ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

សំណុំរឿង​ក្តៅ​បុគ្គល​ ធាន​ វុ​ទ្ធី​ នៅ​វត្ត​ទួល​ព្រះរាជា​ចប់​ហើយ​ ត្រឹម​រួចខ្លួន​ចូល​វត្ត​វិញ​ ខណៈ​ប្រកាស​ក្តែ​ងៗ​របស់​បុរស​ខ្លាំង​គ្មាន​តម្លៃ​

​សំណុំរឿង​ក្តៅ​គគុក​ពាក់ព័ន្ធ​នឹង​បុគ្គល​ម្នាក់​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ស្លៀកពាក់​ស​របៀប​តួអង្គ​តាបស​ នៅ​វត្ត​ទួល​ព្រះរាជា​ ឋិត​ក្នុងភូមិ​កំពង់​គ​ ឃុំ​ពោធិ៍​បាន​ ស្រុក​កោះធំ​ ខេត្តកណ្តាល​ ដែល​មិនមែន​ជា​ករណី​តូចតាច​ ឬ​សាមញ្ញ​ និង​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​តាមដាន​យ៉ាង​យកចិត្ត​ទុកចិត្ត​ដាក់​នោះ​ ឥឡូវនេះ​ត្រូវ​បាន​បិទ​បញ្ចប់​ដោយ​សោះកក្រោះ​ហើយ​ គឺ​បុគ្គល​ ធាន​ វុ​ទ្ធី​ ត្រូវ​បាន​ក្រសួង​ធម្មការ​និង​សាសនា​ គណៈសង្ឃ​នាយក​ និង​អាជ្ញាធរ​ខេត្តកណ្តាល​ សម្រេច​អនុញ្ញាត​ឲ្យ​ចូល​ទៅ​រស់នៅ​ក្នុង​វត្ត​ទួល​ព្រះរាជា​ធម្មតា​ឡើង​វិញ​ ដោយ​គ្មាន​ការ​ទទួល​រង​នូវ​ទោសទណ្ឌ​អ្វី​ឡើយ​ បន្ទាប់​ពី​រៀបចំ​ឆាកល្ខោន​មួយ​ធ្វើ​ជា​ចេញ​មុខ​មក​សារភាព​កំហុស​ និង​សុំ​ទោស​តាម​វិធី​ប្រើប្រាស់​សន្លឹក​បៀរ​កេណ្ឌ​កម្លាំង​ពុទ្ធសាសនិកជន​ឲ្យ​មាន​ប្រៀប​លើ​ក្រុម​មន្ត្រី​មាន​សមត្ថកិច្ច​ និង​គណៈសង្ឃ​នាយក​ ។​

​នៅ​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៤​នេះ​ អាជ្ញា​ធរមាន​សមត្ថកិច្ច​ស៊ើបអង្កេត​ស្រាវជ្រាវ​ករណី​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ និង​គណៈសង្ឃ​នាយក​ បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ រួម​មាន​ ស្នាម​មេដៃ​របស់​បុគ្គល​ ធាន​ វុ​ទ្ធី​ ផង​ បាន​ប្រកាស​អនុញ្ញាត​ឲ្យ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ វិល​ចូល​ទៅ​វត្ត​ទួល​ព្រះរាជា​វិញ​ ខណៈ​វត្ត​ទួល​ព្រះរាជា​នេះ​ក្រសួង​ធម្មការ​និង​សាសនា​ គណៈសង្ឃ​នាយក​ និង​អាជ្ញាធរ​ខេត្តកណ្តាល​ នឹង​រៀបចំ​និមន្ត​ព្រះសង្ឃ​មក​គង់នៅ​ ព្រមទាំង​បង្កើត​គណៈកម្មការ​អាចារ្យវត្ត​សម្រាប់​គ្រប់គ្រង​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ទំនៀមទម្លាប់​ប្រពៃណី​ព្រះពុទ្ធ​សាសនា​ និង​ច្បាប់​របស់​រដ្ឋ​ ។​

