ថ្ងៃ ពុធ ទី ២៩ ខែ មិថុនា ឆ្នាំ ២០២២

បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​បក្ស​ប្រឆាំង​៥៥​នាក់​នឹង​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​នៅ​ថ្ងៃស្អែក​

​ដោយ​មិន​បង្អែបង្អង់​យូរ​តទៅ​ទៀត​ បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ចំនួន​៥៥​នាក់​ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​តែ​មួយ​គត់​នៅ​កម្ពុជា​បច្ចុប្បន្ន​នោះ​ បាន​សម្រេច​នឹង​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ ស្រប​តាម​មាត្រា​៨២​ថ្មី​ ឧ​ប​សម្ព័ន្ធ​ទី​៥​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ង​ស្អែក​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១៦​រសៀល​ខាង​មុខ​ នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ព្រះ​បរមរាជវាំង​នា​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​ ។​

​ការណ៍​ដែល​ក្រសួងព្រះបរមរាជវាំង​កំណត់​កាលបរិច្ឆេទ​រៀបចំ​ពិធី​សច្ចាប្រណិធាន​ជូន​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ចំនួន​៥៥​នាក់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃស្អែក​ ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៤​នោះ​ គឺ​បន្ទាប់​ពី​ឯកឧត្តម​ សម​ រ​ង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៅ​មណ្ឌល​ខេត្តកំពង់ចាម​ បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​០៤​ ខែសីហា​ ឆ្នាំ​២០១៤​ជម្រាប​ជូន​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ចាត់ចែង​រៀបចំ​ដើម្បី​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​នាក់​ បាន​ចូល​ធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះមហាក្សត្រ​ ។​ ក្រោយមក​ ឯកឧត្តម​ ឡេ​ង​ ប៉េង​ឡុ​ង​ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​ បាន​ធ្វើ​លិខិតផ្លូវការ​ចុះ​ថ្ងៃ​ដដែល​ គោរព​ជូន​សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ ស្នើ​សុំ​មេត្តា​ពិនិត្យ​ និង​រៀបចំ​ពិធី​សច្ចាប្រណិធាន​ជូន​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៥​នាក់​ នៅ​កាលបរិច្ឆេទ​ដ៏​សមគួរ​ ។​

​យោង​តាម​ព្រះរាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះមហាក្សត្រ​ និង​លិខិត​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​នោះ​ ឯកឧត្តម​ គុយ​ សុផល​ ទេស​រដ្ឋមន្ត្រី​ ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​ក្រសួងព្រះបរមរាជវាំង​ បាន​ចេញ​លិខិត​ចុះ​ថ្ងៃ​ដដែល​ជម្រាប​ជូន​ឯកឧត្តម​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​វិញ​ ដោយ​បាន​បញ្ជាក់​ថា​ "​ក្រសួងព្រះបរមរាជវាំង​បាន​ត្រៀម​ និង​រៀបចំ​ពិធី​សច្ចាប្រណិធាន​ជូន​អ្នកតំណាង​រាស្ត្រ​នីតិកាល​ទី​៥​ចំនួន​៥៥​រូប​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ ក្រោម​ព្រះ​រាជាធិបតី​ភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៅ​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៤​ វេលា​ម៉ោង​១៦​រសៀល​ នៅ​លើ​ព្រះ​ទីនាំង​ទេវាវិនិច្ឆ័យ​ក្នុង​ព្រះ​បរមរាជវាំង​"​ ។​

​អនុលោម​តា​មាត្រា​៨០,​ មាត្រា​៨២​ឆ្នាំ​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​មាត្រា​២,​ មាត្រា​៤​ នៃ​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​តំណាងរាស្ត្រ​ គឺ​ក្រោយ​ពេល​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​ទាំង​៥៥​នាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ធ្វើ​សច្ចាប្រណិធាន​រូ​ច​ហើយ​ នឹង​ត្រូវ​ទទួល​បាន​អភ័យឯកសិទ្ធិ​សភា​ពេញលេញ​ និង​ក្លាយជា​តំណាង​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ ៕​

CNRP-Angkor-Wat-4CNRP-CPP-04-08-15CNRP-CPP-04-08-14 CNRP-CPP-04-08

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.