យ៉ាងហោចណាស់មានមនុស្សចំនួន៨នាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាលរដូករណែល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយកើតឡើងនាវេលាម៉ោង១៦និង១៥នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤នេះ នៅត្រង់ចំណុចវិថីផែ មុខស្ថានីយ៍រថភ្លើង(កន្លែងផ្សារក្តាម) ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បង្កដោយរថយន្តកុងតឺន័រមួយគ្រឿងរបស់ក្រុមហ៊ុន Union បុករះទៅលើទោចក្រយានយន្ត៣គ្រឿង និងរថយន្តតាក់ស៊ីមួយគ្រឿងទៀត បណ្តាលឲ្យធ្លាក់ជ្រោះ ព្រមទាំងបង្គោលភ្លើង១ដើមត្រូវដួលរលំបាក់ខ្ទេចខ្ទី ខណៈរថយន្តបង្កដួលបះជើងច្រងាង ។
សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ បានឲ្យដឹងថា រថយន្តកុងតឺន័របង្កហេតុនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Union ពាក់ស្លាកលេខភ្នំពេញ 3A-6142 បើកបរដោយបុរសឈ្មោះ យន់ សុភ័ក្ត្រ អាយុ២៩ឆ្នាំ មានទីលំនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ហើយអ្នកបើកបររថយន្តបង្កហេតុនេះក៏បានរងរបួសក្បាលដែរ និងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងរួចមក ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រៅពីអ្នកស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុ គឺអ្នករងរបួសធ្ងន់-ស្រាលទាំងអស់ដែលមិនទាន់ស្គាល់អត្តសញ្ញាណច្បាស់ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យរួចរាល់ហើយៗវត្ថុតាងនានា ដូចជារថយន្ត និងទោចក្រ យានយន្តក៏ត្រូវបានយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ ដើម្បីបន្តចាត់ការតាមច្បាប់ ។
គួរកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តធុនធំដឹកកុងតឺន័រ បានកើតមានឡើងជាញឹកញាប់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលជាផ្លូវជាតិមួយមានសក្តានុពលដឹកជញ្ជូនទំនិញពីកំពង់ផែស្វយ័តខេត្តព្រះសីហនុចូលមករាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ដោយសារអ្នកបើកបររថយន្តទាំងនោះមានការធ្វេសប្រហែស មិនសូវគោរពច្បាប់ចរាចរណ៍ផង និងបណ្តាលមកពីកត្តាយានយន្តដែលមិនសមស្របនឹងបទដ្ឋានបច្ចេកទេសដឹកជញ្ជូនផង ។ ដូច្នេះ សូមភាគីពាក់ព័ន្ធទាំងអស់មេត្តាមានវិធានការត្រួតពិនិត្យ និងប្រុងប្រយ័ត្នឲ្យមានកម្រិតខ្ពស់បំផុត ទាំងកត្តាមនុស្ស ទាំងកត្តាយានយន្ត ដើម្បីបញ្ជៀសបាននូវគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ៕