រថយន្តទំនើបមួយគ្រឿងម៉ាក Lexus 570 ពណ៌ស្ករ ពាក់ស្លាកលេខខេមរភូមិន្ទ 02.2-8595 ដែលសាក្សីបានអះអាងថា បើកបរដោយយុវជនវ័យក្មេងម្នាក់ជាកូនប្រុសថៅកែហាងកែសម្ផស្សផ្កាយប្រាក់ បានបង្កករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយបុកទៅលើទោចក្រយានយន្តមួយគ្រឿងម៉ាក Honda Dream C125 ពាក់ស្លាកលេខបាត់ដំបង 1J-2109 នៅត្រង់ចំណុចផ្លូវកែងលេខ៥២៨ ឋិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាច នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៤កន្លងទៅ បណ្តាលឲ្យមនុស្សចំនួន២នាក់រងរបួសធ្ងន់ធ្ងរ និងខូចខាតទោចក្រយានយន្តយ៉ាងដំណំ(ក្នុងនោះមានបុរសជាជនរងគ្រោះម្នាក់បាក់ជើងម្ខាងខាងឆ្វេង) ខណៈសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះត្រូវបានបិទបញ្ចប់ត្រឹមសងសំណងជាប្រាក់ប្រមាណ១.៦០០ដុល្លារអាមេរិក សម្រាប់មនុស្សជាជនរងគ្រោះរងរបួសទាំង២នាក់ ។
ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញអ្នកជិះទោចក្រយានយន្តម៉ាក Honda Dream ២នាក់ឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើង តាមផ្លូវលេខ៥២៨ ជិតឆ្លងផ្លូវផុតទៅហើយ ស្រាប់តែរថយន្តបង្កហេតុបានបើកបរយ៉ាងលឿនមកពីទិសខាងលិច ដល់ត្រង់ចំណុចផ្លូវបែកជាបួន ក៏បុកសំដៅមកលើទោចក្រយានយន្តជនរងគ្រោះពេញទំហឹង រហូតដល់ដាច់ជ្រុះស្លាកលេខរថយន្តខាងមុខ កៀបជាប់ និងអូសទោចក្រយានយន្តបានចម្ងាយជិត២០ម៉ែត្រទើបឈប់ បង្កឲ្យជនរងគ្រោះទាំង២នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ ។
មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថា អនុលោមតាមមាត្រា៥ និងមាត្រា១១ នៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ និងប្រកាសរបស់ក្រសួងការពារជាតិលេខ០៦៤/ប្រក២០០៩ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការចេញប័ណ្ណ ស្លាកលេខចរាចរណ៍ និងសញ្ញាសម្គាល់ស្ថាប័ន កងឯកភាព នៃកងយោធពលខេមរភូមិន្ទ គឺរថយន្តទំនើបម៉ាក Lexus 570 ពាក់ស្លាកលេខខេមរភូមិន្ទ 02.2-8595 ត្រូវជាយានយន្តរបស់ក្រសួងការពារជាតិ(អគ្គបញ្ជាការដ្ឋាន) សម្រាប់ប្រើប្រាស់នៅសមរភូមិ និងការងារការពារជាតិ ដោយត្រូវលាបពណ៌ត្រេអ៊ី ឬប៉ារ៉ា ចុះហេតុអ្វីរថយន្តទំនើបនេះបែរជាត្រូវបានបើកបរដោយកូនប្រុសរបស់ថៅកែហាងកែសម្ផស្សផ្កាយប្រាក់ ហើយបានបង្កគ្រោះថ្នាក់ចរាចរណ៍ដូច្នេះទៅវិញ ?
ដូច្នេះ ករណីរថយន្តទំនើបម៉ាក Lexus 570 ពាក់ស្លាកលេខខេមរភូមិន្ទ 02.2-8595 ដែលបើកបរដោយកូនប្រុសថៅកែហាងកែសម្ផស្សផ្កាយប្រាក់ បានបំបាក់មុខមាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែគួរឲ្យសោកស្តាយបំផុត ដោយសារបុរសខ្លាំង និងឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ មិនចេះខ្មាសអៀនទាល់តែសោះ ៕