សារព័ត៌មាន Mainichi Shimbun របស់ជប៉ុន បានផ្សព្វផ្សាយឲ្យដឹងថា ក្រុមហ៊ុនរបស់ជប៉ុនដែលដឹកនាំដោយក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi កំពុងអភិវឌ្ឍន៍ផលិតយន្តហោះចម្បាំងបំបាំងកាយមួយប្រភេទ ដែលមានបច្ចេកវិទ្យាស្រដៀងគ្នាទៅនឹងយន្តហោះចម្បាំងបំបាំងកាយ F-35 របស់សហរដ្ឋអាមេរិក ជាមួយនឹងទឹកប្រាក់វិនិយោគចំនួន៣៨៤លានដុល្លារអាមេរិក ។
សេចក្តីរាយការណ៍នៅថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នាំ២០១៤នេះ បានបញ្ជាក់ថា អ្នកជំនាញមួយក្រុមនៃក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់របស់ជប៉ុន គ្រោងនឹងដាក់សាកល្បងការហោះហើរនៃយន្តហោះចម្បាំងបំបាំងកាយលើកដំបូងរបស់ខ្លួនពោរពេញដោយថាមពល ដែលរ៉ាដាមិនអាចចាប់បាននៅអំឡុងឆ្នាំក្រោយ ៕