មិនត្រឹមតែធ្វើឲ្យផ្ទុះសំណើចប៉ុណ្ណោះទេ គឺនាំឲ្យគ្រវីក្បាលហួសចិត្តថែមទៀត នៅពេលដែលគ្រូកែវិញ្ញាសាភាសាខ្មែរបានឃើញការសរសេរអក្ខរាវិរុទ្ធខុសឆ្គងច្រើន និងលេចចេញមានទំនុកបទចម្រៀងមួយឃ្លារបស់តារាចម្រៀង «ខេម » នៃផលិតកម្ម TOWN ដែលមានចំណងជើងថា «បេះដូងអើយ» នៅក្នុងក្រដាសកិច្ចការរបស់សិស្សម្នាក់ជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ “បាក់ឌុប” ឆ្នាំ២០១៤នេះ ដោយចាកប្រធានបទដ៏ធ្ងន់ធ្ងរ ។
ភ្ជាប់ពីពាក្យនិងឃ្លាថា “កញ្ចក់គឺអាចឆ្លុះបញ្ចាំងអ្វីដែលនៅលើសង្គមយើងមាន ឬក៏អាចឆ្លុះបញ្ចាំងនូវអ្វីដែលជាអំពើពុករលួយ” ដែលសរសេរនៅលើក្រដាសកិច្ចការរបស់សិស្សជាបេក្ខជនប្រឡងម្នាក់នោះ ស្រាប់តែលេចចេញឃ្លាជាទំនុកបទចម្រៀងបន្តថា “បេះដូងអើយបេះដូង នៅផ្សងស្នេហ៍ស្រីដល់ណា ទើបព្រមភ្ញាក់អាត្មា ដើរចេញព្រមបំភ្លេចស្នេហ៍ រង់ចាំគេដល់ណា បើគេមានគូគេ មនុស្សនាងស្នេហ៍ មិនមែនខ្ញុំឡើយ …” ។
គេមិនដឹងថា តើទំនុកបទចម្រៀងមួយឃ្លា របស់តារាចម្រៀងខេម នៃផលិតកម្ម TOWN ដែលសរសេរដោយសិស្សជាបេក្ខជនប្រឡងបាក់ឌុបនៅលើក្រដាសកិច្ចការរបស់ខ្លួននោះ សម្រាប់កំដរឲ្យគ្រូកែវិញ្ញាសា កុំឲ្យអផ្សុកពេកឬ ? ប៉ុន្តែទោះជា សរសេរចាកប្រធានបទយ៉ាងណាក៏ដោយ ក៏គ្រូកំណែវិញ្ញាសា បានផ្តល់ពិន្ទុចំនួន០,៥ នៅលើកិច្ចការសរសេររបស់សិស្សជាបេក្ខជនប្រឡងម្នាក់នោះ គឺជារឿងរ៉ាវមួយគួរឲ្យភ្ញាក់ផ្អើលបំផុត ។
សូមបញ្ជាក់ជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ«បាក់ឌុប» នៅឆ្នាំ២០១៤នេះ ក្រសួងអប់រំយុវជន និងកីឡា មានការរឹតបន្តឹងយ៉ាងខ្លាំង ដោយមានការចួលរួមសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងន័យទប់ស្កាត់សកម្មភាពការលួចចម្លងនិងអំពើបែកធ្លាយវិញ្ញាសាប្រឡងកើតឡើង… ជាហេតុធ្វើឲ្យមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានដឹងអំពីលទ្ធផលនៃកំណែលើវិញ្ញាសាប្រឡង វាយតម្លៃទុកថា លទ្ធផលសិស្សប្រឡងជាប់នៅឆ្នាំនេះ សឹងមិនបាន១០% ផង ក្នុងចំណោមបេក្ខជន ប្រឡងទូទាំងប្រទេស ជាង៩ម៉ឺននាក់ ដ្បិតសមត្ថភាពរបស់សិស្សមានកម្រិតខ្សោយមែនទែន ៕