឧត្តមសេនីយ៍ទោ ណឹម ម៉េង អត្តលេខ០៣២៥០៥ និងជាអ្នកគ្រប់គ្រងក្រុមហ៊ុនឯកជនឈ្មោះ ណឹម ម៉េង គ្រុប (NIM MENG GROUP) ជាមួយភរិយារបស់ខ្លួនធ្វើពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មប្រមូលបានលុយកាក់ធ្វើជាសេដ្ឋីទល់សព្វថ្ងៃ ។
៧-នៅមាននាយទាហានជាច្រើននាក់ទៀតដែលរៀបរាប់ក្នុងមួយពេលមិនទាន់អស់ឡើយ…។
ក្រុមអ្នករិះគន់បានលើកឡើងថា នាយទាហានដែលបាននិងកំពុងប្រព្រឹត្តអំពើខុសច្បាប់ បានក្លាយជាសសរទ្រូងផ្តល់ផលប្រយោជន៍យ៉ាងសំខាន់ដល់ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដ៏មានអំណាច ៕