ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

ការ​ប្រឡង​បាក់​ឌុ​ប​លើក​ទី​២​ធ្វើ​ឲ្យ​ពាក្យស្លោក​”​អ្នកចេះ​គឺ​ជាប់​”​របស់​រដ្ឋមន្ត្រីក្រសួង​អប់រំ​លែង​មាន​ន័យ​និង​បំផ្លាញ​ថវិកាជាតិ​

​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ តាម​រយៈ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​មាន​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ ជា​រដ្ឋមន្ត្រី​ បន្ទាប់​ពី​បានដឹង​ថា​ អត្រា​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(Bac​ II)​ កាលពី​ថ្ងៃ​ទី​០៤-០៥​ ខែសីហា​ ឆ្នាំ​២០១៤​កន្លង​មក​ ជាប់​ក្នុង​កម្រិត​ក្រោម​២០​ភាគរយ​នោះ​ បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ ទី​១១​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ថា​ នឹង​រៀបចំ​ឲ្យ​មានការ​ប្រឡង​លើក​ទី​២​ទៀត​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ចុងខែ​កញ្ញា​ ឬ​ដើមខែ​តុលា​ ឆ្នាំ​២០១៤​ខាង​មុខ​នេះ​ ខណៈ​ដែល​កាលពី​ឆ្នាំ​២០១៣​ បេក្ខជន​ប្រឡង​បាក់​ឌុ​ប​បាន​ជាប់​ក្នុង​អត្រា​ប្រមាណ​ជាង​៨០​ភាគរយ​ ។​

​ការ​ប្រកាស​រៀបចំ​ប្រឡង​បាក់​ឌុ​ប​លើក​ទី​២​របស់​រាជរដ្ឋាភិបាល​នេះ​ បាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​ភាគច្រើន​រិះគន់​ថា​ ជា​ការ​បំផ្លិចបំផ្លាញ​ជាតិ​ និង​ធ្វើ​ទៅ​តាមតែ​ការ​នឹកឃើញ​ គ្មាន​គោលការណ៍​គិត​ទុកជា​មុន​ឲ្យ​បាន​ច្បាស់លាស់​ឡើយ​ ។​

​ក្រុម​អ្នក​រិះគន់​បាន​លើក​ឡើង​ថា​ ការប្រ​ឡង​បាក់​ឌុ​ប​លើក​ទី​២​ ដើម្បី​ស្រោចស្រង់​ឲ្យ​មាន​សិស្ស​ជាប់​ច្រើន​ជាង​ការ​ប្រឡង​លើក​ទី​១​ ដែល​អះអាង​ថា​ ក្នុង​ន័យ​កែទម្រង់​លើ​វិស័យ​អប់រំ​ស្វែងរក​គុណភាព​ ធនធានមនុស្ស​នោះ​ ធ្វើ​ឲ្យ​ពាក្យស្លោក​របស់​ឯកឧត្តម​បណ្ឌិត​ ហង់​ជួន​ ណា​រ៉ុ​ន​ រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដែល​ថា​ "​អ្នកចេះ​គឺ​ជាប់​"​ ក្លាយជា​លែង​មាន​ន័យ​ខ្លឹមសារ​ ការ​ប្រឹងប្រែង​សង្កេតការណ៍​ និង​ចំណាត់ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ នា​ពេល​កន្លង​មក​ ក្លាយជា​ឥតប្រយោជន៍​ និង​ជា​ការ​បំផ្លិចបំផ្លាញ​ថវិកាជាតិ​ ដ្បិត​ការ​ប្រឡង​លើក​ទី​១​បាន​ចាយវាយ​ថវិកាជាតិ​អស់​ប្រមាណ​៤​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយៗ​ការ​ប្រឡង​លើក​ទី​២​ ក៏​នឹង​អាច​ចាយវាយ​ថវិកាជាតិ​ង​អស់​ប្រមាណ​៤​លាន​ដុល្លារ​អា​មេ​រិ​ក​ទៀត​ដែរ​ គឺ​សរុប​ការ​ប្រឡង​ទាំង​២​លើក​ ត្រូវ​ចំណាយ​ថវិកាជាតិ​អស់​ប្រមាណ​៨​លាន​ដុល្លារ​អា​មេ​រិ​ក​ ។​

