ថ្ងៃ អាទិត្យ ទី ១៤ ខែ សីហា ឆ្នាំ ២០២២

យុវជន​ដែល​ធ្លាប់​ប្តឹង​បុរស​ខ្លាំង​ទៅ​តុលាការ​រឿង​កាត់​ដី​ឲ្យ​យួន​ត្រូវ​បាន​ប៉ូលិស​ចាប់ខ្លួន​

​យុវជន​ នាង​ សុ​ឃុន​ អាយុ​២៥​ឆ្នាំ​ ជា​ហេរញ្ញិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ដែល​ធ្លាប់​ចេញ​មុខ​ប្តឹង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ ជា​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដ៏​មាន​អំណាច​ទៅ​ស្ថាប័ន​តុលាការ​ ពី​បទ​កាត់​ទឹកដី​កម្ពុជា​ឲ្យ​ទៅ​ប្រទេស​វៀតណាម​ និង​ក្លែងបន្លំ​ឯកសារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​វៀតណាម​មក​រស់នៅ​លើ​ទឹកដី​កម្ពុជា​ខុសច្បាប់​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​០២​ ខែ​ក​សីហា​ ឆ្នាំ​២០១៤​នេះ​ ក្នុង​សំណុំរឿង​អំពើ​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ជា​ច្រើន​នាក់​ កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​ទៅ​ ។​

​ក្រៅពី​យុវជន​ នាង​ សុ​ឃុន​ គឺ​មាន​យុវជន​ចំនួន​២​នាក់​ទៀត​ឈ្មោះ​ សាន​ គឹ​ម​ហេង​ ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ ខណ្ឌទួលគោក​ និង​ឈ្មោះ​ ឃិ​ន​ ជំរឿន​ ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​ ក៏​ត្រូវ​បាន​ចាប់ខ្លួន​ផង​ដែរ​ ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ ។​

​ករណី​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​ បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​ជា​ច្រើន​នាក់​កាលពី​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៤​កន្លង​មក​នោះ​ គឺ​បាន​ធ្វើ​ឲ្យ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៧​នាក់​ និង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​ទៀត​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ និង​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​បណ្តោះអាសន្ន​ជា​បន្តបន្ទាប់​ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ បន្ទាប់​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ជា​គណបក្ស​កាន់កាប់​អំណាច​ផ្តាច់មុខ​នៅ​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ជា​គណបក្ស​នយោបាយ​ប្រឆាំង​ដ៏​ធំ​មួយ​គត់​នៅ​កម្ពុជា​ បាន​ត្រូវរ៉ូវ​គ្នា​ខាង​នយោបាយ​ ក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ទី​២២​ ខែកក្កដា​ ឆ្នាំ​២០១៤​ ។​

​សូម​រំលឹក​ជូន​ថា​ យុវជន​ឈ្មោះ​ នាង​ សុ​ឃុន​ អាយុ​២៥​ឆ្នាំ​ គឺជា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ទី​២​ បន្ទាប់​ពី​យុវជន​ឈ្មោះ​ សួង​ សុ​ភ័​ណ្ឌ​ អាយុ​២៦​ឆ្នាំ​ ជា​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មណ្ឌល​ខេត្ត​ប៉ៃលិន​ សម្រាប់​នីតិកាល​ទី​៥(​មិន​បាន​ជាប់​ឆ្នោត​ទេ​)​ ដែល​បាន​ចេញ​មុខ​ប្តឹង​បុរស​ខ្លាំង​ទៅ​តុលាការ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ ប៉ុន្តែ​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​តម្កល់​រឿង​ទុក​ឥត​ចាត់ការ​រៀង​រហូត​មក​ ពោល​មិន​អាច​ឈ្នះក្តី​លើ​បុរស​ខ្លាំង​បាន​ឡើយ​ ៕​

Neang-Sokhun

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.