ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

គណបក្ស​សង្គ្រោះ​ជាតិ​អាច​កែទម្រង់​របៀបរបប​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​បាន​ដោយ​ប្រើប្រាស់​ថាមពល​នៅ​ក្នុង​រដ្ឋសភា​

​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥(២០១៣-២០១៨)​ អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​ ត្រូវ​បាន​បញ្ចប់​ត្រឹម​បេក្ខជន​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​ បាន​ទទួល​សុពលភាព​ និង​ស្បថ​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ ក្លាយជា​តំណាង​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ ព្រមទាំង​ទទួល​បានការ​តែងតាំង​មុខ​តំណែង​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋសភា​ ខណៈ​ដែល​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​(​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​)​ ព្រមព្រៀង​គ្នា​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​,​ វិសោធនកម្ម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​,​ កែសម្រួល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ បើក​ទីលាន​ប្រជាធិបតេយ្យ​ឲ្យ​ដំណើរការ​ឡើង​វិញ​…​។​ល​។​

​មុន​នឹង​ឈាន​ដល់​ការ​បិទ​បញ្ចប់វិបត្តិ​នយោបាយ​នៅ​កម្ពុជា​អស់​រយៈពេល​ប្រមាណ​១​ឆ្នាំ​កន្លង​ទៅ​នេះ​ គឺ​អ្វីៗ​ត្រូវ​បាន​ចំណាយ​ច្រើន​គួរសម​ ទាំង​មនុស្ស​ ទាំង​ទ្រព្យ​សម្ភារៈ​ ដូច​ជា​ បេក្ខជន​អ្នកតំណាង​រាស្ត្រ​ជាប់​ឆ្នោត​ និង​សកម្មជន​មួយ​ចំនួន​របស់​គណបក្សប្រឆាំង​ ត្រូវ​បាន​ឆ្លងកាត់​ការ​ជាប់​ពន្ធនាគារ​ កង​សន្តិសុខ​របស់​អាជ្ញាធរ​គណបក្សកាន់អំណាច​រង​របួស​ កម្មករ​ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ស្លាប់​ និង​រង​របួស​…​ដោយ​គេ​មិន​ទាន់​បានដឹង​ថា​ តើ​អ្នកនយោបាយ​របស់​គណបក្ស​ទាំង​២​នឹង​ប៉ះប៉ូវ​ទទួលខុសត្រូវ​ក្នុង​កម្រិត​ណា​នោះ​ទេ​ ។​

​ឥឡូវនេះ​ ចំណុច​សំខាន់​ចំនួន​២​ដែល​ត្រូវ​លើកយក​មក​អត្ថាធិប្បាយ​ គឺ​ ៖​ ១-​ការ​ទទួល​បាន​មុខ​តំណែង​របស់​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ ក្នុង​នាម​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ ដែល​មិន​ចុះចូល​ធ្វើ​រាជរដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ជា​គណបក្ស​នយោបាយ​កាន់កាប់​អំណាច​ និង​ ២-​សមត្ថភាព​ និង​លទ្ធភាព​របស់​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ ក្នុង​ការ​ចូលរួម​ចំណែក​កែទម្រង់​របៀបរបប​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដ៏​មាន​ឥទ្ធិពល​ និង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​មាន​អំណាច​ ។​

១-​មុខ​តំណែង​ដែល​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ គឺ​ ៖​ អនុប្រធាន​ទី​១​រដ្ឋសភា​,​ ប្រធាន​គណៈកម្មការ​ទី​១(​សិទ្ធិ​មនុស្ស​ ទទួល​ពាក្យបណ្តឹង​ អ​ងេ្ក​ត​ និង​ទំនាក់ទំនង​រដ្ឋសភា​ ព្រឹទ្ធសភា​)​ ប្រធាន​គណៈកម្មការ​ទី​៣(​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍ជនបទ​ បរិស្ថាន​ និង​ធនធានទឹក​)​ ប្រធាន​គណៈកម្មការ​ទី​៧(​អប់រំ​ យុវជន​ កីឡា​ ធម្មការ​ កិច្ចការ​សាសនា​ វប្បធម៌​ និង​ទេសចរណ៍​)​ ប្រធាន​គណៈកម្មការ​ទី​៨(​សុខាភិបាល​ សង្គមកិច្ច​ អតីត​យុទ្ធ​ជន​ យុវ​នីតិសម្បទា​ ការងារ​ បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​កិច្ចការ​នារី​)​ និង​ប្រធាន​គណៈកម្មការ​ទី​១០(​អង្កេត​ បោសសំអាត​ និង​ប្រឆាំង​អំពើ​ពក​រលួយ​)​ ។​