​មជ្ឈដ្ឋាន​អ្នក​រិះគន់​មាត់ដាច​ខ្លះ​និយាយ​ថា​ ឥឡូវ​ទាន់​លទ្ធផល​ប្រឡង​បាក់​ឌុ​ប​លើក​ទី​១​មិន​ទាន់​ប្រកាស​និង​កុំ​ឲ្យ​មានការ​ខាតបង់​ថវិកាជាតិ​លើ​ការ​ប្រឡង​លើក​ទី​២​ ព្រមទាំង​ដើម្បី​បំពេញ​បំណង​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​បាន​ជាប់​ច្រើន​វិញ​នោះ​ផង​ គប្បី​កែសម្រួល​ដំឡើង​ពិន្ទុ​ឲ្យ​បេក្ខជន​ប្រឡង​ដែល​ខ្វះ​ពិន្ទុ​ឲ្យ​បាន​ជាប់​តែ​ម្តង​ទៅ​ ខ្ជិល​រៀបចំ​ប្រឡង​លើក​ទី​២​នាំ​ឲ្យ​ខាត​ពេលវេលា​ និង​ខាតបង់​ថវិកាជាតិ​ ។​

​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​មួយ​ចំនួន​ តែ​អាចយ​កមក​ធ្វើការ​ពិចារណា​បាន​ឲ្យ​ដឹង​ថា​ ការណ៍​ដែល​បុរស​ខ្លាំង​បែកគំនិត​រៀបចំ​ប្រឡង​បាក់​ឌុ​ប​លើក​ទី​២​នោះ​ គឺ​បន្ទាប់​ពី​មាន​ទីប្រឹក្សា​ផ្ទាល់​បុរស​ខ្លាំង​ដែល​ជា​ថៅកែ​សាកលវិទ្យាល័យ​មួយ​ចំនួន​បាន​ផ្តល់​យោបល់​ជូន​ទៅ​បុរស​ខ្លាំង​ឲ្យ​មានការ​រៀបចំ​ប្រឡង​បាក់​ឌុ​ប​ជា​លើក​ទី​២​ទៀត​ឲ្យ​មាន​សិស្ស​ចាប់​ច្រើន​ ដើម្បី​បាន​ចូល​រៀន​បន្ត​នៅ​សាកលវិទ្យាល័យ​របស់​ខ្លួន​ ជៀសវាង​សាកលវិទ្យាល័យ​គ្មាន​សិស្ស​ចូល​រៀន​នាំ​ឲ្យ​ដួល​រលំ​(Sic!)​ ។​

​អាណាព្យាបាល​សិស្ស​ប្រឡង​បាក់​ឌុ​បម្នាក់​បាន​និយាយ​ឲ្យ​ដឹង​ថា​ បើ​រៀបចំ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​២០១៤​នេះ​ខ្លាច​សិស្ស​ជាប់​តិច​ពេក​ និង​រៀបចំ​ឲ្យ​មានការ​ប្រឡង​លើក​ទី​២​ទៀត​នោះ​ តើ​ចាំបាច់​អ្វី​ត្រូវ​ធ្វើការ​រឹត​បន្តឹង​យ៉ាង​ហំ​ហាន​នៅ​ពេល​ប្រឡង​លើក​ទី​១​ នាំ​ឲ្យ​មាន​មនុស្ស​ខ្លះ​ប្រឈម​នឹង​ការ​ជាប់គុក​ច្រវាក់​ និង​សិស្ស​ខ្លះ​ទៀត​បាន​ធ្លាក់​ជា​ស្វ័យប្រវត្តិ​រួច​ទៅ​ហើយ​ ទាំង​មិន​អស់ចិត្ត​ និង​ម្យ៉ាងទៀត​ ហេតុ​អ្វី​មិន​ព្រម​ប្រកាស​ឲ្យ​ដឹង​តាំងពី​មុន​មក​ផង​ ?​ ៕​

IMG_20140805_135205 IMG_20140811_172331 Exam-20149999

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.