កម្មករក្រុមហ៊ុនផានអ៊ីម៉ិចរបស់លោកស្រីឧកញ៉ា ស៊ុយ សុផាន ជាអគ្គនាយិកាក្រុមហ៊ុន ចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័មក្នុងរថយន្តនៅកន្លែងកើតហេតុ និងចំនួន២នាក់ទៀតរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដោយបើករថយន្តធ្លាក់ចូលទៅក្នុងទឹកស្រះជម្រៅប្រមាណ៥ម៉ែត្រ ក្នុងបរិវេណទីតាំងដីរបស់ក្រុមហ៊ុន ឋិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង១៣និង៥០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤នេះ ខណៈក្រុមកម្មករទាំងនោះទៅបំពេញការងារធ្វើរបងហ៊ុំព័ទ្ធដីធ្លីឲ្យក្រុមហ៊ុន ។
ក្រុមកម្មករចំនួន៣នាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរថយន្តពេលធ្លាក់ចូលទៅក្នុងទឹកស្រះយ៉ាងជ្រៅនោះ រួមមាន ៖ ១-ឈ្មោះ ជុំ អឿន ភេទប្រុស អាយុ៥៧ឆ្នាំ, ២-ឈ្មោះ ហែម សារិន ភេទប្រុស អាយុ៦៥ឆ្នាំ និង៣-ឈ្មោះ តាស៊ី ភេទប្រុស អាយុ៣០ឆ្នាំ ។ រីឯអ្នករងបួសចំនួន២នាក់ទៀតមានឈ្មោះ គង់ ណារី ភេទស្រី អាយុ៤៣ឆ្នាំ និងឈ្មោះ ហេង ហាក់ឡុង ភេទប្រុស អាយុ៥០ឆ្នាំ ។
យោងតាមសម្តីស្ត្រីឈ្មោះ គង់ ណារី ដែលរងរបួសរួចផុតពីសេចក្តីស្លាប់ បានរៀបរាប់ឲ្យដឹងថា ពួកគាត់ជាកម្មករក្រុមហ៊ុនផានអ៊ីម៉ិច មានទីលំនៅក្នុងបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ចំនួន៥នាក់ បានជិះរថយន្តមួយគ្រឿងម៉ាក TOYOTA PICK UP ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ គ.០៨៨៧ ភព២ រួមជាមួយសម្ភារៈមានចប និងកាំបិត យកទៅធ្វើរបងហ៊ុំព័ទ្ធដីឲ្យក្រុមហ៊ុន ដែលមានឈ្មោះ ហែម សារិន ជាអ្នកបើកបរ តែមិនសូវស្ទាត់ជំនាញទេ រីឯខ្លួនជាអ្នកជិះនៅផ្នែកខាងក្រោយកាប៊ីនរថយន្ត ។ ពេលធ្វើដំណើរចុះពីលើផ្លូវជាតិបានចម្ងាយប្រមាណ៣គីឡូម៉ែត្រ មកដល់ទីតាំងក្នុងបរិវេណដីក្រុមហ៊ុនដែលត្រូវធ្វើរបង អ្នកបើកបរក៏បានបន្ថយល្បឿនរថយន្ត ព្រោះជាផ្លូវបត់ដែលចូលទៅក្នុងទីតាំងដី ។ ដោយសារការបើកបរមិនសូវស្ទាត់ជំនាញ ពេលបួងចង្កូតរថយន្តដល់កន្លែងផ្លូវបត់ បណ្តាលឲ្យរថយន្តជ្រុលធ្លាក់ចូលទៅក្នុងទឹករណ្តៅដីយ៉ាងជ្រោះ ហើយខ្លួនឃើញសភាពដូច្នេះ ក៏លោតចេញពីរថយន្តតែម្តង ។ ភ្លាមៗនោះ ពួកខ្លួនដែលបានរួចផុតពីសេចក្តីស្លាប់ ក៏បានស្វះស្វែងរកការជួយអន្តរាគមន៍ តែមិនអាចអូសទាញរថយន្តឡើងមកលើគោកវិញបានទេ ដ្បិតនៅក្នុងទឹកជ្រៅពេក ។ លុះដល់ប្រមាណជាង២ម៉ោងក្រោយមក ទើបមានរថយន្តស្ទូចបានយកស្ទូចយករថយន្តចេញពីក្នុងទឹក តែហួសពេលទៅហើយ ជាហេតុ ធ្វើឲ្យអ្នកជិះក្នុងកាប៊ីនរថយន្តចំនួន៣នាក់បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ គេមិនទាន់បានដឹងថា លោកស្រីឧកញ៉ា ស៊ុយ សុផាន អគ្គនាយិកាក្រុមហ៊ុនផានអ៊ីម៉ិច នឹងត្រូវដោះស្រាយយ៉ាងណាចំពោះកម្មករក្រុមហ៊ុនរបស់ខ្លួនដេលជួបគ្រោះថ្នាក់ពេលកំពុងបំពេញការងារនោះនៅឡើយទេ ខណៈដែលអ្នកស្លាប់បាត់បង់ជីវិតត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណីនៅវត្តសន្សំកុសល និងរថយន្តក៏ត្រូវសមត្ថកិច្ចយកទៅរក្សាបណ្តោះអាសន្នដើម្បីចាត់ការតាមច្បាប់ផងដែរ ៕