២-​លទ្ធភាព​ និង​សមត្ថភាព​របស់​អ្នកតំណាង​រាស្ត្រ​គណបក្សប្រឆាំង​ ក្នុង​ការ​ចូលរួម​ចំណែក​កែទម្រង់​របៀបរបប​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​ ៖​ វៀរលែងតែ​មានការ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង​ គឺ​អ្នកតំណាង​រាស្ត្រ​ចំនួន​៥៥​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មិន​អាច​ត្រូវ​បាន​លើក​អភ័យឯកសិទ្ធិ​សភា​ដោយ​ងាយស្រួល​ ដូច​បក​ចេកទុំ​ទៀត​ឡើយ​ ក្នុង​បំណង​បើក​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ ឃាត់ខ្លួន​ ចាប់ខ្លួន​ ឬ​ឃុំខ្លួន​នោះ​ទេ​(​ពីព្រោះ​អាច​មិន​គ្រប់​កូរ៉ុម​និង​សំឡេង​អ​មនុ​ម័ត​ភាគច្រើន​២​ភាគ​៣​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល​)​ ។​ ដូច្នេះ​ អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​អាច​មាន​លទ្ធភាព​បំពេញការងារ​ក្នុង​នាម​ជា​តំណាង​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ដូច​កាលពី​អាណត្តិ​មុនៗ​ឡើយ​ ។​

​ប្រសិនបើ​មាន​ឆន្ទៈ​នយោបាយ​ក្នុង​នាម​ជា​អ្នកតំណាង​ប្រជាជាតិ​ខ្មែរ​ពិតប្រាកដ​ និង​ប្រកបដោយ​សមត្ថភាព​ថែម​ទៀត​ គឺ​អ្នកតំណាង​រាស្ត្រ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ និង​អ្នកតំណាង​រាស្ត្រ​ដែល​បាន​កាន់​មុខ​តំណែង​ជា​ប្រធាន​គណៈកម្មការ​ទាំងឡាយ​របស់​រដ្ឋសភា​ អាច​ស៊ើបអង្កេត​តាមដាន​ និង​អញ្ជើញ​ឥស្សរជន​ដ៏​ឧត្តម​ណាមួយ​មក​បំភ្លឺ​អំពី​បញ្ហា​ដែល​មាន​សារៈសំខាន់​ពិសេស​ (​តាម​មាត្រា​៨៩​នៃ​រដ្ឋធម្មនុញ្ញ​)​ អាច​ដាក់​សំណួរ​ដល់​រាជរដ្ឋាភិបាល​(​តាម​មាត្រា​៩៦​នៃ​រដ្ឋធម្មនុញ្ញ​)​ អាច​អញ្ជើញ​រដ្ឋមន្ត្រី​មក​បំភ្លឺ​អំពី​បញ្ហា​អ្វីមួយ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ទទួលខុសត្រូវ​របស់​ខ្លួន​(​តាម​មាត្រា​៩៧​នៃ​រដ្ឋធម្មនុញ្ញ​)​ និង​អាច​ធ្វើ​ញត្តិបន្ទោស​រាជរដ្ឋាភិបាល​(​តាម​មាត្រា​៩៨​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​)​ ។​ ដូច្នេះ​ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​គប្បី​រៀបចំ​សមាសភាព​អ្នកតំណាង​រាស្ត្រ​របស់​ខ្លួន​ជា​អ្នកមាន​ឆន្ទៈ​នយោបាយ​ និង​ត្រូវ​មាន​សមត្ថភាព​ថែម​ទៀត​ ដើម្បី​ឲ្យ​កាន់​មុខ​តំណែង​ជា​ប្រធាន​គណៈកម្មការ​ទាំងឡាយ​នៅ​ក្នុង​រដ្ឋសភា​នីតិកាល​ទី​៥​ ទើប​អាច​ប្រើប្រាស់​ថាមពល​រដ្ឋសភា​ដែល​ជា​ស្ថាប័ន​នីតិប្បញត្តិ​ឲ្យ​អស់​សក្តានុពល​ តាម​ច្បាប់​ជា​ធរមាន​បាន​ ។​

​សរុបសេចក្តី​មក​ ទោះបី​មាន​អ្នកតំណាង​រាស្ត្រ​មក​ព​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​អាច​មិន​ស្មោះត្រង់​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ដោយ​ ក៏​គណបក្សប្រឆាំង​មួយ​នេះ​តាម​រយៈ​អ្នកតំណាង​រាស្ត្រ​របស់​ខ្លួន​ ប្រសិនបើ​មាន​ឆន្ទៈ​នយោបាយ​បម្រើ​ជាតិ​ និង​ប្រជារាស្ត្រ​ជា​ម្ចាស់​ឆ្នោត​ពិតប្រាកដ​នោះ​ គឺ​អាច​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​កែទម្រង់​របៀបរបប​ដឹកនាំ​ប្រទេស​សព្វថ្ងៃ​ដែល​ពោរពេញ​ទៅ​ដោយ​អំពើ​អយុត្តិធម៌​សង្គម​ អំពើ​ពុក​រលួយ​ អំពើ​រើសអើង​ បក្ខពួក​និយម​…​បាន​ ដោយ​ប្រើប្រាស់​ថាមពល​នៅ​ក្នុង​រដ្ឋសភា​ដែល​ជា​ស្ថាប័ន​នីតិប្បញ្ញត្តិ​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ ៕​

 

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.