កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ ម្សិលមិញនេះ អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ហៅកាត់ថា “ អាជ្ញាធរអប្សរា ” ដែលមានឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងត្រូវជាដន្លងដងស្នែងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន បានធ្វើការបំភ្លឺបញ្ជាក់ទាក់ទងនឹងការកាប់រំលំដើមត្នោត ដែលជារុក្ខជាតិនិមិត្តរូប នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២ដើម នៅមុខប្រាង្គប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញរបស់កម្ពុជា ក្រោយមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់មជ្ឈដ្ឋានប្រជារាស្ត្រទូទៅ ដូចខាងក្រោម ៖
រមណីយដ្ឋានអង្គរ បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ អាស្រ័យដោយតម្លៃលេចធ្លោ ជាសកលរបស់រមណីយដ្ឋាននេះ ។ ដូច្នេះ ការគ្រប់គ្រងរមណីយដ្ឋានអង្គរ ជាបឋមត្រូវតែថែរក្សា ការពារតម្លៃលេចធ្លោជាសកលនេះឲ្យនៅគង់វង្សជារៀងរហូត និងត្រូវអនុលោមតាមគោលការណ៍សំខាន់ៗ នៃការគ្រប់គ្រងបេតិកភណ្ឌពិភពលោក ដែលនៅពេលនេះ អាជ្ញាធរអប្សរា សូមលើកតែគោលការណ៍ពីរ មកបរិយាយជូនតែប៉ុណ្ណោះ គឺ៖
ភាពដើមបរិសុទ្ធរបស់ប្រាសាទ និងបូរណភាពរបស់រមណីយដ្ឋាន ។ តាមគោលការណ៍ខាងលើ ការងារអភិរក្សរមណីយដ្ឋាន មិនសំដៅតែការអភិរក្សប្រាសាទប៉ុណ្ណោះទេ គឺត្រូវអភិរក្សផងដែរ នូវទេសភាពវប្បធម៌ ដែលមានលក្ខណៈបរមបុរាណ ពោលគឺអភិរក្សព្រៃឈើ ផ្លូវថ្នល់ បារាយណ៍ កសិណទឹក ប្រឡាយ ដែលបានកសាងដោយស្ថាបត្យករ វិស្វករសម័យអង្គរ ហើយដែលចូលរួមជាមួយនឹងប្រាសាទនានាបង្កើតតម្លៃលេចធ្លោជាសកលរបស់រមណីយដ្ឋានអង្គរ ដើម្បីរក្សាភាពសុខដុមរមនារវាងប្រាង្គប្រាសាទ និងធម្មជាតិ ។ ក្រៅពីការអភិរក្សបេតិកភណ្ឌរូបីខាងលើ ដោយមិនទាន់និយាយពីការអភិរក្សបេតិកភណ្ឌអរូបី នៅត្រូវធ្វើការលើកតម្លៃរមណីយដ្ឋានថែមទៀត ។ ឧទាហរណ៍ ផ្លូវថ្នល់ខ្លះ ដែលកសាងក្រោយសម័យអង្គរ ហើយប៉ះពាល់ដល់កិច្ចការពារបេតិកភណ្ឌ ប៉ះពាល់ដល់គោលការណ៍សំខាន់ៗពីរ នៃការគ្រប់គ្រងបេតិកភណ្ឌ ដូចលើកឡើងនៅខាងលើ ត្រូវតែធ្វើការកែតម្រូវ និងលើកតម្លៃ ឡើងវិញ ។ ជាក់ស្ដែងនៅប្រាសាទបន្ទាយស្រី កាលមុនផ្លូវថ្នល់រត់ក្បែរប្រាសាទ ភ្ញៀវចុះពីយានជំនិះដើរចូលប្រាសាទ ដោយពុំមានឱកាសបានទស្សនាពីចម្ងាយ និងចំពីមុខប្រាសាទ ពោលគឺពុំបានឃើញរូបភាពប្រាសាទក្នុងទិដ្ឋភាពគួរឲ្យកោតស្ញប់ស្ញែងពីចម្ងាយឡើយ ។
