យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី បានសម្រេចកែសម្រួលសមាសភាពគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់ Online និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ ដោយសេចក្តីសម្រេចលេខ១១៦សសរ ចុះថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៤ ដែលមានសមាសភាពចំនួន៨រូប និងគណៈកម្មការចម្រុះនេះមានសិទ្ធិបង្កើតអនុគណៈកម្មការសម្រាប់ធ្វើប្រតិបត្តិការបង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់ Online និងល្បែងភ្នាល់ខុសច្បាប់គ្រប់ប្រភេទ និងការធ្វើអាជីវកម្មទទួលបញ្ចាំ និងប្រាតិភោកដោយអនុប្បទានខុសច្បាប់ទាំងអស់នៅតាមរាជធានី-ខេត្តទូទាំងប្រទេស ។
សមាសភាពគណៈកម្មការចម្រុះរួមមានដូចតទៅ ៖ ១-លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាប្រធាន, ២-ឯកឧត្តម នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន, ៣-ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាសមាជិក, ៤-ឯកឧត្តម សូ វិចទ័រ ទីប្រឹក្សាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសមាជិក, ៥-ឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសមាជិក, ៦-លោកឧត្តមសេនីយ៍ឯក ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ជាសមាជិក, ៧-លោក រស់ ភីរុណ អគ្គនាយករងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសមាជិក និងជាលេខាអចិន្ត្រៃយ៍ និង៨-លោកឧត្តមសេនីយ៍ទោ សៀង សេន ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ជាសមាជិក និងជាលេខា អចិន្ត្រៃយ៍ ។
គណៈកម្មការចម្រុះនេះមានតួនាទី និងភារកិច្ច ដូចខាងក្រោម ៖
១-សហការក្នុងការការពារសិទ្ធិធ្វើអាជីវកម្មស្របច្បាប់របស់ក្រុមហ៊ុនទាំងឡាយកំពុងប្រកបអាជីវកម្មកាស៊ីណូ ឆ្នោត-ឡូតូ និងល្បែងភ្នាល់គ្រប់ប្រភេទ ដែលទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
២-ចាត់វិធានការបង្ក្រាប និងលុបបំបាត់ការធ្វើអាជីវកម្មកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់ Online និងល្បែងភ្នាល់គ្រប់ប្រភេទ ព្រមទាំងអាជីវកម្មរណបផ្សេងៗ ដំណើរការអាជីវកម្មដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
៣-ចាត់វិធានការបង្ក្រាបអាជីវកម្មទទួលបញ្ចាំ និងប្រាតិភោកដោយអនុប្បទានខុសច្បាប់ទាំងអស់ដែលកំពុងធ្វើអាជីវកម្ម ដោយគ្មានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
បច្ចុប្បន្ន មជ្ឈដ្ឋាននានាបានកត់សម្គាល់ឃើញថា មានអាជីវកម្មឆ្នោត ភ្នាល់ Online និងល្បែងភ្នាល់បាល់ទាត់បានកើតឡើងយ៉ាងព្រោងព្រាត ក្រោមរូបភាពលាក់លៀមមិនចំហ ប៉ុន្តែសមត្ថកិច្ចមួយចំនួនក៏បានចូលរួមលេងល្បែងភ្នាល់យ៉ាងពេញនិយមនៅដែរ ខណៈលុយកាក់ពីល្បែងភ្នាល់មិនបានចូលក្នុងស្បោងថវិកាជាតិទេ គឺបានរត់ចូលក្នុងហោប៉ៅរបស់មន្ត្រីពុករលួយជាហូរហែ និងជាប្រព័ន្ធពីលើដល់ក្រោម ៕