អ្នកតាមដាននិងអ្នកដឹងអំពីរឿងរ៉ាវពាក់ព័ន្ធនឹងអំពើមិនប្រក្រតីរបស់បុគ្គលឈ្មោះ ធាន វុទ្ធី នៅវត្តទួលព្រះរាជា ឋិតក្នុងភូមិកំពង់គ ឃុំពោធិ៍បាន ស្រុកកោះធំ ខេត្តកណ្តាលនោះ ហាក់បានសម្តែងនូវការមិនអស់ចិត្តឡើយចំពោះការបិទបញ្ចប់សំណុំរឿងបោកប្រាស់ និងបំផ្លិចបំផ្លាញកិត្យានុភាពព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋនេះ ត្រឹមអ្នកប្រព្រឹត្តខុសឆ្គងបានរួចខ្លួនតាមវិធីសារភាពកំហុស និងសុំទោស ខណៈដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រី ក៏ធ្លាប់បានប្រតិកម្មជាសាធារណៈប្រកាសឲ្យអាជ្ញាធរតាមចាប់ខ្លួន និង"វាយខ្នោះ"ទៅលើបុគ្គលឈ្មោះ ធាន វុទ្ធី កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៤យ៉ាងក្តែងៗហើយ បែរជាស្ងាត់មាត់ដូចគេចុកទៅវិញ បន្ទាប់ពីក្រសួងធម្មការនិងសាសនា គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា និងគណៈអភិបាលខេត្តកណ្តាលចេញសេចក្តីថ្លែងការណ៍ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ អនុញ្ញាតឲ្យបុគ្គលឈ្មោះ ធាន វុទ្ធី ចាកផុតពីការទទួលទោសទណ្ឌរួចមក ។
បុគ្គលឈ្មោះ ធាន វុទ្ធី ដែលដើរតួជាតាបសស្លៀកពាក់ស ជាអ្នករកឃើញព្រះផុស ជាសម្តេចព្រះសង្ឃរាជ ជួន ណាត ចាប់ជាតិ អាចទំនាក់ទំនងប្រាស្រ័យជាមួយព្រះព្រហ្ម និងព្រះឥន្ទ្របាន រហូតដល់តាំងខ្លួនជាព្រះសិអារ្យមេត្រិយ៍ ធ្វើឲ្យព្រះសង្ឃមួយចំនួនថ្វាយបង្គំ និងសាងសង់សំណង់ផ្សេងៗនៅក្នុងវត្តទួលព្រះរាជា មានលក្ខណៈប្រាសចាកពីព្រះពុទ្ធសាសនា និងវប្បធម៌ជាតិនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាតែងតាំងជា "ព្រះគ្រូធម្មាចារ្យ" និងធ្លាប់ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសព្រះរាជាណាចកក្រកម្ពុជាថ្នាក់មហាសេនា ដូចសម្តេចព្រះពោធិវ័ង្ស អំ លឹមហេង, សម្តេចព្រះវ័នរ័ត ណយ ច្រឹក, សម្តេចព្រះឧត្តមវង្សា មួង រ៉ា និងសម្តេចព្រះមហាអរិយវង្ស សៅ ចន្ទថុល្ល ដែរ ដោយព្រះរាជក្រឹត្យលេខនស/រកត/០៥១០/៤៥៣ ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១០ ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា នៅពេលដែលរាជរដ្ឋាភិបាលកម្ពុជាមានបុរសខ្លាំងជានាយករដ្ឋមន្ត្រី តែងតាំងឲ្យបុគ្គលឈ្មោះ ធាន វុទ្ធី នៅវត្តទួលព្រះទួលរាជា ជា"ព្រះគ្រូធម្មាចារ្យ" និងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាប្រោសព្រះរាជទាននូវគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា ចំពោះបុគ្គលឈ្មោះ ធាន វុទ្ធី ស្មើនឹងលោកជំទាវថ្នាក់ដឹកនាំមួយចំនួន ឯកឧត្តម-លោកជំទាវ-ឧកញ៉ាមួយចំនួន និងសម្តេចសង្ឃមួយចំនួន គឺមានន័យថា រាជរដ្ឋាភិបាលបានទទួលស្គាល់អំពើ និងផ្តល់តម្លៃជាកិត្តិយសខ្ពង់ខ្ពស់ដល់បុគ្គលឈ្មោះ ធាន វុទ្ធី ចាប់តាំងពីអំឡុងឆ្នាំ២០១០មកម្ល៉េះ ។ ដូច្នេះ ទោះបីក្រសួងធម្មការ និងសាសនាបានអង្កេតស្រាវជ្រាវរកឃើញនូវភាពមិនប្រក្រតីរបស់បុគ្គលឈ្មោះ ធាន វុទ្ធី ក្នុងជំហានដំបូងក៏ដោយ ក៏រាជរដ្ឋាភិបាលមិនអាចចាត់ការទៅលើបុគ្គលឈ្មោះ ធាន វុទ្ធី ឲ្យទទួលទោសទណ្ឌតាមច្បាប់រដ្ឋ និងសាសនាឡើយ គឺបានត្រឹមឲ្យបុគ្គលឈ្មោះ ធាន វុទ្ធី ចំណាយលុយកាក់បិទសំណុំរឿងនេះតែប៉ុណ្ណោះ ។ ដោយឡែក ប្រកាសចេញពីមាត់របស់បុរសខ្លាំងជានាយករដ្ឋមន្ត្រីដែលថា ឲ្យអាជ្ញាធរតាមចាប់ខ្លួន និង"វាយខ្នោះ"បុគ្គលឈ្មោះ ធាន វុទ្ធី នោះ គឺត្រឹមបានប្រកាសនិយាយចោលឲ្យរួចពីមាត់ ក្លាយជាគ្មានតម្លៃ ឥតន័យខ្លឹមសារផងដែរ រួចហើយក៏ត្រូវស្ងាត់មាត់ដូចគេចុកតែម្តងទល់សព្វថ្ងៃ ៕