អាជ្ញាធរអប្សរា បានកសាងផ្លូវថ្មីមួយខ្សែឃ្លាតឆ្ងាយពីប្រាសាទជាបង្គួរ ដើម្បីមានកន្លែងសមរម្យ អាចរៀបចំចំណតយានជំនិះឆ្ងាយជាបង្គួរពីប្រាសាទ កន្លែងលក់ដូរ កន្លែងស្វាគមន៍ភ្ញៀវ កន្លែងផ្សព្វផ្សាយព័ត៌មានពីប្រាសាទ និង សេវាដទៃទៀតសម្រាប់ភ្ញៀវ ។ ការរៀបចំទីលាននៅមុខប្រាសាទបន្ទាយស្រី ទទួលបានការកោតសរសើរពីភ្ញៀវ ភាគច្រើនលើសលប់ និងទទួលបានការពេញចិត្តពីអ្នកជំនាញបេតិកភណ្ឌនានា ។ ផ្អែកលើបទពិសោធន៍នេះ អាជ្ញាធរអប្សរា មានគម្រោងបង្កើតទីលានមួយចំនួនទៀត នៅតាមទីតាំងប្រាសាទសំខាន់ៗ ហើយដំបូងគេ គឺប្រាសាទអង្គរវត្ត។
គម្រោងទីលានមុខប្រាសាទអង្គរវត្ត ទទួលបានការអនុម័តផ្នែកបច្ចេកទេសពីគណៈកម្មាធិការសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ( ICC-Angkor ) ហើយកំពុងដំណើរការជាបណ្ដើរៗមកហើយ ។ ចំណតយានជំនិះ បានកសាងរួចនៅចម្ងាយប្រហែល ៣០០ម៉ែត្រ នៅខាងមុខប្រាសាទអង្គរវត្ត ។ តាមគម្រោងនេះ ផ្លូវថ្នល់ពីចំណតយានជំនិះ មកស្ពានហាលចូលប្រាសាទអង្គរវត្ត ត្រូវប្រើប្រាស់ជាផ្លូវដើរ ហើយសម្រាប់រថយន្ត ម៉ូតូ ត្រូវប្រើផ្លូវផ្សេង ដែលបានរៀបចំរួចហើយ ។ ផ្លូវដើរនេះ មានសារសំខាន់ណាស់ បង្កលក្ខណៈភ្ញៀវទេសចរ អាចគយគន់ទស្សនាប្រាង្គប្រាសាទច្បាស់ល្អ តាំងពីពេលចេញពីចំណតមក។ អាជ្ញាធរអប្សរា បានពិគ្រោះយោបល់ជាមួយអ្នកជំនាញការរបស់ ICC-Angkor លើករណីកូនត្នោត ពីរដើម ដែលបានដាំកាលពីប៉ុន្មានឆ្នាំមុន កាន់តែធំឡើងៗ រំខានការទស្សនាប្រាសាទពីចម្ងាយ ហើយអ្នកជំនាញការបានផ្ដល់យោបល់ថា គួរតែយកចេញ ទើបភ្ញៀវទេសចរ អាចមើលឃើញប្រាសាទអង្គរ ពីចម្ងាយបានល្អ ។ ហេតុដូច្នេះហើយបានជាមានការកាប់កូនត្នោត ពីរដើម នេះចេញ ។
សូមបញ្ជាក់ថា ការគ្រប់គ្រងរមណីយដ្ឋានអង្គរ ត្រូវឆ្លើយតបទៅនឹងគោលដៅពីរ ៖
ការគ្រប់គ្រងរុក្ខជាតិ ដើមឈើទាំងឡាយក្នុងឧទ្យានអង្គរ ត្រូវបានចុះបញ្ជីសារពើភណ្ឌ និងមានដាំស្លាកសញ្ញា ប្រាប់ឈ្មោះដើមឈើ ទៀតផង។ភ្នាក់ងារព្រៃឈើ របស់អាជ្ញាធរអប្សរា ធ្វើការតាមដានដើមឈើ យ៉ាងទៀងទាត់ ដើម្បីកំណត់ដើមឈើណា មានជំងឺ ដើមឈើណា អាចបង្កគ្រោះថ្នាក់ចំពោះប្រាសាទ ឬភ្ញៀវទេសចរ និងដើមឈើណា ធ្វើឲ្យប្រែក្លាយទេសភាពវប្បធម៌របស់រមណីយដ្ឋាន។
ការរៀបចំផ្លូវថ្នល់ ផ្លូវថ្នល់ ដែលបានកសាងឡើងកាលសម័យអាណានិគមបារាំង លែងស្របនឹងសេចក្ដីត្រូវការក្នុងការអភិវឌ្ឍទេសចរណ៍សម័យនេះហើយ ។ ផ្លូវខ្លះ បានកសាងឡើងដើម្បីបំពេញសេចក្ដីត្រូវការ ក្នុងការជួសជុលប្រាសាទ មិនមែនសម្រាប់ចរាចរ ដ៏មមាញឹកដូចបច្ចុប្បន្ននេះទេ ជាពិសេសនៅមុខស្ពានហាល ចូលប្រាសាទអង្គរវត្ត និងមុខខ្លោងទ្វារ ចូលប្រាសាទតាព្រហ្ម ពីខាងលិច ។ រីឯ នៅប្រាសាទប្រែរូបវិញ ផ្លូវថ្នល់រត់កាត់លើរចនាសម្ព័ន្ធមួយផ្នែករបស់ប្រាសាទ តែម្ដង។
អាជ្ញាធរអប្សរា មានការចាំបាច់ត្រូវកសាងផ្លូវវាងមួយចំនួន និងរៀបចំទេសភាពវប្បធម៌ឡើងវិញ ដើម្បីលើកតម្លៃបេតិកភណ្ឌអង្គរទាំងមូល ពោលគឺលើកតម្លៃប្រាង្គប្រាសាទ និងរុក្ខជាតិ ៕