​សេចក្តីថ្លែងការណ៍​រួម​នេះ​បាន​កើតឡើង​ក្រោយ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ចេញ​មុខ​មក​បំភ្លឺ​ចំពោះ​ការ​ចោទប្រកាន់​មក​លើ​ខ្លួន​ តាម​ការ​អញ្ជើញ​របស់​សាលា​ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ទី​០៦-០៧​ ខែសីហា​ ឆ្នាំ​២០១៤​ នៅ​ចំពោះ​ព្រះ​ភក្ត្រ​គណៈសង្ឃ​នាយក​ ចំពោះ​មុខ​ថ្នាក់ដឹកនាំ​ក្រសួង​ធម្មការ​និង​សាសនា​ និង​អាជ្ញាធរ​ខេត្ត​គ្រប់​លំដាប់ថ្នាក់​ ដោយ​វិធី​សារភាព​កំហុស​ និង​សុំ​ទោស​រួច​មក​ ។​

​ចំណុច​គួរ​ឲ្យ​កត់សម្គាល់​នៅ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ នៅ​វត្ត​ទួល​ព្រះរាជា​នោះ​ គឺ​ ៖

១-​ជា​ករណី​បង្ក​នូវ​ការ​សង្ស័យ​មាន​រយៈពេល​១០​ឆ្នាំ​មក​ហើយៗ​បណ្តាញសារព័ត៌មាន​ជា​ច្រើន​ធ្លាប់​បាន​ចុះ​ផ្សាយ​អំពី​រឿង​នេះ​ ប៉ុន្តែ​គ្មាន​អាជ្ញាធ​រណារ​វីរ​វល់​យក​ភ្នែក​មើល​ ត្រចៀក​ស្តាប់​ និង​ខួរក្បាល​គិតពិចារណា​ឡើយ​ ។​

២-​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទាក់ទង​នឹង​ការ​ប្រតិបត្តិ​របស់​បុគ្គល​ ធាន​ វុ​ទ្ធី​ ដែល​ធ្លាប់​តាំងខ្លួន​ជា​តាបស​ ជា​សម្តេចព្រះសង្ឃរាជ​ ជួន​ ណាត​ ចាប់ជាតិ​ ជា​អ្នករក​ឃើញ​ព្រះ​ផុស​ អាច​ទំនាក់ទំនង​ជាមួយ​ព្រះព្រហ្ម​ និង​ព្រះឥន្ទ្រ​បាន​ រហូត​ដល់​តាំងខ្លួន​ជា​ព្រះ​សិរិ​អារ្យ​មេត្រី​ ធ្វើ​ឲ្យ​ព្រះសង្ឃ​មួយ​ចំនួន​ថ្វាយបង្គំ​បុគ្គល​ ធាន​ វុ​ទ្ធី​ បង្ក​ឲ្យ​មាន​ភាព​ក្រឡាប់ចាក់​ពេញ​វត្ត​ទួល​ព្រះរាជា​ ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រសួង​ធម្មការ​ និង​សា​សា​នា​ ជា​ពិសេស​លើ​ការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តី​ថ្លៃថ្នូរ​របស់​ព្រះពុទ្ធ​សាសនា​ដែល​ជា​សាសនា​របស់​រដ្ឋ​ ។​

៣-​ជា​សំណុំរឿង​ក្តៅ​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចេញ​ប្រតិកម្ម​ជា​សាធារណៈ​ប្រកាស​ឲ្យ​មានការ​ចាប់ខ្លួន​ និង​"​វាយ​ខ្នោះ​"​ទៅ​លើ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ កាលពី​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤​ ។​

៤-​ក្រោយ​ការ​ប្រកាស​ក្តែ​ងៗ​របស់​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ឲ្យ​មានការ​តាម​ស្វែងរក​ចាប់ខ្លួន​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ នោះ​ ស្រាប់តែ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ បែរជា​ចេញ​មុខ​មក​ឆ្លើយ​បំភ្លឺ​អាជ្ញាធរ​ខេត្តកណ្តាល​ និង​គណៈសង្ឃ​នាយក​ ដោយ​អម​មក​ជាមួយ​នូវ​ក្រុម​ពុទ្ធសាសនិកជន​ស្លៀកពាក់​ស​យ៉ាង​ព្រោងព្រាត​ ច្រើន​ជាង​អាជ្ញាធរ​ចាំ​ស្តាប់​ការ​ឆ្លើយ​បំភ្លឺ​ទៅ​ទៀត​ ជា​ហេតុ​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​សង្ស័យ​ថា​ជា​ការ​រៀបចំ​ទុកជា​មុន​ ដើម្បី​ឲ្យ​បុគ្គល​ឈ្មោះ​ធាន​ វុ​ទ្ធី​ មានឱកាស​រួចខ្លួន​ផុត​ពី​សំណាញ់​ច្បាប់​រដ្ឋ​ និង​ផ្លូវ​សាសនា​ ។​

