ទោះបីរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី ធ្លាប់បានដាក់ចេញនូវបទបញ្ជាហាមឃាត់ការដឹកជញ្ជូន ចរាចរណ៍ និងជួញដូរឈើគ្រញូងយ៉ាងណាក៏ដោយ ក៏បទបញ្ជានេះហាក់មិនសូវ ឬគ្មានប្រសិទ្ធភាពទេ ដោយសារកងកម្លាំងសមត្ថកិច្ចតាមលំដាប់ថ្នាក់ក្រោមឱវាទរបស់បុរសខ្លាំងស្គាល់ចិត្តថ្លើមចៅហ្វាយរបស់ខ្លួន ហើយចូលរួមចំណែកល្មើស ឬរំលោភបំពានលើបទបញ្ជារបស់ចៅហ្វាយយ៉ាងសកម្ម ដូចជាករណីអនុប្រធាននគរបាលអន្តោសប្រវេសន៍ច្រកអូរយ៉ាដាវ ខេត្តរតនគិរី ម្នាក់បានយករថយន្តទំនើបមួយគ្រឿងម៉ាក Lexus 470 ដឹកឈើគ្រញូងយ៉ាងហ៊ឺហា រហូតដល់ថ្នាក់សមត្ថកិច្ចតាមបង្ក្រាបផ្អើលពេញខេត្តរតនគិរី ។
ហេតុការណ៍បង្ក្រាបរថយន្តទំនើបម៉ាក Lexus 470 ពាក់ស្លាកលេខភ្នំពេញ 2N-0225 របស់អនុប្រធាននគរបាលអន្តោប្រវេសន៍ច្រកអូរយ៉ាដាវ ខេត្តរតនគិរី ដោយកងកម្លាំងនគរបាលប្រឆាំងបទល្មើសក្រសួងមហាផ្ទៃ សហការជាមួយនគរបាលប្រឆាំងបទល្មើសខេត្ត និងកងរាជអាវុធហត្ថ ព្រមទាំងនគរបាលស្រុកអូរយ៉ាដាវ ដឹកនាំដោយលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលដឹកឈើគ្រញូងនោះ បានកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីរសៀល នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ម្សិលមិញនេះ នៅចំណុចផ្លូវបំបែកជា៤ ស្រុកអូរយ៉ាដាវ ខណៈរថយន្តល្មើសបានដឹកឈើគ្រញូងចេញពីក្រុងបានលុងឆ្ពោះទៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ព្រំដែនកម្ពុជា-វៀតណាម ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា សមត្ថកិច្ចពេលបើកប្រតិបត្តិការបង្ក្រាបរថយន្តទំនើបដឹកឈើគ្រញូងនោះ គឺបង្ក្រាបបានទាំងរថយន្ត ទាំងអ្នកបើកបរដែលគេស្គាល់ថា មានឈ្មោះ ចិន្តា ជាអនុប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ប៉ុន្តែពេលឆ្លើយបញ្ជាក់ប្រាប់ចំពោះអ្នកសារព័ត៌មាន បែរជាសមត្ថកិច្ចប្រាប់ថា អ្នកបើកបររថយន្តល្មើសបានរត់គេចខ្លួនបាត់ទៅហើយ (Sic!) ។
បច្ចុប្បន្ន រថយន្តល្មើស និងឈើគ្រញូងត្រូវបានសមត្ថកិច្ចប្រគល់ឲ្យខាងរដ្ឋបាលព្រៃឈើខេត្តរតនគិរីរក្សាទុកបណ្តោះអាសន្ន និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីនៃច្បាប់ ៕