៥-​សំណុំរឿង​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ដែល​ជា​តួអង្គ​បោកប្រាស់​ និង​បំផ្លិចបំផ្លាញ​កិត្យានុភាព​ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​ដ៏​ល្បីល្បាញ​ និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​បុគ្គល​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ ព្រមទាំង​ជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​ពាក់ព័ន្ធ​នឹង​កិត្យានុភាព​ព្រះពុទ្ធ​សាសនា​បែប​នេះ​ទៅ​ហើយៗ​បែរជា​បិទ​បញ្ចប់​ត្រឹម​ការ​សារភាព​កំហុស​ និង​សុំ​ទោស​ រួច​ហើយ​បុគ្គល​ ធាន​ វុ​ទ្ធី​ បាន​វិល​ត្រឡប់​ចូល​វត្ត​ទួល​ព្រះរាជា​វិញ​ គឺ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ មាន​មន្ត្រីរាជការ​គ្រាក់ៗ​ជា​ច្រើន​នាក់​អាច​រួម​ទាំង​មាន​សម្តេច​សង្ឃ​ទៀត​ផង​ ជួយ​ជ្រោមជ្រែង​ផ្តល់​ជា​គំនិត​ និង​វិធីសាស្ត្រ​ប្រើប្រាស់​កម្លាំង​ពុទ្ធសាសនិកជន​មួយ​ចំនួន​ដែល​ដង្ហែ​គាំទ្រ​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ធ្វើ​ជា​ខែល​ដើម្បី​សម្រាល​ទោសទណ្ឌ​ដល់​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ និង​បើកផ្លូវ​ឲ្យ​បុគ្គល​រូប​នេះ​បាន​រួច​ផុត​ពី​ទោសទណ្ឌ​ត្រឹម​សារភាព​កំហុសឆ្គង​ និង​សុំ​ទោស​ ដ្បិត​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ អាច​ជា​មនុស្ស​សំខាន់​ ជា​មនុស្ស​មាន​អត្ថប្រយោជន៍​សម្រាប់​ជនខិលខូច​មួយ​ចំនួន​ក្នុង​ជួរ​មន្ត្រីរាជការ​របស់​បុរស​ខ្លាំង​ និង​សម្តេច​សង្ឃ​ ទើប​គេ​អាច​កែ​ច្នៃ​ឲ្យ​សម្តី​របស់​បុគ្គល​ខ្លាំង​ក្លាយជា​ឥត​ន័យ​ខ្លឹមសារ​ ពោល​គឺ​បាន​ត្រឹមតែ​និយាយ​ចោល​ ។​

​ឥឡូវនេះ​ សំណុំរឿង​ក្តៅ​គគុក​ពា​ក់ព័ន្ធ​នឹង​បុគ្គល​ឈ្មោះ​ ធាន​ វុ​ទ្ធី​ ត្រូវ​បាន​បិទ​បញ្ជ​ប់​ហើយ​ត្រឹម​បុគ្គល​រូប​នេះ​បាន​រួចខ្លួន​ផុត​ពី​សំណាញ់​ច្បាប់​វិល​ត្រឡប់​ចូល​វត្ត​ទួល​ព្រះរាជា​វិញ​ ខណៈ​ប្រកាស​ក្តែ​ងៗ​របស់​បុរស​ខ្លាំង​ដែល​ថា​ តាម​ចាប់ខ្លួន​ និង​"​វាយ​ខ្នោះ​"​លើ​បុគ្គល​ ធាន​ វុ​ទ្ធី​ នោះ​ប្រែជា​គ្មាន​តម្លៃ​បាន​ត្រឹម​និយាយ​ឲ្យ​តែ​រួច​ផុត​ពី​មាត់​ប៉ុណ្ណោះ​ ៕​

 

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.